ជាតិ
វីដេអូ
ការ​ផលិត​ទឹក​ត្រីតាម​ស្ដង់ដារសុវត្ថិភាព អាចជួយឱ្យលោក លាង ឡេង រកប្រាក់ចំណេញ​ទ្វេដង
23, Sep 2023 , 9:00 am        
រូបភាព
លោក លាង ឡេង ម្ចាស់សហគ្រាសទឹកត្រី លាង ឡេង នៅរាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
លោក លាង ឡេង ម្ចាស់សហគ្រាសទឹកត្រី លាង ឡេង នៅរាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ លោក លាង ឡេង ម្ចាស់សហគ្រាស​ទឹក​ត្រី លាង ឡេង បាន​លើក​ឡើងថា ការ​ធ្វើ​ទឹក​ត្រីតាម​ស្ដង់ដារ​សុវត្ថិភាព​ម្ហូប​អាហារ បាន​ធ្វើ​ឱ្យ​សហគ្រាស​របស់លោក​កើន​ចំណូលទ្វេដង។ តាមរយៈ​គម្រោង CAPFishCAPTURE ដែល​អនុវត្តដោយ​អង្គការ UNIDO និង​រដ្ឋបាលជលផល បាន​នាំឱ្យ​សហគ្រាស​ទឹកត្រី លាង ឡេង ទទួល​បាននិមិត្ត​សញ្ញា​បញ្ជាក់​គុណភាព​កម្ពុជា CQS។

 
 
«CQS ជា​ស្ដង់ដារ​ថ្មីមួយ​ដែល​ល្អ​មែនទែន។ ជាស្ពាន​ចម្លង SMEខ្មែរ តាមរយៈ​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​ CQS»។ បើតាមលោក លាង ឡេង ដែលត្រូវបានគេទទួលស្គាល់លើការផលិតទឹកត្រី តាមស្ដង់ដារគុណភាព ពីគម្រោងCapFishCAPTURE។ 
 
ក្នុង​ដំណើរទស្សនកិច្ច​សិក្សា​ និង​ផ្សព្វផ្សាយ​ពី​សហគ្រាស​ជលផល​ក្រោយ​ប្រមូលផល​ដែល​ទទួល​ផល​ពី​គម្រោង​ CAPFish កាលពីថ្ងៃទី២០ កញ្ញា ក្រុម​អ្នក​សារព័ត៌មាន​បាន​ទៅ​ទស្សនា​នៅ​សហគ្រាស​ទឹក​ត្រី លាង ឡេង ក្នុង​ខណ្ឌ​ជ្រោយចង្វារ។​ សហគ្រាស​នេះ បង្កើត​នៅ​ឆ្នាំ​២០០០ ដោយ​មាន​ផលិត​ផល​ដូចជា ទឹក​ត្រី ទឹក​ស៊ីអ៊ីវ ទឹក​ម្ទេស ប្រេង​ខ្យង ទឹក​សៀង និង​ទឹកខ្មេះ ដែល​ចែកចាយនៅ​ក្នុង​ស្រុក​។ 
 
 

ដើម្បី​ទទួល​បាន​ការ​ទទួលស្គាល់ និង​ធានាសុវត្ថិភាព​ម្ហូប​អាហារ សហគ្រាសនេះ បាន​ព្យាយាម និង​ប្រឹង​ប្រែង​កែលម្អ​ទីតាំង និង​បរិក្ខារ​កែច្នៃ​ឱ្យ​ស្រប​តាម​លក្ខខណ្ឌតម្រូវរបស់ CQS និង​HACCP។ លោក លាង ឡេង ម្ចាស់​សហគ្រាស​ បាន​ឱ្យដឹងថា ការ​ផលិត​តាម​ស្ដង់ដារមាន​ផលលំបាក ប៉ុន្តែ​បាន​ផ្ដល់​ចំណូល​ទ្វេដង។​ តាមរយៈ​ភាព​ជោគជ័យ​លើ​អាជីវកម្ម លោក លាង ឡេង បាន​ផ្ដល់​យោបល់​ឱ្យ​SMEទាំងអស់ មិន​ត្រូវ​បោះបង់​ចោល​ការ​ខំប្រឹង​របស់ខ្លួន​នៅ​ពាក់​កណ្ដាល​ទីនោះទេនៅពេល​ជួប​ឧបសគ្គ​។ 
  
សហគ្រាសទឹកត្រី លាង ឡេង នៅរាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
 
សូម​បញ្ជាក់ថា សហគ្រាស​ទឹកត្រី លាង ឡេង ​ទទួល​បាន​កិច្ចគាំទ្រ​ពី​គម្រោង​ CAPFish ក្រោម​ជំនួយថវិកា​ ១០ម៉ឺនដុល្លារ លើ​ការ​គាំទ្រផ្នែកបច្ចេកទេស សម្ភារ និងបរិក្ខារ ពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម នៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់អាជីវកម្ម អនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារ និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសឱ្យកាន់តែប្រសើររបស់អង្គការ UNIDO៕


សហគ្រាសទឹកត្រី លាង ឡេង នៅរាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ


សហគ្រាសទឹកត្រី លាង ឡេង នៅរាជធានីភ្នំពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ

Tag:
 SME
  កសិកម្ម
  ទឹកត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com