ជាតិ
រដ្ឋមន្រ្តីបរិស្ថានចង់ឱ្យគ្រប់សាលារៀនគ្មានសំរាមប្លាស្ទិក
24, Sep 2023 , 2:40 pm        
រូបភាព
រដ្ឋមន្រ្តីបរិស្ថាន លោក អ៊ាង សុផល្លែត ប្រគល់បណ្ណថ្លែងអំណរគុណដល់សាលាបឋមសិក្សាវត្តបូព៌ ដែលចូលរួមមិនប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀន។ រូបភាពពីសាលាវត្តបូព៌
រដ្ឋមន្រ្តីបរិស្ថាន លោក អ៊ាង សុផល្លែត ប្រគល់បណ្ណថ្លែងអំណរគុណដល់សាលាបឋមសិក្សាវត្តបូព៌ ដែលចូលរួមមិនប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀន។ រូបភាពពីសាលាវត្តបូព៌
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបង្ហាញការប្ដេជ្ញាខ្ពស់ដើម្បីឱ្យកម្ពុជា​កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាមួយនឹងយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀនទូទាំងប្រទេស រដ្ឋមន្រ្តីរូបនេះរំពឹងថា នឹងមានអ្នករចូលរួមច្រើន ហើយលោកចង់ឃើញសាលារៀនទាំងអស់មិនប្រើប្លាស្ទិក។

 
លោក អ៊ាង សុផល្លែត បានលិខិតថ្លែងអំណរគុណដល់សាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប ដែលជាសាលាគំរូ មិនប្រើប្រាស់ប្លាស្ទិក។ លោករដ្ឋមន្រ្តីយល់ថា នេះជាសាលាគំរូ ហើយលោកជឿថា នឹងមានសាលាផ្សេងទៀតអនុវត្តន៍តាម។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១៩ កញ្ញាកន្លងទៅ រដ្ឋមន្រ្តីបរិស្ថាន បានចាត់ទុកយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលលោកដាក់ចេញពីថ្ងៃទី១ កញ្ញា គឺមានសារសំខាន់ដើម្បីកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក។ លោកថា សព្វថ្ងៃប្លាស្ទិកជាបញ្ហាដ៏ធំសម្រាប់កម្ពុជា ក៏ដូចជាសាកលលោក ដែលទាមទារឱ្យការចូលរួមដោះស្រាយជាបន្ទាន់។ លោក សុផល្លែត បន្ថែមថា តាមការសិក្សានៅឆ្នាំ ២០៥០ សំរាមប្លាស្ទិកនឹងមានចំនួនច្រើនជាងត្រីនៅក្នុងទឹកសមុទ្រទៅទៀត ដែលវានឹងបង្កមហន្តរាយ ទាំងបរិស្ថាន សុខភាពមនុស្ស។
 
គួរបញ្ជាក់ថា តាមការបញ្ជាក់ពីលោក អ៊ាង សុផល្លែត បច្ចុប្បន្ននេះយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមពីសាលាជាង១០០ហើយនៅទូទាំងប្រទេស ដែលសរុបមានសិស្សជាង៣០ម៉ឺននាក់។ យុទ្ធនាការនេះធ្វើឡើងក្នុងន័យទប់ស្កាត់ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលារៀន ជំនួសឱ្យការប្រើប្រាស់សម្ភារដែលអាចប្រើឡើងវិញ៕

Tag:
 បរិស្ថាន
  អ៊ាង សុផល្លែត
© រក្សាសិទ្ធិដោយ thmeythmey.com