ជាតិ
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ធ្លាក់ចុះ១៥ភាគរយ នា៨ខែនេះ
21, Sep 2023 , 9:29 pm        
រូបភាព
រូបភាព ផ្ដល់ដោយ លោក អួន ស៊ីឡុត
រូបភាព ផ្ដល់ដោយ លោក អួន ស៊ីឡុត
ភ្នំពេញ៖ រយៈពេល ៨ខែ នេះ កម្ពុជា​ផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ ៦៣.៤ម៉ឺនតោន ក្នុងនោះ នាំចេញទៅវៀតណាម ៦០.៧ម៉ឺនតោន ដោយទទួលបានចំណូល ៨២០លានដុល្លា។ បរិមាណនាំចេញនេះ បានថយចុះ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។



បើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ការនាំចេញស្វាយចន្ទីធ្លាក់ចុះ បណ្ដាលមកពីវិបត្តិអាកាសធាតុ។ បញ្ហានេះ កំពុងបំផ្លាញទិន្នផលស្វាយចន្ទី ខណៈកសិករមួយចំនួនមិនអាចប្រឈមមុខបាន ក៏សម្រេចបោះបង់ ឬកាប់ដើមចោលតែម្ដង។
 
ការប្រែប្រួលអាកាសធាតុបានកើនឡើងខ្លាំងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីជាមធ្យមធ្លាក់ចុះពី ៣០ទៅ ៤០ភាគរយ។ នេះជាអះអាងរបស់ លោក អួន ស៊ីឡុត ដោយបន្ថែមថា៖«ការប្រែប្រួលអាកាសធាតុនេះ គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់វិស័យស្វាយចន្ទីកម្ពុជា រយៈពេល៤ឆ្នាំចុងក្រោយនេះ។ ដែលប៉ះពាល់ខ្លាំងបំផុត គឺនៅឆ្នាំ២០២២ ហើយ២០២៣ ក៏ប៉ះពាល់ដែរ ប៉ុន្តែ វាកើតឡើងតាមតំបន់ប៉ុណ្ណោះ។ អ៊ីចឹង! វាពិតជាគួរឱ្យធុញទ្រាន កសិករយើងកាប់ដើមស្វាយចន្ទីចោល»។
 
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែ ក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃ កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ ២០២១ មាន៨០ម៉ឺនហិកតា។ 
 
នៅខែសីហា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧០០០ ទៅ៧៥០០រៀលក្នុងមួយគីឡូក្រាម ឬស្មើ ១៩០០ដុល្លារ ក្នុងមួយតោន។ តម្លៃនេះ ហាក់ឡើងខ្ពស់បន្តិច ធៀបនឹងតម្លៃមធ្យម ១៦៥៨ ដុល្លារ ក្នុងមួយតោន៕ 
 

Tag:
 កសិកម្ម
  ស្វាយចន្ទី
  អួន ស៊ីឡុត
© រក្សាសិទ្ធិដោយ thmeythmey.com