ជាតិ
កម្ពុជា-អូស្ត្រាលី ដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មី លើវិស័យកែច្នៃចំណីអាហារ
25, Sep 2023 , 8:30 am        
រូបភាព
(ឆ្វេង) លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បង្ហាញកិច្ចព្រមព្រៀងជាភាពដៃគូជាមួយ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកែច្នៃចំណីអាហារ។ រូប៖ ពីស្ថានទូតអូ
(ឆ្វេង) លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បង្ហាញកិច្ចព្រមព្រៀងជាភាពដៃគូជាមួយ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកែច្នៃចំណីអាហារ។ រូប៖ ពីស្ថានទូតអូ
កម្ពុជា និងអូស្ត្រាលី រួមគ្នាដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ​ ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មី ទទួលបានស្តង់ដាសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សារ។ ភាពជាដៃគូរវាងភាគីទាំងពីរនេះ មានគោលដៅគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមកម្ពុជា។​

 
បើតាមសេចក្តីប្រកាសព័ត៌មានរួម ភាពជាដៃគូនេះ ត្រូវបានដាក់ឱ្យដាក់អនុវត្ត ដោយលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ជាមួយ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នាថ្ងៃទី២២កញ្ញា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។​​ គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
 
ប្រភពដដែលបានបញ្ជាក់ថា ភាពជាដៃគូនេះ គឺមានការងារធំទាំង៣ ដែលរួមគ្នាអនុវត្ត។ ក្នុងនោមាន ១. មូលនិធិកែច្នៃចំណីអាហារ គឺផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្ដង់ដាសុវត្ថិភាពចំណីអាហារ។ 
 
២. វិស័យសេវាកម្មកែច្នៃចំណីអាហារ គឺជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួល បានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។ ទី៣ កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ គឺការប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។
 
ពាក់ព័ន្ធនឹងភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ​នេះ លោក ចាស្ទីន វ៉ាយអេត បានអះអាងថា ៖« អូស្ត្រាលី ប្តេជ្ញាគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារឱ្យមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា»។
 
ជាមួយគ្នានេះ ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថា ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារនេះ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម ទាំងក្នុងស្រុក និងក្រៅស្រុក។ « មូលនិធិខាងលើនេះ នឹងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រួមទាំងផ្តល់ឱ្យពួកគេនូវធនធាន ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ៕ 

Tag:
 កែច្នៃចំណីអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com