ជាតិ
ក្រសួងមហាផ្ទៃ បកស្រាយពីការតែងតាំងមន្ត្រីម្នាក់ ជានាយរងការិយាល័យ ក្រោយរងការរិះគន់
22, Sep 2023 , 10:59 am        
រូបភាព
ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មានមួយ ជុំវិញការតែងតាំង និងដំឡើងឋានន្តរស័ក្តិលោក​វរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ ជានាយរងការិយាល័យ នៃអគ្គនាយកដ្ឋានភស្តុភារ។ ការបកស្រាយរបស់ក្រសួងមហាផ្ទៃនេះ ក្រោយពីមានការរិះគន់តាមបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាថា បុគ្គលរូបនេះ ទើបតែចូលបំពេញការងារ បាន៣ឆ្នាំប៉ុណ្ណោះ ស្រាប់តែឡើងស័ក្តិ៤ និងជានាយរងការិយាល័យ។



ឆ្លើយតបការរិះគន់នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ការតែងតាំង និងដំឡើងឋានន្តរស័ក្តិដល់លោក ច័ន្ទវិចិត្រ គឺត្រឹមត្រូវស្របតាមលក្ខខណ្ឌមន្ត្រីនគរបាលជាតិ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បកស្រាយទៀតថា បុគ្គលរូបនេះ មានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបានតួនាទី និងមុខតំណែង ស្របតាមលក្ខខណ្ឌ ដោយរូបគេមានការគោរពវិន័យ មានក្រមសីលធម៌ មានសមត្ថភាពបំពេញការងារ ចេះទំនាក់ទំនង និងមានចំណេះដឹង។
 
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺការពារជំហរលើការសម្រេចចិត្តតែងតាំង និងដំឡើងឋានៈដល់មន្ត្រីនគរបាល កាលពីថ្ងៃទី២១ កញ្ញា ដូច្នេះថា៖« ក្នុងករណីមន្ត្រីនគរបាលជាតិរូបណាម្នាក់ បានបំពេញការងារមានស្នាដៃល្អពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ ដោយពុំគិតពីលក្ខខណ្ឌ និងអតីតភាពឡើយ»។
 
លោក ឡេង ច័ន្ទវិចិត្រ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជសាស្រ្ត និងបានបញ្ចប់វគ្គសិក្សាបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល តាមការកំណត់របស់ក្រសួងមហាផ្ទៃ។ មុននឹងជាប់ក្របខណ្ដជាមន្ត្រីនគរបាលផ្នែកសន្តិសុខសាធារណៈ មន្ត្រីរូបនេះ ធ្លាប់ជាមន្រ្តីកិច្ចសន្យាផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០១៦មក។ នេះបើតាមក្រសួងមហាផ្ទៃ ដែលប្រើសិទ្ធិការពារខ្លួនស្របតាមច្បាប់ ក្នុងការបកស្រាយឆ្លើយតប ទៅនឹងការចុះផ្សាយនានា ដែលក្រសួងចាត់ទុកថា ផ្ទុយពីការពិត។
 
ជាមួយគ្នានេះ អ្នកនាំពាក្យដដែល អះអាងថា ក្រសួងមហាផ្ទៃ កំពុងកំណែទម្រង់ ដើម្បីប្រសិទ្ធភាពក្នុងការបម្រើឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕
 

Tag:
 នគរបាល
  សន្តិសុខជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com