ជាតិ
ខេត្តសៀមរាប នឹងមានការតាំងពិព័រណ៍«ភូមិមួយផលិតផលមួយ»រយៈពេល៥ថ្ងៃ
23, Sep 2023 , 9:20 pm        
រូបភាព
រដ្ឋបាលខេត្តសៀមរាប នឹងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក«ភូមិមួយផលិតផលមួយ» រយៈពេល៥ថ្ងៃ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប។ ពិព័រណ៍នេះ ត្រូវធ្វើឡើងពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣។

 
បើតាមរដ្ឋបាលខេត្តសៀមរាប ការរៀបចំពិព័រណ័នេះ គឺធ្វើឡើងដើម្បីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ និងទិវាពិភពលោកស្អាតលើកទី៦» (The 6"World Cleanup Day)។  រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ចំពោះការរៀបចំពិធី«ទិវាពិភពលោកស្អាតលើកទី៦» នឹងធ្វើឡើងនៅថ្ងៃទី២៧កញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧កន្លះព្រឹក នៅសួនព្រះរាជដំណាក់ និងនៅតាមបណ្ដាសង្កាត់ក្នុងក្រុងសៀមរាប។​ 
 
ក្នុងថ្ងៃជាមួយគ្នានេះ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នឹងត្រូវបានប្រារព្ធឡើងនៅម៉ោង៥កន្លះល្ងាច នៅសួនព្រះរាជដំណាក់ ដោយមានក្បួនដង្ហែ ផងដែរ។ ក្បួនដង្ហែនេះ គឺចេញពីចំណុចសួនព្រះរាជដំណាក់បត់ចូលតាមផ្លូវមុខមហាសណ្ឋាគារអង្គរ ឆ្ពោះទៅផ្លូវស៊ីវុត្ថា តាមបណ្ដោយផ្លូវអាចារ្យស្វា និងបត់ចូលបួនព្រះរាជដំណាក់វិញ ។ 
 
សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប ក៏បានណែនាំដល់​អ្នកប្រតិបត្តិករវិស័យទេសចរណ៍ទាំងអស់ក្នុងខេត្ត និងសាធារណជន ដែលចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ចូលរួមសហការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ផងដែរ៕
 

Tag:
 ThmeyThmey​
 សៀមរាប
  ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com