ជាតិ
សិស្ស-និស្សិត​ ដែលស្រលាញ់សិល្បៈ អាចប្រឡងចូលរៀនឥតគិតថ្លៃ នៅសាលាមធ្យមវិចិត្រសិល្បៈ
25, Sep 2023 , 10:29 am        
រូបភាព
រូបភាពពី៖ សាលាមធ្យមវិចិត្រសិល្បៈ
រូបភាពពី៖ សាលាមធ្យមវិចិត្រសិល្បៈ
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងជ្រើសរើសសិស្ស-និស្សិត ចូលរៀនលើជំនាញជាច្រើន ដោយឥតថ្លៃសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ សាលា បានបើកទទួលពាក្យប្រឡង ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា។

 
សិស្ស-និស្សិត ដែលមានបំណងចូលរៀនជំនាញ ចម្រៀង ឧបករណ៍តន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប អាចដាក់ពាក្យប្រឡងចូលរៀន នៅសាលាមធ្យមវិចិត្រសិល្បៈដោយឥតគិតថ្លៃ។ បើតាមសេចក្តីជូនដំណឹងរបស់លោក ហេង កំសាន្ត នាយកស្តីពី សាលាមធ្យមវិចិត្រសិល្បៈ សម្រាប់វិញ្ញាសាប្រឡងបច្ចេកទេសជំនាញ គឺផ្ដោតទៅលើជំនាញខុសៗគ្នា ។ 
 
លោក ហេង កំសាន្ត  បានបញ្ជាក់ថា ជាក់ស្ដែងវិញ្ញាសា សម្រាប់សាលាតូរ្យតន្ត្រី គឺតម្រូវឱ្យបេក្ខជនស្រែកតាមសំឡេងព្យាណូ ទះដៃតាមចង្វាក់ ច្រៀងមួយបទ និងពិនិត្យម្រាមដៃ។ ចំណែក ផ្នែករបាំ ត្រូវពិនិត្យកាយសម្បទា ទះដៃតាមចង្វាក់ រាំច្រៀង ទេពកោសល្យ សម្ផស្ស និងសុខភាព។ 
 
ចំពោះះល្ខោន គឺមានវិញ្ញាសាសំឡេង នាដកម្ម(សម្ដែងឈុតខ្លី) ដងខ្លួន(ដំណើរល្អ កាយសម្បទា រូបសម្បត្តិ)។ សាលាសៀក វិញ្ញាសាកាយសម្បទា (មិនធ្លាប់បាក់ ឬគ្រេចដៃជើង) ភាពទន់ភ្លន់នៃរាងកាយ រាំតាមស្នូទះដៃ ឬចង្វាក់ ចុងក្រោយគឺសាលាសូនរូប គូរគំនូរមើលឃើញ (គូរវត្ថុមូលឬជ្រុង)។  ចំពោះវិញ្ញាសាប្រឡងចំណេះទូទៅវិញ សម្រាប់សិស្សថ្នាក់ទី៣ ដល់ ៧ គឺភាសាខ្មែរ និងគណិតវិទ្យា។ 
 
បេក្ខជនដែលស្រឡាញ់វិស័យសិល្បៈ អាចដាក់ពាក្យនៅការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ ដោយត្រូវភ្ជាប់ជាមួយពាក្យសុំប្រឡង ,ប្រវត្តិរូបសង្ខេប, សៀវភៅតាមដានការសិក្សា ឬលិខិតបញ្ជាក់ការសិក្សា បង្កាន់ដៃចូលប្រឡង សំបុត្រកំណើតថតចម្លងមួយច្បាប់ និងរូបថត ៤x៦ ចំនួន ៣សន្លឹក។  សាលា នឹងទទួលពាក្យប្រឡងរបស់សិស្ស-និស្សិត រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា។ ដោយឡែក  កាលបរិច្ឆេទប្រឡង នឹងធ្វើឡើង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕
 

Tag:
 សាលាមធ្យមវិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com