ជាតិ
លោក ហ៊ុន ម៉ា​នី ប្រាប់​សមាជិក ស​.​ស​.​យ​.​ក កុំ​ចោល​កិច្ចការ​សង្គម​...
23, Sep 2023 , 8:37 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា។ រូបភាពពីសសយក
លោក ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា។ រូបភាពពីសសយក
​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រាប់​ដល់​សមាជិក​ស​.​ស​.​យ​.​ក កុំ​ចោល​កិច្ចការ​សង្គម​។ សម្រាប់​លោក ហ៊ុន ម៉ា​នី ការងារ​សង្គម ជាការ​បង្ហាញ​នូវ​ភាពជា​គំរូ ទោះ​ធ្វើ​តិចក្ដី​ច្រើនក្ដី តែ​ជាការ​រួមចំណែក​ដល់​ស​ង្គ​ម​ជាតិ​កម្ពុជា​។​


 
​នា​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ស​.​ស​.​យ​.​ក តាម​វិស័យ និង​រចនាសម្ព័ន្ធ​ចំណុះ នៅ​ថ្ងៃទី​២៣ កញ្ញា​នេះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកទឹកចិត្ត​ដល់​សមាជិក​ឱ្យខិត​ខំ​បំពេញភារកិច្ច និង​ហ្វឹកហាត់​សមត្ថភាព​បន្ថែមទៀត​។ លោក ម៉ា​នី ក៏​មិន​ភ្លេច​រំឭក​ដល់​សមាជិករ​ប​ស់លោក ឱ្យចូល​រួមការ​ងា​រស​ង្គ​ម​ផងដែរ​។ 
  


«​ខ្ញុំ​ដឹងថា ម្នាក់ៗ​មាន​ការងារ​ច្រើនណាស់​។ ការងារ​ស្នូល​ផង ក្រុមគ្រួសារ​ផង និង​កិច្ចការ​ដទៃ​បន្ថែមទៀត​។ ដូច្នេះ​មិនមាន​ពេល​គិតគូរ និង​លះបង់​ដើម្បី​សង្គមជាតិ តាមរយៈ​ការងារ​សង្គម​អ្វី​ទេ​។ ខ្ញុំ​ដឹង ខ្ញុំ​យល់​...​។ តែ​ខ្ញុំ​សុំ​មួយ កុំ​ចោល​កិច្ចការ​សង្គម​»​។ នេះ​ជាការ​ផ្ដាំផ្ញើ​របស់លោក ហ៊ុន ម៉ា​នី ទៅកាន់​សមាជិក​ស​.​ស​.​យ​.​ក នៅតាម​វិស័យ​នានា​ប្រមាណ ៤០០​នាក់ នា​អគារ​ខេមរា​នី​។ 

ហេតុអ្វី​កិច្ចការងារ​សង្គម​សំខាន់​? លោក ហ៊ុន ម៉ា​នី ថ្លែង​ពីលើ​វេទិកា​ថា ការងារ​សង្គម គឺជា​ការបង្ហាញ​នូវ​ភាពជា​គំរូ ដោយ​លោក​លើក​ឧទាហរណ៍​ពី​ការកកើត​នៃ​ភាសា​បេះដូង​ដែល​បង្ហាញ​ពី​កម្ពុជា តាមរយៈ​ការធ្វើ​ដៃ​រូប​បេះដូង​ជាស​ញ្ញា​។ ក្រៅពី​បង្ហាញ​ភាពជា​គំរូ ការធ្វើ​កិច្ចការ​សង្គម ក៏​ជា​ផ្នែក​មួយ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​សង្គម​តាមរយៈ​សកម្មភាព​ជាក់លាក់​ណាមួយ​ផងដែរ​។ 


 
​ប្រធាន​ស​.​ស​.​យ​.​ក រូបនេះ បន្ត​មានប្រសាសន៍​បែបនេះ​៖«​បើ​ខ្ញុំ មិនមាន​ស​.​ស​.​យ​.​ក មកដល់ពេលនេះ គេ​នៅតែ​ស្គាល់​ហ៊ុន ម៉ា​នី ជា​កូន​តេ​ជោ ហ៊ុន សែន​។ ដោយសារតែ​ស​.​ស​.​យ​.​ក នេះហើយ បាន​គេ​ចាប់ផ្ដើម​ស្គាល់ ហ៊ុន ម៉ា​នី ដែលមាន​ការងារ សកម្មភាព និង​ស្នាដៃ​ខ្លួនឯង​។ បើ​អត់​ស​.​ស​.​យ​.​ក គេ​អត់​ស្គាល់​ទេ​»​។​
 
​សូមបញ្ជាក់ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ស្ថាប័ន​មួយ​ដែល​តែង​ចូលរួម​លើ​កិច្ចការងារ​សង្គម តាមរយៈ​ការស្ម័គ្រចិត្ត​។ គិត​មកដល់​ឆ្នាំ​២០២៣​នេះ ស​.​ស​.​យ​.​ក ដែល​បន្តសកម្មភាព​ស​មា​គម​យុវជន​កម្ពុជា និង​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា មាន​អាយុ ៤៥​ឆ្នាំ​ហើយ​៕
 







© រក្សាសិទ្ធិដោយ thmeythmey.com