ជាតិ
អត្ថបទពាណិជ្ជកម្ម
តិចនិចសម្រាប់កាត់បន្ថយស្ត្រេសនៅកន្លែងការងារ
22, Sep 2023 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
ការបំពេញការងារប្រចាំថ្ងៃគឺតែងតែជួបនូវបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ និងអាចធ្វើឱ្យយើងមានអារម្មណ៍ថាមានសម្ពាធ ស្ត្រេស និងពិបាកក្នុងការប្រមូលអារម្មណ៍ធ្វើការ។ បញ្ហាស្ត្រេស ត្រូវបានជួបជាញឹកញាប់ ដែលមនុស្សមួយចំនួនអាចឈានទៅដល់ការឈឺក្បាលជាប្រចាំ និងរ៉ាំរ៉ៃទៀតផង។
 
ខាងក្រោមនេះគឺជាតិចនិចមួយចំនួនដែលអាចជួយសម្រួលការស្ត្រេស និងឈឺក្បាលបាននៅពេលធ្វើការ៖ 
 


១. សម្រាកពីកិច្ចការស្មុគស្មាញរយៈពេលខ្លីសិន៖ ការធ្វើបែបនេះអាចជួយបន្ធូរអារម្មណ៍តានតឹងបានមួយកម្រិត ដោយអាចឱ្យខួរក្បាលបានសម្រាកខ្លះ។ នៅពេលដែលយើងប្រឹងផ្ដោតលើកិច្ចការនោះរយៈពេលយូរពេក សមត្ថភាពនៃការប្រមូលអារម្មណ៍របស់យើងនឹងថយចុះ ជួនកាលអាចនឹងធ្វើឱ្យយើងឈឺក្បាលទៀតផង។ ផ្ទុយទៅវិញ ការគិតរបស់យើងទៅលើកិច្ចការនោះអាចនឹងកាន់តែប្រសើរ បន្ទាប់ពីការសម្រាករយៈពេលខ្លី។ 
 
២. ធ្វើចលនាខ្លួនប្រាណ៖ ទន្ទឹមនឹងការសម្រាកខួរក្បាល ចលនារាងកាយក៏អាចឱ្យអ្នកបន្ថយស្ត្រេសបានដែរ។ អ្នកគួរតែឧស្សាហ៍ធ្វើការពត់ពេនខ្លួន និងក្រោកឈរ ដើរ ប្រើប្រាស់បន្ទប់ទឹក ទៅឆុងកាហ្វេ ឬតែ ដើម្បីឱ្យរាងកាយបញ្ចេញចលនាខ្លះ។ បើអ្នកអង្គុយជាប់រហូតនោះ មិនត្រឹមតែធ្វើឱ្យអ្នកស្ត្រេសនោះទេ តែអ្នកក៏អាចងាយប្រឈមនឹងការឈឺចុករួយតាមសាច់ដុំ ក ស្មា ខ្នង និងចង្កេះផងដែរ។ 
 


៣. អនុវត្តចលនាដង្ហើម៖ ការដកដង្ហើមវែងៗ អាចបញ្ចេញកាបូនឌីអុកស៊ីត និងស្រូបយកអុកស៊ីសែនទៅក្នុងសួត រួចចែកចាយបន្ដទៅកាន់សរីរាង្គផ្សេងៗតាមរយៈចរន្ដឈាម។ ការណ៍ដែលខួរក្បាលទទួលបានអុកស៊ីសែនគ្រប់គ្រាន់គឺ ពិតជាសំខាន់ដើម្បីអាចឱ្យវាបំពេញតួនាទីបានដោយល្អប្រក្រតី។ សញ្ញាដែលបង្ហាញថាអ្នកដកដង្ហើមវែងមិនគ្រប់គ្រាន់ល្អគឺមានដូចជា អ្នកឧស្សាហ៍ស្ងាប អ្នកដកដង្ហើមរាក់ដោយគ្រាន់តែរីក និងផតទ្រូងប៉ុណ្ណោះ មិនមែនដកដង្ហើមអស់ពីពោះ។ 
 
៤. ដាំរុក្ខជាតិបៃតង៖ ការដាំដុះរុក្ខជាតិតូចៗ ដូចជាប្រទាលនៅលើតុ ឬរុក្ខជាតិដើមក្នុងថូ ឬផើងមានផលប្រយោជន៍ច្រើននៅក្នុងកន្លែងធ្វើការ។ រុក្ខជាតិទាំងនេះមិនត្រឹមតែជួយបញ្ចេញនូវខ្យល់អុកស៊ីសែនសម្រាប់មជ្ឈដ្ឋានការងារទេ រុក្ខជាតិខ្លះអាចនឹងជួយបន្សុទ្ធខ្យល់ និងបណ្ដេញជាតិពុលទៀតផង។ លើសពីនេះទៀត រុក្ខជាតិបៃតងក៏អាចជួយឱ្យយើងមានអារម្មណ៍ធូរស្រាលផងដែរ។
 
៥. ផឹកទឹកឱ្យបានច្រើន៖ ការរក្សាជាតិទឹកក្នុងខ្លួនគឺជារឿងសំខាន់សម្រាប់សារពាង្គកាយយើងក្នុងដំណើរប្រព្រឹត្តទៅប្រចាំថ្ងៃ។ ការបាត់បង់ជាតិទឹក អាចធ្វើឱ្យកម្រិតអរម៉ូនករទីសុល (Cortisol) ដែលជាអរម៉ូនស្ត្រេសកើនឡើង ហើយជួនកាលអាចនឹងធ្វើឱ្យយើងឈឺក្បាល និងហត់អស់កម្លាំងទៀតផង។ មនុស្សមួយចំនួនតែងតែភ្លេចទទួលទានទឹក ជាពិសេសនៅពេលជាប់រវល់ជាមួយការងារ ដែលបណ្ដាលឱ្យយើងងាយនឹងមានបញ្ហាស្ត្រេស៕
 
ប្រភព៖ 

សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង ឱសថការី លីណ្ណា ជិញជិញ

© រក្សាសិទ្ធិដោយ thmeythmey.com