ជាតិ
លោក ស៊ី ទូលព្រះមហាក្សត្រថា ចិនគាំទ្រកម្ពុជាដើរលើផ្លូវអភិវឌ្ឍដែលស្របតាមលក្ខខណ្ឌរបស់ខ្លួន
23, Sep 2023 , 4:40 pm        
រូបភាព
ព្រះមហាក្សត្រកម្ពុជា យាងជួបប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី២៣_ ខែកញ្ញា។ រូបថត Xinhua
ព្រះមហាក្សត្រកម្ពុជា យាងជួបប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី២៣_ ខែកញ្ញា។ រូបថត Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ថា ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជាដើម្បីសម្រេចបានវឌ្ឍនភាពដ៏រឹងមាំក្នុងការកសាងសហគមន៍រួមគ្នាចិន-កម្ពុជា ហើយចិនគាំទ្រកម្ពុជាដើរលើផ្លូវអភិវឌ្ឍដែលស្របតាមលក្ខខណ្ឌរបស់ខ្លួន។

 
ប្រមុខរដ្ឋចិន ស៊ី ជិនភីង បានជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ដែលគង់នៅក្រុងហាងចូវ ខេត្តជឺជាំង ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីលើកទី១៩។
 
នាជំនួបថ្ងៃទី២៣ ខែកញ្ញា លោក ស៊ី កត់សម្គាល់ថា ឆ្នាំ២០២៣ ជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំនៃមិត្តភាពចិន-កម្ពុជា ហើយថា ចិនគោរពចំណងមិត្តភាពជាមួយរាជវង្សកម្ពុជា ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី និយាយថា ទំនាក់ទំនងរវាងចិន និងកម្ពុជា បង្ហាញពីគោលការណ៍ការទូតនៃមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន។ មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ចិនគាំទ្រកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន រក្សាស្ថិរភាព និងការអភិវឌ្ឍ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ និងតំបន់។
 
បើតាមលោក ស៊ី ប្រទេស​ទាំង​ពីរ​គួរ​តែ​រក្សា​ការ​ផ្លាស់​ប្តូរ​កម្រិត​ខ្ពស់ និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្ដល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។
 
ជាមួយការកត់សម្គាល់ថា ចិនបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ី២ដងមកហើយនោះ ព្រះមហាក្សត្រកម្ពុជាមានបន្ទូលថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ចិននឹងរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីដ៏អស្ចារ្យម្តងទៀត និងរួមចំណែកថ្មីក្នុងការលើកកម្ពស់សាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជនអាស៊ី។
 
បន្ថែមពីលើនេះ ព្រះប្រមុខរដ្ឋកម្ពុជា ក៏បញ្ជាក់ពីការ​​ចងចាំ​ជានិច្ច​​ទំនាក់ទំនង​ជា​បងប្អូន​ដែលពូនជ្រំ​ឡើង​ដោយ​អតីតមហាក្សត្រ នរោត្តម សីហនុ ជាមួយ​មេដឹកនាំ​ចិន ហើយ​កម្ពុជាក៏​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​ការ​ជាមួយ​ចិន​លើ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ និង​កសាង​សហគមន៍វាសនារួម៕
 

Tag:
 (ចិន
  កម្ពុជា)
© រក្សាសិទ្ធិដោយ thmeythmey.com