ជាតិ
អ្នកនាង ស៊ូ សុភី យក​ក្រដាស​គេ​បោះ​បង់​ចោល ច្នៃ​ធ្វើ​គំនូរ​ផុស​យ៉ាង​ស្រស់​ស្អាត​
25, Sep 2023 , 9:59 am        
រូបភាព
ភូគោលជីវិត និង​ជីវិតសត្វដែល​ត្រូវ​បាន​មនុស្ស​ចាប់​ចង ធ្វើ​ទុក​បុកម្នេញ
ភូគោលជីវិត និង​ជីវិតសត្វដែល​ត្រូវ​បាន​មនុស្ស​ចាប់​ចង ធ្វើ​ទុក​បុកម្នេញ
ភ្នំពេញ​៖ ជាសិល្បការិនី​ឯករាជ អ្នក​នាង ស៊ូ សុភី កើត​គំនិត​ច្នៃ​ក្រដាស ​គេ​បោះ​បង់​ចោល ជា​សិល្បៈ​គំនូរ​ផុស​ដ៏ទាក់​ទាញ​ និង​មាន​ភាព​ស្រស់​ស្អាត​ ដែល​មាន​ភាព​ជា​​អត្តសញ្ញាណ​ផ្ទាល់​ខ្លួ​ន​​។ គំនិត​នេះ​កើត​ឡើង ក្រោយ​ពេល​​អ្នក​នាង​បាន​ឃើញ ក្រដាស​ឡាំង​បែក​ខ្ទេច​នៅ​លើ​ដង​ផ្លូវ ដោយ​សារ​ឡាននិង​​ម៉ូតូ​កិន​ និង​​ឃើញ​ក្រដាស​ខិត​បណ្ណ ត្រូវ​បាន​គេ​បោះ​ចោល​​រាយ​ប៉ាយ​ពេញ​ផ្លូវ​។

អ្នក​នាង​ ស៊ូ សុភី ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង បាន​បង្កើត​ស្នាដៃ​គំនូរ​ផុស​យ៉ាង​ស្រស់​ស្អាត ចំនួន​២៥​ផ្ទាំង ដោយ​ចំណាយ​ពេល​៥​ឆ្នាំ ក្នុង​ការ​ធ្វើ​ឱ្យ​ពួក​វា​កើត​ចេញ​ជា​រូប​រាង​​។ គំនូរផុសទាំង​នោះ​​និយាយ​អំពី​ ទំនាក់​ទំនង​ជីវិត​លើ​ផែន​ដី ជា​មួយ​និង​ធម្មជាតិ ក៏ដូច​ជា​រុក្ខ​ជាតិ​និង​ព្រៃ​ព្រឹក្សា​​។ គំនិត​ស៊ីជម្រៅ​ក្នុង​ស្នាដៃ​នេះ ក៏​បង្ហាញ​ជា​ការ​ឧបមា​មួយ​ នៃ​ជីវិត​មនុស្ស​និង​សត្វទន់​ខ្សោយ ដែល​ត្រូវ​បាន​មនុស្ស​​ ​​មាន​កម្លាំង​ខ្លាំង​ជាង និង​មាន​ចិត្ត​កាច​ឃោរឃៅ ធ្វើ​ទុក​បុក​ម្នេញ​ដែរ​។
  

 ស្វាក្នុង​ព្រៃភ័យឱបគ្នា ព្រួយ​ខ្លាច​ស្លាប់​ព្រោះ​ភ្លើង​ព្រៃ

អំពីការ​កើត​​​គំនិត​​​​ ច្នៃ​សំរាម​​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ ​ធ្វើ​ជា​វត្ថុ​សិល្បៈ​គំនូរ​ផុស​ដ៏​ទាក់​ទាញ​ អ្នក​នាង​ ស៊ូ សុភី បាន​​ឃើញ​វា​ដោយ​ចៃ​ដន្យ​បំផុត​។ ថ្ងៃ​មួយ​អ្នក​នាង​បាន​ឃើញ​ក្រដាស​ឡាំង នៅ​តាម​ផ្លូវ​ត្រូវ​បាន​ម៉ូតូ​​ឡាន​កិន​បែក​ខ្ទេច​​​ទៅ​ជា​ម្សៅ​។ ពេល​នោះ​ហើយ​ ដែល​អ្នក​នាង​គិត​ឃើញ​ថា ប្រសិន​យក​វត្ថុ​នោះ​ ទៅ​ច្នៃ​ជា​អ្វី​ម្យាង​ នោះ​នឹង​អាច​ជួយ​កាត់​បន្ថយ​ សំរាម​​ដែល​នាំ​ឱ្យ​ខូច​សោភ័ណ​ភាព​​ដង​ផ្លូវ​។ បន្ថែម​ពី​នោះ ក្រដាស​ខិត​បណ្ណ ដែល​ត្រូវ​បាន​គេ​បោះ​ចោល​ រាយ​ប៉ាយ​ពេញ​ផ្លូវ ក៏​កាន់​តែ​ជំរុញ​ចិត្ត​សិល្បការិនី​រូប​នេះ ឱ្យ​រិះ​រក​គំនិត​ច្នៃ​ប្រឌិត កាន់​តែ​​​ខ្លាំង​ឡើង​។ 
 
