កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី៖ ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ចាប់ដៃគ្នាទៅវគ្គបន្ត ខណៈវៀតណាមធ្លាក់ត្រឹមវគ្គចែកពូល
25, Sep 2023 , 11:14 am        
រូបភាព
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ (U23) ពីតំបន់អាស៊ាន មីយ៉ាន់ម៉ា ថៃ និងឥណ្ឌូណេស៊ី សុទ្ធតែទទួលបានចំណាត់ថ្នាក់លេខ៣ល្អ ដើម្បីបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន លើកលែងវៀតណាម ដែលអស់ការប្រកួតត្រឹមវគ្គសន្សំពិន្ទុ។


U23 មីយ៉ាន់ម៉ា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងពូល A ក្រោយប្រកួត៣លើកឈ្នះ១ ចាញ់១ និងស្មើ១មាន៤ពិន្ទុ។ ប្រកួតចុងក្រោយមីយ៉ាន់ម៉ា ស្មើឥណ្ឌា ១-១ បន្ទាប់ពីចាញ់ចិន ៥-១ និងឈ្នះបង់ក្លាដែស ១-០ នៅជំនួបបើកឆាក។ ក្នុងពូល A នេះ ម្ចាស់ផ្ទះចិនដែលឈរកំពូលតារាង លេខ២ឥណ្ឌា និងមីយ៉ាន់ម៉ា បន្តទៅវគ្គ១៦ក្រុមចុងក្រោយ។
 
ពូល E ថៃ ក៏បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ល្អក្នុងពូលផងដែរ ក្រោយរកបាន២ពិន្ទុ ពីការប្រកួត៣លើក។ U23 ថៃ ប្រកួតស្មើបារ៉ែន និងកូវ៉ែត និងចាញ់ម្ចាស់ក្រុមការពារតំណែជើងឯកកូរ៉េខាងត្បូង ៩-០។ ក្នុងពូល E នេះ កូរ៉េខាងត្បូង ឈរកំពូលតារាងមាន៩ពិន្ទុពេញ រួមជាមួយ បារ៉ែន និងលេខ៣ថៃ បន្តទៅវគ្គខ្វែង ស្របពេល កូវ៉ែត ហាលអាវ។
 
កូរ៉េខាងជើង ក៏ជាក្រុមគួរចាប់អារម្មណ៍ផងដែរ ក្រោយបង្ហាញខ្លួនជាថ្មីក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ។ ស្ថិតក្នុងពូល F កូរ៉េខាងជើងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតាងមាន៩ពិន្ទុពេញ ដោយឈ្នះក្រុមទាំងបី ឥណ្ឌូណេស៊ី កៀហ្ស៊ីស៊ីស្ថាន និងឆាយនីសតៃប៉ិ។ កៀហ្ស៊ីស៊ីស្ថាន បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ និងឥណ្ឌូណេស៊ី បានលេខ៣ល្អ ស្របពេលឆាយនីសតៃប៉ិនៅបាតតារាង មិនអាចឡើងទៅវគ្គបន្តឡើយ។
 
វៀតណាម ជាក្រុមពីតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ក្នុងចំណោម៤ក្រុម ដែលអស់ការប្រកួតត្រឹមវគ្គចែកពូល។ បើទោះមាន៣ពិន្ទុ និងស្ថិតនៅលេខ៣ ក្នុងពួល B ប៉ុន្តែជ័យជម្នះរបស់វៀតណាម លើម៉ុងហ្គោលី មិនត្រូវបានរាប់បញ្ចូលឡើយ ដ្បិតឈ្នះក្រុមនៅបាតតារាង។ ២ប្រកួតផ្សេងទៀត វៀតណាម ចាញ់អារ៉ាប៊ីសាអូឌីត ៣-១ និងចាញ់អ៊ីរ៉ង់ ៤-០។ ក្នុងពូល B នេះ អ៊ីរ៉ង់ ដែលឈរកំពូលតារាងមាន៧ពិន្ទុ ស្មើក្រុមលេខ២ អារ៉ាប៊ីសាអូឌីត បានកៅអីទៅវគ្គបន្ត ស្របពេលវៀតណាម និង ម៉ុងហ្គោលី អស់ការប្រកួត។
 
ពូល D ដែលមានតែបីក្រុម ជប៉ុន ប៉ាឡេស្ទីន និងកាតា សុទ្ធតែបានកៅអីទៅកាន់វគ្គ១៦ក្រុម បើទោះនៅសល់ការប្រកួត១លើកទៀត​។ ជប៉ុន​ ឈរលេខ១បណ្តោះអាសន្ន តាមពីក្រោយដោយប៉ាឡេស៊្ទីន និងកាតា ដែលមាន១ពិន្ទុដូចគ្នា។ កាតា រកបាន១ពិន្ទុពីការប្រកួត២លើក ឯជប៉ុន ត្រូវប៉ះប៉ាឡេស្ទីននៅជំនួបចុងក្រោយ។
 
ពូល C ដែលពីរក្រុម ស៊ីរី និង អាហ្វហ្កានីស្ថាន ដកខ្លួនទៅហើយ សល់តែពីរក្រុម ហុងកុង និងអ៊ូសបេគីស្ថាន ត្រូវប្រកួតប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ១។ ហុងកុង និងអ៊ូសបេគីស្ថាន ត្រូវប្រកួតគ្នាពីរលើក​​ ដោយលើកទី១​ អ៊ូសបេគីស្ថាន ឈ្នះហុងកុង ១-០។
 
ក្រុម U23 ទាំង១៦ក្រុមដែលបានកៅអីទៅវគ្គខ្វែង រួមមាន ម្ចាស់ផ្ទះចិន ម្ចាស់ការពារតំណែងជើងឯកកូរ៉េខាងត្បូង ក្រុមរងជើងឯកជប៉ុន ឥណ្ឌា មីយ៉ាន់ម៉ា អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត ប៉ាឡេស្ទីន អ៊ូសបេគីស្ថាន ហុងកុង បារ៉ែន ថៃ កូរ៉េខាងជើង កៀហ្ស៊ីស៊ីស្ថាន កាតា និងឥណ្ឌូណេស៊ី៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com