ជាតិ
កម្ពុជា រកឃើញជំងឺហ្ស៊ីកាដំបូងលើកុមារីម្នាក់អាយុ៧ឆ្នាំ នៅខេត្តកំពង់ធំ
24, Sep 2023 , 4:00 pm        
រូបភាព
 រូបភាព៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC
រូបភាព៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC
ភ្នំពេញ៖ ថ្ងៃទី២៤កញ្ញានេះ  ក្រសួងសុខាភិបាល ប្រកាសរកឃើញ ជំងឺហ្ស៊ីកាលើកដំបូង ដែលកើតឡើងលើកុមារីអាយុ៧ឆ្នាំម្នាក់ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្រសួងបានបញ្ជាក់ថា ជំងឺនេះ បានឆ្លងមកមនុស្ស តាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកា។

 
លើកុមារីខាងលើ គឺមានអាការៈក្តៅខ្លួនខ្លាំង ក្អួត និងរាគ និងត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរបង្អែកស្រុក  កាលពីថ្ងៃទី១៨កញ្ញា ឆ្នាំ២០២៣។ បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារី បានធូរស្បើយលែងមានក្អួត ហើយធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម លទ្ធផលអវិជ្ជមាន។ ប៉ុន្តែ គ្រូពេទ្យបន្តយកសំណាក ទៅធ្វើតេស្តនៅឯ វិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលបង្ហាញថា កុមារីរស់នៅខេត្តកំពង់ធំ វិជ្ជមានវីរុសហ្ស៊ីកា នៅថ្ងៃទី២១កញ្ញា។
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបា  វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈមូសខ្លាដែលមានផ្ទុកវីរុសនេះ។ ប្រភេទមូសខ្លានេះ គឺដូចគ្នានឹងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីក ផងដែរ។ 
 
« ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទ ជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះ មាននៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវនៃរាង្គកាយ ខួរក្បាលនិងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្តាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល»។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល ដោយបន្តរៀបរាប់ថា អ្នកជំងឺហ្ស៉ីកា មិនមានអាការៈធ្ងន់ធ្ងរឡើយ គ្រាន់តែចេញរោគសញ្ញាពី២-៣ថ្ងៃ បន្ទាប់ពីត្រូវបានមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា ខាំ។ 
 
រោគសញ្ញាទូទៅនៃជំងឺនេះ គឺ គ្រុនក្តៅ ឡើងកន្ទួលក្រហមលើស្បែក ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងទន់ដៃជើង ជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយ ក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិត តិចតួច។
 
បើតាមសុខាភិបាល ករណីមនុស្សដែលឆ្លង ជំងឺហ្ស៉ីកានេះ មានប្រមាណ៨០ភាគរយ គឺមិនបង្ហាញរោគសញ្ញាអ្វីឱ្យគួរកត់នោះឡើយ។ ប៉ុន្តែ ករណី ស្ត្រីមានផ្ទៃពោះកើតជំងឺនេះ គឺអាចធ្វើឱ្យទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារក អាចតូចជាងធម្មតា។ 
 
«ជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាល និងថែទាំទៅតាមរោគសញ្ញអ្នកជំងឺ»។ ក្រសួងសុខាភិបាលបន្តថា អ្វីដែលអ្នកជំងឺត្រូវអនុវត្ត គឺពិសាទឹកឱ្យបានច្រើន ព្យាបាលការឈឺចាប់និងគ្រុនក្តៅ ប្រើថ្នាំបញ្ចុះកំដៅធម្មតា និងមិនតម្រូវឱ្យប្រើថ្នាំផ្សះនោះឡើយ។ ករណីរោគសញ្ញាកាន់តែធ្ងន់ធ្ងរ  គួរពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព និងវិនិច្ឆ័យនៅទីពិសោធដូចជា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីតេស្តរកវីរុសហ្ស៊ីកា។ 
 
បច្ចុប្បន្ន ជំងឺហ្ស៉ីកានេះ មិនទាន់មានវ៉ាក់សាំងបង្ការឡើយ។ យ៉ាងណាមិញ ក្រសួងសុខាភិបាល ក៏បានរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្ការជំងឺហ្ស៊ីកា ឱ្យដូចការការពារជំងឺគ្រុនឈាម និងគ្រុនឈីក ក៏ដូចជាចូ លរួមការពារខ្លួន ឱ្យបានខ្ជាប់ខ្ជួនបំផុត៕

Tag:
 ThmeyThmey
  ជំងឺហ្ស៉ីកា
  ក្រសួងសុខាភិបាល
 កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com