ជាតិ
ហុងកុង ចង់បន្ថែមការនាំចូលអង្ករពីកម្ពុជា ខណៈជប៉ុន ចាប់អារម្មណ៍ដាំដំណាំ ដើម្បីកែច្នៃនាំចេញ
20, Sep 2023 , 8:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយ Nishida Barley Processing Co
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយ Nishida Barley Processing Co
ភ្នំពេញ៖​ ហុងកុង ចង់ពង្រីកការនាំចូលអង្ករពីកម្ពុជា ខណៈជប៉ុន ចាប់អារម្មណ៍លើការដាំ «ស្គួយ-Barley» ដែលដំណាំប្រភេទថ្មី ដើម្បីកែច្នៃនាំចេញ។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម គាំទ្រចំពោះគម្រោងទាំងនេះ ប៉ុន្តែ លោកចង់ឱ្យក្រុមហ៊ុនជប៉ុន ងាកមកវិនិយោគលើដំណាំដែលកម្ពុជាកំពុងមានវិញ។


 
គម្រោងទាំងពីរនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Pricerite Group Limited មកពីហុងកុង និងក្រុមហ៊ុន Nishida Barley Processing Co., Ltd របស់ជប៉ុន កាលពីថ្ងៃទី១៩ កញ្ញា នៅទីស្ដីការក្រសួងកសិកម្ម។ 
 
បើតាម តំណាងក្រុមហ៊ុន Pricerite Group Limited នាពេលបច្ចុប្បន្ន ហុងកុង កំពុងស្វែងរកទីផ្សារនាំចូលអង្ករបន្ថែមពីប្រទេសផ្សេងៗ ក្នុងនោះក៏មានកម្ពុជា​ផងដែរ។ ការជ្រើសយកកម្ពុជា ​ដោយសារតែអង្ករមានគុណភាពល្អ រសជាតិឆ្ងាញ់ ដែលកន្លងទៅបានឈ្នះពានរង្វាន់រហូតដល់៥ដង ផងដែរ។
 
នាឱកាសនោះ លោក ឌិត ទីណា បានប្រាប់ទៅកាន់ក្រុមហ៊ុនថា គោលជំហរក្នុងការនាំចេញអង្កររបស់កម្ពុជា គឺផ្ដោតលើគុណភាព និងរសជាតិ ដោយមិនផ្ដោតលើការប្រកួតប្រជែងផ្នែកបរិមាណនោះទេ។ ដូច្នេះ ក្រុមហ៊ុនគួរតែនាំចូល អង្ករសែនក្រអូប និងផ្តារំដួល ដែលជាប្រភេទអង្ករយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យអង្ករកម្ពុជាមានតម្រូវការកាន់តែច្រើនពីពលរដ្ឋហុងកុង និងឈានទៅរកការគាំទ្រផ្នែកទីផ្សារ និងម៉ាកសញ្ញាដែលបង្ហាញពីអត្តសញ្ញាណអង្ករកម្ពុជាពិតប្រាកដ។
 
ចំណែក ក្រុមហ៊ុន Nishida Barley Processing Co., Ltd របស់ជប៉ុនវិញ បានលើកឡើងពីគោលបំណងចង់ដាំដុះ«ស្គួយ-Barley» ដែលជាដំណាំប្រភេទថ្មីនៅកម្ពុជា ហើយកែច្នៃនាំចេញទៅប្រទេសខ្លួន។
 
លោក ឌិត ទីណា បានបញ្ជាក់ទៅកាន់ក្រុមហ៊ុនថា អាទិភាពនៃការអភិវឌ្ឍកសិកម្មនៅកម្ពុជា គឺជំរុញកសិផលដែលមានសក្តានុពល និងមានទីផ្សារស្រាប់ ដើម្បីធ្វើឱ្យកសិករមានប្រាក់ចំណូល និងមានជីវភាពល្អប្រសើរជាងមុន។ កម្ពុជាមានភាពខ្លាំងលើដំណាក់កាលផលិតកម្ម និងការដាំដុះនៃច្រវាក់ផលិតកម្ម ប៉ុន្តែខ្វះការវិនិយោគ និងកែច្នៃសម្រាប់នាំចេញ។
 
ប្រសិនបើ ក្រុមហ៊ុន ចង់សិក្សាពីការដាំដុះលើដំណាំថ្មីនេះ ក្រសួងកសិកម្មនៅតែសហការ និងគាំទ្រ ប៉ុន្តែ ក្រុមហ៊ុន ត្រូវធានាបាននូវនិរន្តរភាពទីផ្សារធំទូលំទូលាយ និងផ្តល់ប្រាក់ចំណេញយូរអង្វែង ទើបមានការចូលរួមពីកសិករ៕ 
 

Tag:
 កសិកម្ម
  ដំណាំស្គួយ
  លោក ឌិត ទីណា
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com