«​ប្អូន​ៗ​ខ្លះ​គាត់​ហុច​ខិតបណ្ណ​ឱ្យ​​អ្នក​ដំណើរ​តាម​ផ្លូវ ខ្លះ​គាត់​ដាក់​នៅ​កន្ត្រក​កង់​ ម៉ូតូ ហើយ​អ្នក​ខ្លះ​ទៀត​គាត់​ប្រញាប់​ពេក គាត់​បោះ​ពង្រាយ​ពេញ​ហ្នឹង​។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ពិចារណា​មួយ​ដែរ។ ក្រដាស​ហ្នឹង​ វា​ងាយ​រលាយ​​មែន ប៉ុន្តែ​យើង​មិន​គួរ​ពង្រាយ​បែប​នេះ​ទេ​»។ នេះ​ជា​ការពិចារណា​​របស់​អ្នក​នាង សុភី​។
  
សត្វ​ពង្រូល

ធ្លាប់​ជា​សិស្ស​និង​ជា​គ្រូ​​គំនូរ ក្នុង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ ពី​ឆ្នាំ​២០០៤​ រហូត​ដល់​ឆ្នាំ​២០១៧ អ្នក​នាង​ សុភី ធ្លាប់​បាន​រៀន​វគ្គ​ច្នៃ​ចំបើង​ ដើម្បី​ផលិត​ជា​ក្រដាស​​សម្រាប់​គូរ​គំនូរ​។ ចំណេះ​នោះ​ហើយ​ បាន​ជួយ​អ្នក​នាង​ ​កើត​គំនិត​ច្នៃ​ក្រដាស ​គេបោះ​បង់​ចោល​ ធ្វើ​ជា​វត្ថុ​សិល្បៈ​។
 
សិល្បការិនីញញឹម​ស្រស់​ សុភី បន្ថែម​៖«​មាន​ពេល​មួយ​ មាន​គ្រូ​ម្នាក់ ​គាត់​បង្រៀន​​ពី​ការ​កែច្នៃ​ចំបើង​ ដើម្បី​ធ្វើ​ក្រដាស​សម្រាប់​គូរ​គំនូរ​​។ កាល​នោះ​ខ្ញុំ​ដឹក​នាំ​សិស្ស​ទៅ​រៀន ហើយ​ខ្ញុំ​ក៏​បាន​រៀន​ជា​មួយ​សិស្ស​ដែរ​។ ក្រោយ​មក​ខ្ញុំ​បាន​ច្នៃ​កាក​អំពៅ​ដែរ​»។  
 
ក្រដាស​ដែល​អ្នក​នាង​ សុភី យក​ទៅ​ច្នៃ មាន​ក្រដាស​ការិយាល័យ ដែល​គេ​ឈប់​ប្រើ​ប្រាស់ ក្រដាសកេះ ក្រដាស​ឡាំង​ និ​ង​ក្រដាស​ដាក់​ពង​មាន់​​ពង​ទា​ជា​ដើម​។ មុ​ន​យក​ទៅ​កែ​ច្នៃ ក្រដាស​ទាំង​នោះ ត្រូវ​បែង​ចែក​​​តាម​​ក្រុម​ផ្សេង​ៗ​គ្នា ដើម្បី​ងាយ​ស្រួល​រំលាយ​ និង​ញែក​ពណ៌​​។
  

