កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី៖ ក្រុមបាល់ទាត់ចិន កូរ៉េខាងត្បូង និង៥ក្រុមទៀត កក់កៅអីទៅវគ្គ១៦ក្រុម
22, Sep 2023 , 11:19 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ម្ចាស់ផ្ទះចិន និងក្រុមការពារតំណែងជើងឯក កូរ៉េខាងត្បូង រួមជាមួយ៥ក្រុមទៀត កក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន បន្ទាប់ពីឆ្លងកាត់ការប្រកួត២លើកក្នុងវគ្គចែកពូល។ ចំណោម៧ក្រុមទៅវគ្គបន្ត ហុងកុង និង អ៊ូសបេគីស្ថាន ក្នុងពូល C បានកៅអីទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ ដ្បិតក្រុមក្នុងពូលចំនួនពីរ  ស៊ីរី និង អាហ្វហ្កានីស្ថាន បានដកខ្លួន។


ចិន បានបន្តឈ្នះមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុលើកទី២ ក្នុងពូល A។ មាន៦ពិន្ទុពេញពីការប្រកួត២លើក ម្ចាស់ផ្ទះចិនបានកៅអីទៅវ​គ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ទោះនៅសល់១ប្រកួតទៀត។
 
ក្នុងពូល A នេះដែរ ឥណ្ឌាបានយកឈ្នះបង់ក្លាដែស ១-០ សម្រាប់ជំនួបទី២របស់ពួកគេ។ ជ័យជម្នះបានជួយឥណ្ឌា មានឱកាសប្រជែងយកលេខ២ក្នុងពូល នៅពេលប៉ះមីយ៉ាន់ម៉ានៅជំនួបចុងក្រោយ ស្របពេលបង់ក្លាដែសពិបាកនឹងរកឱកាសទទួលបានលេខ៣ល្អបំផុតដើម្បីទៅវគ្គបន្ត។ ឆ្លងកាត់ការប្រកួត២លើក ចិនឈរកំពូលតារាងមាន៦ពិន្ទុ តាមពីក្រោយដោយឥណ្ឌា និងមីយ៉ាន់ម៉ាដែលមាន៣ពិន្ទុដូចគ្នា ខណៈបង់ក្លាដែសនៅបាតតារាងគ្មានពិន្ទុរាប់។ ជំនួបចុងក្រោយ ឥណ្ឌាជួបមីយ៉ាន់ម៉ា ឯម្ចាស់ផ្ទះចិន ប៉ះបង់ក្លាដែស។
 
ម្ចាស់ការពារជើងឯកកូរ៉េខាងត្បូង បានកៅអីទៅវគ្គ១៦ក្រុម ក្រោយឈ្នះថៃ ៤-០ នៅជំនួបទី២ពូល E ស្របពេលកូវ៉ែត ស្មើបារ៉ែន ១-១។ ឆ្លងកាត់ប្រកួត២លើក កូរ៉េខាងត្បូងមាន៦ពិន្ទុពេញ បារ៉ែននៅលេខ២មាន២ពិន្ទុ តាមពីក្រោយដោយថៃ និងកូវ៉ែតដែលមាន១ពិន្ទុដូចគ្នា។ ជំនួបចុងក្រោយ កូរ៉េខាងត្បូងជួបបារ៉ែន ឯថៃកូវ៉ែត។  បារ៉ែន ថៃ និង កូវ៉ែត ត្រូវប្រជែងគ្នាយកលេខ២ និងលេខ៣ល្អក្នុងពូល ដើម្បីបានទៅវគ្គបន្ត។
 
ពូល B អ៊ីរង់ និងអារ៉ាប៊ីសាអូឌីត កក់កៅអីទៅវគ្គ១៦ក្រុម ស្របពេលវៀតណាមមានឱកាសចុងក្រោយដើម្បីដណ្តើមលេខ៣ល្អ។ អ៊ីរ៉ង ឈ្នះវៀតណាម ៤-០ ស្របពេលអារ៉ាប៊ីសាអូឌីតឈ្នះម៉ុងហ្គោលី ៣-០ ក្រោយឆ្លងកាត់ប្រកួតទី២ក្នុងពូល។ អ៊ីរង់ដែលឈរលេខ១បណ្តោះអាសន្ន មាន៤ពិន្ទុស្មើក្រុមលេខ២អារ៉ាប៊ីសាអូឌីត ស្របពេលវៀតណាមនៅលេខ៣មាន៣ពិន្ទុ និងម៉ុងហ្គោលីគ្មានពិន្ទុរាប់។ ជំនួបចុងក្រោយ វៀតណាម ជួបអារ៉ាប៊ីសាអូឌីត ស្របពេលអ៊ីរ៉ង់ប៉ះម៉ុងហ្គោលី។
 
កូរ៉េខាងជើង ដែលយកឈ្នះ កៀហ្ស៊ីស៊ីស្ថាន ១-០ នៅជំនួបទី២ពូល F ក៏ត្រូវបន្តទៅវគ្គ១៦ក្រុមដែរ ដ្បិតរកបាន៦ពិន្ទុពេញពីការប្រកួត២លើក។ ឥណ្ឌូណេស៊ី ចាញ់ ឆាយន្នីសតាយប៉ិ ១-០ ដែលធ្វើឱ្យក្រុមទាំងពីរនេះដែលមាន៣ពិន្ទុដូចគ្នា ប្រទាញប្រទង់គ្នាដើម្បីដណ្តើមលេ២ ឬលេខ៣ល្អបំផុត​ នៅជំនួបចុងក្រោយ។ ការប្រកួតកាត់ក្តីចុងក្រោយ កូរ៉េខាងត្បូងជួបឥណ្ឌូណេស៊ី ឯឆាយន្នីសតាយប៉ិ ប៉ះ កៀហ្ស៊ីស៊ីស្ថាន ដែលមានទាន់មានពិន្ទុរាប់។
 
ហុងកុង និង អ៊ូសបេគីស្ថាន ក្នុងពូល C ត្រូវប្រកួតគ្នាដើម្បីដណ្តើមយកលេខ១ ឬលេខ២ប៉ុណ្ណោះ ដ្បិតក្រុមទាំងពីរឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ក្រោយ ស៊ីរី និង អាហ្វហ្កានីស្ថាន បានដកខ្លួន។
 
ចំណោមក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំ ទាំង២១ក្រុមដែលចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩នៅចិននេះ មានក្រុម៥ប៉ុណ្ណោះដែលត្រូវត្រឡប់ទៅផ្ទះវិញ ស្របពេល១៦ក្រុមត្រូវបន្តប្រកួតនៅវគ្គខ្វែង។

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com