ជាតិ
សហគមន៍ទេសចរណ៍ធម្មជាតិកោះផ្ដៅ បាត់បង់ភ្ញៀវស្ទើរទាំងស្រុង បើទោះកូវីដ-១៩ ស្ងប់ស្ងាត់ក្តី
26, Sep 2023 , 9:09 am        
រូបភាព
រូបភាព៖ លោក ព្រំ សារិន
រូបភាព៖ លោក ព្រំ សារិន
ភ្នំពេញ៖ ធ្លាប់តែមានទេសចរមកលេងឥតដាច់ ប៉ុន្តែពេលនេះ សហគមន៍អេកូទេសចរណ៍កោះផ្ដៅ ស្ថិតនៅលើកោះរងាវ ស្រុកសំបូរ ខេត្តក្រចេះ បានបាត់បង់ភ្ញៀវស្ទើរទាំងស្រុង បន្ទាប់ពីជំងឺរាត្បាតកូវីដ-១៩ ស្ងប់ស្ងាត់។ ប្រហែលមួយឆ្នាំហើយ ពលរដ្ឋលែងទទួលបានចំណូលពីកញ្ចប់សេវាកម្មទេសចរណ៍ ខណៈពួកគេមានការនឹករឭក ភ្ញៀវទេសចរជាខ្លាំង ដោយទទូចឱ្យភ្ញៀវជាតិ និងអន្តរជាតិ ត្រឡប់មកវិញ។



សមាជិកផ្ទះស្នាក់នៃសហគមន៍អេកូទេសចរណ៍កោះផ្ដៅ លោក ស្រី បឿន បានឱ្យដឹងថា ថ្វីដ្បិតស្ថានភាពត្រឡប់មកភាពប្រក្រតីវិញ ប៉ុន្តែ បច្ចុប្បន្ន សហគមន៍ទេសចរណ៍របស់លោក មិនទាន់មានភ្ញៀវត្រឡប់មកវិញឡើយ។ មុនកូវីដ-១៩ ផ្ទះស្នាក់របស់​លោក បឿន អាចទទួលបានភ្ញៀវប្រមាណ១០០នាក់ក្នុងមួយឆ្នាំ ប៉ុន្តែក្រោយជំងឺស្ងប់ស្ងាត់ រហូតមកទល់ពេលនេះ លោកមិនទាន់ទទួលបានភ្ញៀវសូម្បីម្នាក់។ 
 
សហគមន៍អេកូទេសចរណ៍កោះផ្ដៅ មានសមាជិក៥៣នាក់ មកពី៤៨គ្រួសារ នៅក្នុងភូមិកោះផ្ដៅ និងភូមិសំភិន។ លោក ស្រី បឿន ជាសមាជិកម្នាក់ ដែលមានបម្រើសេវាកម្មផ្ទះស្នាក់ និងម្ហូបអាហារដល់ភ្ញៀវ។ បុរសវ័យ៧៦ឆ្នាំរូបនេះ បានបង្ហាញក្ដីនឹករឭក និងសោកស្ដាយយ៉ាងខ្លាំងចំពោះការធ្លាក់ចុះភ្ញៀវទេសចរ ដែលជាប្រភពចំណូលសំខាន់មួយ ក្រៅពីមុខរបរធ្វើស្រែចម្ការ។ 
  
ភ្ញៀវទេសចរអន្តរជាតិ ចូលរួមធ្វើស្រែជាមួយប្រជាសហគមន៍កោះផ្ដៅ។ រូបភាព៖ រដ្ឋបាលខេត្តក្រចេះ 

លោក ប្រាប់ដូច្នេះថា៖«ធ្លាប់តែភ្ញៀវមកមិនដែលដាច់ តែឥឡូវអត់ភ្ញៀវសោះ ខ្ញុំសោកស្ដាយ ហើយនឹកនាដែរ។ ប៉ុន្តែ ទោះបី នឹកប៉ុណ្ណា ក៏អត់បានមកវិញដែរ ហើយខ្ញុំក៏មិនដឹងមកពីអ្វីដែរ។ នៅពេលគ្មានភ្ញៀវបែបនេះ ចំណូលក៏គ្មានដែរ ព្រោះថា ភ្ញៀវជាតិក៏ដោយ អន្តរជាតិក៏ដោយ តែមកលេង គេផ្ដល់ចំណូលដល់ខ្ញុំ និងសហគមន៍ហើយ»។ 
 