សត្វ​សុនកដែល​ត្រូវ​បាន​ឈ្មួញ​ដឹកលក់តាមផ្លូវ

អ្នក​នាង​ សុភី បន្ថែម​៖«ខ្ញុំ​ព្យាយាម​រក​ក្រដាស​ដែល​គេ​បោះ​បង់​ចោល ឬ​ក្រដាសដែល​គេ​ឈប់​ប្រើ​​ដើម្បី​ច្នៃ​​។ ​ក្រដាស​ឡាំង ឬ​ក្រដាស​កេះ ត្រូវ​​បក​ប្លាស​ស្ទីក​ចោល​ឱ្យ​អស់​ ទើប​​យក​វាទៅ​កែ​ច្នៃ​​។ ក្រោយ​ពី​ត្រាំ​ឱ្យ​វា​ទន់​សាច់​ យើង​ត្រូវ​​​យកវា​​ទៅ​លាង​ទឹក​ ដើម្បី​ឱ្យ​អស់​​ក្លិន​។ បន្ទាប់​មក​យកវា​ទៅ​ត្រាំ​ទឹក​ម្ដង​ទៀត​។ យើង​យក​ក្រដាស​ទាំង​នោះ ដាក់​ក្នុង​ធុង​ ហើយ​យក​ដំបង​បុក​ឱ្យ​ហ្មត់​​ដូច​ម្សៅ​។ ខ្ញុំ​មិន​ប្រើ​ម៉ាស៊ី​ន​ទេ ដើម្បី​​សន្សំ​ភ្លើង​។ ម្យ៉ាង​ខ្ញុំ​គិត​ថា អ្វី​ដែ​ល​យើង​អាច​ធ្វើ​ដោយ​ដៃ​បាន​ គួរ​តែ​ធ្វើ​ដោយ​ដៃ​ល្អ​ជាង​»។ 
 
ចំពោះ​ដំណាក់​កាល​លាយ​ពណ៌ នារី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ ពន្យល់​ថា ម្សៅ​ក្រដាស​ខ្លះ​ មិន​ចាំ​បាច់​លាយ​ពណ៌​បន្ថែម​ឡើយ​ ប៉ុន្តែ​ប្រភេទ​ក្រដាស​ខ្លះ​ត្រូវ​ការ​លាយ​ពណ៌​បន្ថែម ដើម្បី​ឱ្យ​រូប​សិល្បៈ  មាន​ភាព​ស្រស់​ស្អាត​។ 
 
អ្នក​នាង​ពន្យល់​៖«​ម្សៅខ្លះ​ពេល​នៅ​សើម​ ​ពណ៌​របស់​វា​ធ្វើ​ឱ្យ​ខ្ញុំពេញ​ចិត្ត​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​ស្ងួត ពណ៌​វា​រាង​ស្រាល ដូច្នេះ​ខ្ញុំ​ត្រូ​វ​ប្រើ​ពណ៌​ផាត់​ពី​លើ​ ប៉ុន្តែ​មិន​ប្រើពណ៌​ខ្លាំង​ទេ គ្រាន់​តែ​លាប​សើ​ៗ​តិច​ៗ ឱ្យ​វា​មាន​ពណ៌​ធ្ងន់​ជាង​ពណ៌​ដើម​បន្តិច​ប៉ុណ្ណោះ​»។
  

 បក្សីបក្សា ដែល​មាន​គ្រួសារ​កក់​ក្ដៅ

ដំណើរ​ការ​ច្នៃ​វត្ថុ​ធាតុ​ដើម​ ទៅ​ជា​វត្ថុ​សិល្បៈ​​​ដ៏​ស្រស់​ស្អាត​នេះ មាន​ច្រើន​ដំណាក់​កាល និង​ទាម​ទារ​ការ​អត់​ធ្មត់​ខ្ពស់​។ អ្នក​នាង ស៊ូ សុភី ថា​គាត់​អាន​បើក​ជា​សិក្ខា​សាលា​ បង្រៀន​​​ពី​របៀ​ប​ច្នៃ​សំរាម ជា​វត្ថុ​សិល្បៈ​ខាង​លើ​ សម្រាប់​​សាធារណជន ដែល​ចង់​ចេះ​ច្នៃ​ប្រឌិត​។ ប៉ុន្តែ​អ្នក​នាង​ ​មិន​ទាន់​​កំណត់ ​​ពេល​វេលា​ជាក់​លាក់​ឡើយ​​។ 
 
​អ្នក​នាង ស៊ូ សុភី ​ថា​​ប្រជា​ជនកម្ពុជា​បច្ចុប្បន្ន​ ​មាន​ការ​យល់​ដឹង​​ច្រើន​ជាង​មុន ពី​​ការ​ទុក​ដាក់​សំរាម​។ ប៉ុន្តែ​អ្នកនាង​សង្កត់​ធ្ងន់​ថា សំរាម​ខ្លះ​មិន​គួរ​ចោល​ទេ ព្រោះ​វា​អាច​ច្នៃ ​ធ្វើជា​​របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ឬ​​ធ្វើ​ជា​វត្ថុ​សិល្បៈ​​បាន​៕
  

ជីវិតសត្វរស់​ក្នុង​ព្រៃ​ ដោយ​សន្តិភាព និង​សេរីភាព

Tag:
 សិល្បៈ​​
  សំរាម​
  គំនូរ​
  គំនូរ​ផុស​
  ស៊ូ សុភី
  ក្រដាស
© រក្សាសិទ្ធិដោយ thmeythmey.com