ជាតិ
សុខាភិបាល ហាមពលរដ្ឋប្រើផលិតផលបំប៉ន Ginseng Pro ជាបន្ទាន់ ព្រោះមានផ្ទុកសារធាតុគ្រោះថ្នាក់
23, Sep 2023 , 2:40 pm        
រូបភាព
ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ម៉ី​ សំបូរ ដែលជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសុខាភិបាល ហាមពលរដ្ឋ មិនឱ្យប្រើផលិតផលបំប៉ន GINSENG PRO របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ជាបន្ទាន់ ព្រោះមានផ្ទុកសារធាតុដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ សេចក្តីជូនដំណឹងរបស់លោក ម៉ី​ សំបូរ បានបញ្ជាក់ថា ផលិតផលបំប៉ននេះ គឺមានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE ។​

 
ដើម្បីការពារសុខុមាលភាពពលរដ្ឋ ក្រសួងសុខាភិបាល បានបញ្ជាឱ្យក្រុមហ៊ុន​គ្រួសារកក់ក្តៅដែលអ្នកនាំចូល និងចែកចាយផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps ​និង GINSENG PRO B/Bott. /៦0Caps ត្រូវប្រមូលផលិតផលទាំងនេះ ពីឱសថស្ថាន ឱសថស្ថានរងនានា ទីផ្សារ ព្រមទាំងប្រព័ន្ធអនឡាញគ្រប់ប្រភេទនៅកម្ពុជា ដើម្បីយកមកកម្ទេចចោលតាមបច្ចេកទេសជាបន្ទាន់។ លើសពីនេះ ក្រុមហ៊ុន រួមទាំងឱសថស្ថានទាំងអស់ ត្រូវបញ្ឈប់ការលក់ផលិតផលបំប៉នសុខភាពនេះ ចាប់ពីថ្ងៃទី២០កញ្ញា ឆ្នាំ២០២៣ទៅ។
 
«សូមពលរដ្ឋទាំងអស់ ត្រូវឈប់ទិញ និងប្រើប្រាស់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps ​និង GINSENG PRO B/Bott. /៦0Caps ចាប់ពីពេលនេះតទៅ»។ នេះជាហាមរបស់ក្រសួងសុខាភិបាល ដែលនឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះ ក្រុមហ៊ុនគ្រួសារកក់ក្តៅ ចំពោះឱសថស្ថាន ឱសថស្ថានរងនានា និងបុគ្គលទាំងឡាយណាដែលបន្តលក់នូវផលិតផលបំប៉ននេះទៀត។​
 
ក្នុងករណីពលរដ្ឋ ត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៨៦៦ ៧៦០៕

Tag:
 ThmeyThmey
  ក្រសួងសុខាភិបាល
  ផលិតផលបំប៉ន
© រក្សាសិទ្ធិដោយ thmeythmey.com