ជាតិ
គម្រោងហាវែស III ផ្ដល់ហិរញ្ញប្បទានឥតសំណង២៥ម៉ឺនដុល្លារ ដល់អ្នករកស៊ីក្នុងវិស័យកសិកម្ម
22, Sep 2023 , 2:23 pm        
រូបភាព
ហាងលក់រាយបន្លែ និងផ្លែឈើសុវត្ថិភាពដែលបានទទួលការគាំទ្រពីគម្រោងហាវែស។ រូបពី គម្រោងហាវែស
ហាងលក់រាយបន្លែ និងផ្លែឈើសុវត្ថិភាពដែលបានទទួលការគាំទ្រពីគម្រោងហាវែស។ រូបពី គម្រោងហាវែស
ភ្នំពេញ៖ គម្រោង​ហា​វែ​ស ​III ផ្ដល់ហិរញ្ញប្បទានឥតសំណង២៥ម៉ឺនដុល្លារ ដល់អ្នករកស៊ីក្នុងវិស័យកសិកម្ម។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ដែលគាំទ្រថវិការដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងគោលបំណងបង្កើនការវិនិយោគលើវិស័យកសិកម្មប្រកបដោយចីរភាព និងស្តង់ដារសុវត្ថិភាព។



កម្មវិធីនេះ ផ្ដល់អាទិភាពចំពោះវិស័យឯកជនមួយចំនួនដូចជា សហព័ន្ធកសិកម្ម សហជីពកសិកម្ម សហគមន៍កសិកម្ម តួអង្គទីផ្សារបែបទំនើប ដូចជា ផ្សារទំនើប ផ្សារកសិផល សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មដែលផ្តល់សេវាអាហារ ភេសជ្ជៈ និងហាងទំនិញកសិកម្មតាមប្រព័ន្ធអនឡាញ។ ក្រៅពីនោះ ក៏មានអ្នកវិនិយោគ ឬអង្គការមិនរកប្រាក់ចំណេញដែលមានបំណងសហការវិនិយោគលើស្តង់ដារសុវត្ថិភាពម្ហូបអាហារ សម្រាប់សមាជិកសហគមន៍ ដែលជាស្រ្តី យុវជន និង ពលរដ្ឋងាយរងគ្រោះ ដូចជា ជនជាតិដើមភាគតិច ជាដើម។
 
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គម្រោងហាវែស III កាលពីថ្ងៃទី១៩ ខែកញ្ញា ស្ថាប័នទាំងអស់ត្រូវតែចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ហើយអាចគ្រប់គ្រងដោយជនជាតិខ្មែរ ឬបរទេស។
ចំពោះ ក្រុមហ៊ុនទាំងឡាយណាដែលមិនប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់កម្ពុជាលើការកាប់បំផ្លាញព្រៃឈើ ឬកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ គឺមិនមានសិទ្ធិទទួលបានហិរញ្ញប្បទានពីគម្រោងហាវែស III ឡើយ។
 
តាមរយៈវិស័យឯកជននៅក្នុងប្រព័ន្ធទីផ្សារកសិកម្ម គម្រោងហាវែស III នឹងបង្កើតការងារ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ របបអាហារ និងសុខុមាលភាពទូទៅសម្រាប់ពលរដ្ឋកម្ពុជា ជាពិសេសស្រ្តី យុវជន និងជនងាយរងគ្រោះ៕ 
 

Tag:
 កសិកម្ម
  គម្រោង​ហា​វែ​ស ​III​
  USAID
© រក្សាសិទ្ធិដោយ thmeythmey.com