ជាតិ
វីដេអូ
ការគិតគូរពីសុវត្ថិភាពម្ហូបអាហារលើការកែច្នៃជលផល ចំណេញទាំងអ្នកផលិត និងអ្នកហូប
24, Sep 2023 , 9:00 pm        
រូបភាព
ភ្នំពេញ៖ ការធានាសុវត្ថិភាព និងអនាម័យម្ហូបអាហារ មានសារៈសំខាន់ ក្នុងការជួយការពារសុខភាពអ្នក ទទួលទានពីជំងឺ ដែលបង្កដោយអាហារ ឬការពុលអាហារជាដើម។ សុវត្ថិភាពម្ហូបអាហារជាចំណុចមួយ ដែលពលរដ្ឋគ្រប់រូបត្រូវបង្កើនការយកចិត្តទុកដាក់។



អ្នកស្រី ឌី សុម៉េង ម្ចាស់សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បាន ផ្លាស់ប្ដូរការធ្វើបែបបុរាណ ដែលមិនមានអនាម័យមកតាមលក្ខណៈស្ដង់ដារសុវត្ថិភាពវិញ។ មុននឹង ទទួលបានភាពស្អាត និងមានការទទួលស្គាល់ អ្នកស្រី ឌី សុម៉េង និងស្វាមី បានជួបផលលំបាកជាច្រើន។ 
 
«ពិបាកណាស់ ព្រោះ​កន្លែង​ខ្ញុំ​ពីមុន​ គ្រាន់តែចាក់សាប និងរៀបចំ​ធម្មតា​។ ប៉ុន្តែ​ពេលនេះ យើងបាន​កែ​ប្រែ​ សូម្បីតែ​បុគ្គលិកយើងដែលធ្លាប់តែធ្វើតាម​បែប​បុរាណ​ ក៏គាត់ផ្លាស់ប្ដូរ»។ នេះ​ជាការ​លើក​ឡើង​របស់​អ្នក​ស្រី សុម៉េង។​
 
 

ការយកចិត្តទុកលើសុវត្ថិភាពម្ហូបអាហារ បានធ្វើឱ្យអាជីវកម្មកែច្នៃជលផលរបស់អ្នកស្រី សុម៉េង កាន់តែ មានកេរ្តិ៍ឈ្មោះ។ បើតាមម្ចាស់សិប្បកម្ម ការផលិតត្រីងៀតដែលមានសុវត្ថិភាពដល់អ្នកទទួលទាន គឺជា ការផ្ដល់ទំនុកដ៏ចម្បង។ អ្នកស្រី សុម៉េង បញ្ជាក់ដូច្នេះ៖ «ពីដើម​ ហាលត្រី​នៅបរិយាកាសខាង​ក្រៅ មាន​សត្វ​ល្អិត​រំខាន​។ ពេល​រដូវភ្លៀងក៏​ពិបាកដែរ តែ​ឥឡូវ​ខ្ញុំ​ និង​ស្វាមី ចាប់ផ្ដើម​គិត​ពី​សុវត្ថិភាព​ម្ហូប​អាហារ​ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​លក់ដូរ និង​អ្នក​ទទួលទាន»។ 


 សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
 
តាមរយៈការផ្លាស់ប្ដូរដែលចំណាយពេល១៣ខែរបស់សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម មើលឃើញថាជាការផ្លាស់ប្ដូរដ៏មានប្រសិទ្ធភាពប្រកបដោយអនាម័យ និងស្ដង់ដារ។ កញ្ញា អ៊ឹម​ រចនា លើកឡើងថា៖ «នៅពេល​មាន​ការ​កែ​លម្អ​ផលិត​កម្មដែល​មាន​លក្ខណៈ​ប្រពៃណី​មក​ជា​លក្ខណៈ​ស្ដង់ដារ​នេះ​ ជាការ​កែប្រែដ៏​សំខាន់​ និង​មាន​លក្ខណៈ​​វិជ្ជមាន​ គួរ​តែលើក​ទឹក​ចិត្ត និង​កោត​សរសើរ»។ 


 សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
 
តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលជាផ្នែកមួយនៃកម្មវិធី CAPFISH បានផ្ដោត​សំខាន់​លើការពង្រឹងសមត្ថភាពវិស័យឯកជន ដើម្បីឱ្យមានលទ្ធភាពអនុវត្តតាមស្ដង់ដារ​សុវត្ថិភាព​ម្ហូប​អាហារ​។ លោក ថោង រ៉ា អ្នកជំនាញសុវត្ថិភាពម្ហូបអាហាររបស់អង្គការយូនីដូ លើកឡើងពី​ការ​ជំរុញ​សុវត្ថិភាព​សម្ហូបអាហារយ៉ាងដូច្នេះ៖«យើង​ឃើញ​ថា​​បញ្ហា​សុវត្ថិភាព​ចំណីអាហារ ​ជា​បញ្ហា​សុខភាព​សាធារណៈ​ ហើយ​មាន​ជំងឺ​ច្រើន​ជាង ២០០ប្រភេទ​ ដែល​អាច​កើត​ចេញ​ពី​ការ​បរិភោគ​អាហារ​ពុំ​មាន​សុវត្ថិភាព​»។​ ជាក់ស្ដែងបច្ចុប្បន្ននេះ UNIDO កំពុងគាំទ្រដល់ម្ចាស់សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ ក្នុងការកែប្រែការកែច្នៃឱ្យស្របតាមតម្រូវការអប្បបរមាស្ដង់ដារ CQS។


 សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH ជា​គម្រោង​សហការ​ផ្ដល់​មូល​និធិដោយសហភាពអឺរ៉ុប និងអនុវត្តដោយរដ្ឋបាលជលផល និងអង្គការយូនីដូ។ តាម​​រយៈ​កម្មវិធីគាំ​ទ្រស​ហគ្រាស​ជលផលខ្នាតតូច និងមធ្យម របស់គម្រោង CAPFISH បានគាំទ្រដល់សហគ្រាសជលផលចំនួន ២៨ ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម៕ 

Tag:
 សុវត្ថិភាពម្ហូបអាហារ
  កសិកម្ម
  ត្រីងៀត
© រក្សាសិទ្ធិដោយ thmeythmey.com