ជាតិ
នៅ UN សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងច្បាស់ពីជំហរមិនអនុញ្ញាត ឲ្យមានមូលដ្ឋានទ័ពបរទេសលើទឹក ដីកម្ពុជា
23, Sep 2023 , 8:47 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។ រូបថត៖ PM
សម្តេច ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។ រូបថត៖ PM
ដោយ: រួបរួម
ឈានដល់មួយខែត្រឹមនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត មានវត្តមាននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (UNGA78) នាក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២២ ខែកញ្ញា ដោយសម្តេចបានឡើងថ្លែងសុន្ទរកថា ផ្តោតលើបរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។
 
ក្នុងសុន្ទរកថាជិត១៥នាទី ប្រមុខរដ្ឋាភិបាលថ្មីរបស់កម្ពុជា បានអះអាងនៅចំពោះមុខលោក Dennis Francis ប្រធានសន្និបាទ, លោក Antonio Guterress អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃរដ្ឋជា សមា ជិកទាំងអស់ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារួមគ្នា។
 
សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញពីកង្វល់នៃការអូសបន្លាយនៃសង្គ្រាមនៅក្នុងអ៊ុយក្រែន ដែលរាំងស្ទះដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) នាឆ្នាំ២០៣០។ សម្តេចក៏បានជំរុញឲ្យពង្រឹងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុផងដែរ។
 
ជាមួយគ្នានេះ សម្តេចបានលើកឡើងពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងស្តារខ្លួនពីវិបត្តិនានា ជាពិសេសការទទួលបានឈ្មោះជាប្រទេសដែលជោគជ័យបំផុតមួយលើការគ្រប់គ្រងការរាលដាលកូវីដ-១៩ ដោយកំណើនសេដ្ឋកិច្ចបានងើបឡើងវិញក្នុងអត្រា ៥,២ភាគរយនៅឆ្នាំ២០២២ ហើយរំពឹងឡើងដល់៥,៦ភាគរយនៅឆ្នាំ២០២៣។
 
ក្នុងសុន្ទរកថា សម្តេចបានបង្ហាញពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព រួមអាទិភាពនៃគោលនយោបាយអភិវឌ្ឍន៍ចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
 
សម្តេចបានបញ្ជាក់ថា កម្ពុជាបន្តដើរលើមាគ៌ាបច្ចុប្បន្ននៃឯករាជ្យភាព និងគោលនយោបាយបរទេសអព្យាក្រឹត្យ របស់ខ្លួន ដោយផ្អែកលើនីតិរដ្ឋ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ដើម្បីពង្រឹងចំណងមិត្តភាព និងប្រឆាំងដាច់ខាតរាល់ការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែងកិច្ចផ្ទៃក្នុង រួមទាំងប្រឆាំងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។
 
«កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជានឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទៀត»។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់កម្ពុជា ជាមួយនឹងការខិតខំបន្ថែមទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក។
 
បន្ថែមលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា បានបន្ថែមគោលដៅដោយឡែករបស់ខ្លួន ទាក់ទងនឹងសកម្មភាពមីន គឺ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។ ជាមួយគ្នានេះ កម្ពុជាស្វាគមន៍គំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលបានដាក់ចេញដោយអគ្គលេខាធិការ UN ហើយកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានសក្តានុពលទាំង១០ដែលត្រូវបានជ្រើសរើសចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។
 
នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយឫសគល់នៃជម្លោះ និងពង្រឹងសាមគ្គីភាព ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com