ជាតិ
ក្រសួងអប់រំ នឹងបើកឱ្យមហាជនចូលរួមប្រកួតសរសេរតាមអាន ដើម្បីលើកតម្លៃអក្សរសាស្ត្រខ្មែរ
25, Sep 2023 , 2:39 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបជាមួយអគ្គលេខាធិការរង រដ្ឋសភា។ រូបពី MoETS
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបជាមួយអគ្គលេខាធិការរង រដ្ឋសភា។ រូបពី MoETS
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរតាមអាន ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ។

 
លោក ហង់ជួន ណារ៉ុន បានពិភាក្សាការងារជាមួយលោក លីម ប៊ុនហុក អគ្គលេខាធិការរង រដ្ឋសភា ពីគម្រោងមួយស្តីពីការរៀបចំកម្មវិធីសរសេរតាមអាន។ គោលបំណងនៃកម្មវិធីនេះ ដើម្បីលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែរ ដល់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ។ 
 
កម្មវិធីសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ ហើយដើម្បីទាញចំណាប់អារម្មណ៍សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ។ កម្មវិធីការប្រកួតសរសេរតាមអាន រៀបចំឡើងក្រោមចំណងជើងថា «សំណេរអង្គរ»។ ដូច្នេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែម ជុំវិញប្រវត្តិនៃរមណីយដ្ឋានអង្គរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ នេះជាការពន្យល់របស់ អគ្គលេខាធិការរង រដ្ឋសភា ទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី២២កញ្ញា ។

ក្រុមការងាររដ្ឋសភា។ រូបពីក្រសួងអប់រំ

លោក លីម ប៊ុនហុក បានស្នើសុំកិច្ចសហការ រៀបចំនិងគាំទ្រពីរដ្ឋមន្ត្រីអប់រំ រួមទាំងការជ្រើសរើសប្រធានបទសម្រាប់ការសរសេរតាមអាន«សំណេរអង្គរ» ។
 
ពាក់ព័ន្ធនឹង កម្មវិធីនេះ រដ្ឋមន្ត្រីអប់រំ លោក ណារ៉ុន បានយល់ព្រមចាត់មន្ត្រីជំនាញបច្ចេកទេស ក្នុងការងាររៀបចំកម្មវិធី សរសេរតាមអាន «សំណេរអង្គរ» នេះឱ្យបានត្រឹមត្រូវ និងតម្លាភាព តាមបច្ចេកទេសនៃគណៈកម្មការរៀបចំប្រឡង គណៈកម្មាការអនុរក្ស និងគ្រូកំណែតាមស្តង់ដា ដែលបានកំណត់។ ចំពោះ ប្រធានបទប្រឡងជាក់លាក់ រដ្ឋមន្ត្រីនឹងដាក់ចេញដោយផ្ទាល់និងសមស្របតាមកម្រិត លក្ខខណ្ឌនៃកម្មវិធី ៕

លោក លីម ប៊ុនហុក អគ្គលេខាធិការរង រដ្ឋសភា(អ្នកទីពីររាប់ពីឆ្វេង) និង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (អ្នកទីបីរាប់ពីឆ្វេង)។ រូបពី MoEYS


Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com