ជាតិ
អាមេរិករីករាយក្នុងការចូលរួមជួយជួសជុលប្រាសាទកោះកេរ
23, Sep 2023 , 11:00 am        
រូបភាព
ទូតអាមេរិក លោក W. Patrick Murphy ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ កញ្ញា នៅបណ្ណាល័យអាមេរិកនាសាកលវិទ្យាល័យUSEA ក្រុងសៀមរាប។
ទូតអាមេរិក លោក W. Patrick Murphy ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ កញ្ញា នៅបណ្ណាល័យអាមេរិកនាសាកលវិទ្យាល័យUSEA ក្រុងសៀមរាប។
សៀមរាប៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញក្ដីមោទកភាពជាមួយកម្ពុជា ដែលសម្រេចបាននូវការចុះបញ្ជីប្រាសាទកោះកេរចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅ។ ជាមួយគ្នានេះ លោកទូតក៏គ្រោងនឹងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពជួយជួសជុលប្រាសាទកោះកេរនាពេលអនាគតផងដែរ។

 
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានចាត់ទុកការចុះបញ្ជី​ប្រាសាទកោះកេរ ថា ជាជោគជ័យមួយទៀតរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៤ហើយ ដែលបានចុះបញ្ជីនៃអង្គការយូណេស្គូ។ លោកទូតបានសរសើរពីសំណង់ស្ថាបត្យកម្មនៃប្រាសាទកោះកេរ និងបានលើកពីការខិតខំប្រឹងប្រែងដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ជួយក្នុងការយកវត្ថុបុរាណមកកាន់​កម្ពុជាវិញផងដែរ។ 
 
ក្នុងសន្និសីតសារព័ត៌មានជុំវិញសប្ដាហ៍មិត្តភាពកម្ពុជា អាមេរិក នៅខេត្តសៀមរាបនាថ្ងៃទី២១ កញ្ញា លោក W. Patrick Murphy បានសង្កត់ធ្ងន់ថា អាមេរិកបានប្រកាសពីការនាំមកវិញនូវវត្ថុបុរាណចំនួន ៣៣ដុំ និងសង្ឃឹមថានឹងមកដល់កម្ពុជាវិញឆាប់ៗខាងមុខ។ លោកទូតបញ្ជាក់ថា វត្ថុបុរាណទាំង៣៣ដុំ ក្នុងនោះមានខ្លះជាវត្ថុបុរាណមាននៅប្រាសាទបន្ទាយស្រី អង្គរធំ និងប្រាសាទកោះកេរ។ 
 
ក្រៅពីនេះ អាមេរិកបានបន្តផ្តល់ជំនួយ៤៥ម៉ឺនដុល្លារ លើការបន្តជួយក្នុងគម្រោងជួសជុលប្រាសាទ ភ្នំបាខែង ខណៈដែលបច្ចុប្បន្នស្ថាប័ន WMF កំពុងដំណើរការជួសជុលនៅជ្រុងខាងជើង និងខាងលិច។ លោក W. Patrick Murphy បញ្ជាក់ថា នាពេលឆាប់ៗខាងមុខ លោកនឹងមកសៀមរាបម្ដងទៀត ដើម្បីចុះអនុស្សរណៈលើការអនុវត្តគម្រោងមួយនេះ។ 
 
លោក W. Patrick Murphy បានដឹកនាំគណៈប្រតិភូនៃស្ថានទូតអាមេរិក ដែលមានមន្រ្តីការទូតអាមេរិក និងបុគ្គលិកខ្មែរសរុប ៦០នាក់ មកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ កញ្ញា ដើម្បីទាញការចាប់អារម្មណ៍លើទំនាក់ទំនងទ្វេភាគី ភាពជាដៃគូ និងកម្មវិធីផ្សេងទៀត​របស់ស្ថានទូត ដែលជំរុញដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងពេល សប្ដាហ៍មិត្តភាពកម្ពុជា អាមេរិក ឆ្នាំ២០២៣។ ការងារទាំងនោះមានទាំងក្នុងវិស័យសុខាភាពសាធារណៈ អប់រំ វប្បធម៌ ធុរកិច្ច យុវជន ការដោះមីន ការពង្រឹងការអនុវត្តច្បាប់ និងសន្ដិសុខ។ 
 
លោកទូតអាមេរិកលើកឡើងថា៖« យើងគឺជាស្ថានទូតអាមេរិកនៅទូទាំង២៥ ខេត្តក្រុង នៅកម្ពុជា ហើយយើងមានសេចក្ដីរំភើបរីករាយខ្លាំង ក្នុងការនាំក្រុមបុគ្គលិកទាំងអស់របស់យើង មកកាន់ខេត្តភាគខាងជើងនេះ ជាទីដែលយើងមានកម្មវិធី និងការងារជាច្រើន ជាមួយដៃគូនៅក្នុងមូលដ្ឋាន»៕

Tag:
 ពាក្យគន្លឹះ៖ ប្រាសាទកោះកេរ
© រក្សាសិទ្ធិដោយ thmeythmey.com