សហគមន៍អេកូទេសចរណ៍កោះផ្ដៅ ត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៨ ស្ថិតនៅភូមិកោះផ្តៅ និងភូមិសំភិន ដែលជាភូមិពីរ ក្នុងចំណោមភូមិដ៏ទៃទៀតនៅលើកោះរងាវ។ ផ្តៅ និងសំភិន ជាភូមិរបស់ប្រជាជនដើមកំណើតខ្មែរ រស់នៅតាមបែបទំនៀមទំលាប់បុរាណ។ ទិន្នន័យឆ្នាំ២០១៥ ភូមិទាំងពីរនេះ មានប្រជាជនសរុបចំនួន ៤២៧គ្រួសារ ស្មើនឹង២,១៦៩នាក់។ ជាទូទៅប្រជាជនរស់នៅដោយពឹងផ្អែកលើរបរកសិកម្មតាមយថាផល ដើម្បីចិញ្ចឹមជីវិត ដូចជា ធ្វើស្រែ នេសាទត្រី ចិញ្ចឹមជ្រូក មាន់ ទា គោ ក្របី ដាំបន្លែ ធ្វើកម្មករ និងដំណាំតាមរដូវកាលផ្សេងៗទៀត។
 
នៅតំបន់នេះ សម្បូរទៅដោយធនធានធម្មជាតិដូចជា សត្វផ្សោតទន្លេមេគង្គ ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទក្នុងទន្លេមេគង្គ។ ចំណែកឯ ធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម។ ក្រៅពីនោះ ប្រជាជនក្នុងតំបន់ ក៏មានវប្បធម៌ដ៏ល្អក្នុងការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ សុជីវធម៌ មិនកេងបន្លំគ្នា ជាដើម។ 
 
នៅទីនោះ ភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វផ្សោត និងសត្វស្លាបច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ ជិះកង់ ឬម៉ូតូឌុបទស្សនាសហគមន៍ ជាដើម។ គ្រប់ភ្ញៀវទេសចរទាំងអស់ ចូលចិត្តស្វែងយល់ពីការរស់នៅ និងជីវភាពរបស់ពលរដ្ឋ ហើយពួកគេតែងតែចំណាយយ៉ាងតិច៥ទៅ៧ថ្ងៃ ដើម្បីស្នាក់នៅសហគមន៍ ព្រមទាំងបានចូលរួមក្នុងសកម្មភាពរស់នៅរបស់ពលរដ្ឋមួយចំនួនដូចជា ស្ទូងស្រូវ ច្រូតកាត់ និងជិះរទះ ជាដើម។
  


លោក ព្រំ សារិន ប្រធានសហគមន៍ទេសចរណ៍កោះផ្ដៅ បានលើកឡើងស្រដៀងនឹងលោក ស្រី បឿន ដែរថា​ តាំងពីកូវីដ-១៩ ធូរស្រាលមក ភ្ញៀវទេសចរបានធ្លាក់ចុះយ៉ាងគំហុក ពោលគឺមុនកូវីដ-១៩ សហគមន៍មួយនេះ អាចទទួលបានភ្ញៀវប្រមាណ៥០០នាក់ក្នុងមួយឆ្នាំ ។ ប៉ុន្តែរយៈពេល៨ខែឆ្នាំនេះ បានត្រឹម៥០នាក់ប៉ុណ្ណោះ។ 
 
ប្រធានសហគមន៍កោះផ្ដៅរូបនេះ សោកស្ដាយនឹងចំនួនភ្ញៀវទេសចធ្លាក់ចុះដ៏ច្រើនបែបនេះ ដែលវាធ្វើឱ្យពលរដ្ឋមូលដ្ឋានបាត់បង់ចំណូលរយៈពេលវែង ខណៈសេវាកម្មទេសចរណ៍មួយចំនួន ត្រូវបានទុកចោល លែងមានការមើលថែដូចមុន។
 
លោក ប្រាប់ដូច្នេះថា៖«មុនកូវីដ យើងបានភ្ញៀវច្រើន តែដល់ឥឡូវធ្លាក់ចុះខ្លាំង។ ការណ៍ដែលអត់សូវមានភ្ញៀវនេះ ទំនងមកពីសហគមន៍ខ្ញុំ បិទយូរជាងគេ ហើយនៅពេលរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការវិញ ចរន្តទេសចរណ៍ក៏ធ្លាក់ចុះតែម្ដង។ ដោយសារតែរោគរាត្បាតនេះហើយ វាបានឱ្យយើងបាត់បង់ចំណូលច្រើនដែរ»។ 
 
តាមរយៈពេលសារព័ត៌មានថ្មីៗ លោក ព្រំ សារិន និងលោក ស្រី បឿន បានអំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តក្នុងសហគមន៍អេកូទេសចរណ៍កោះផ្ដៅឡើងវិញ។ ចំណែក សហគមន៍វិញ បានតាំងចិត្តរៀបចំអនាម័យ សុវត្ថិភាព និងបំពេញចំណុចខ្វះខាតឱ្យប្រសើរឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត។ 
 
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ២.៥លាន ក្នុងចំណោមភ្ញៀវទេសចរសរុប១១លាននាក់ ។ ចំនួននេះ បានកើនឡើង៤០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ 
 

Tag:
 ទេសចរណ៍
  សហគមន៍អេកូទេសចរណ៍កោះផ្ដៅ
  កូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com