អន្តរជាតិ
ហ្វីលីពីន នឹងដករបាំងអណ្តែតទឹករបស់ក្រុងប៉េកាំងចេញពីសមុទ្រចិនខាងត្បូង
25, Sep 2023 , 9:59 pm        
រូបភាព
រូបភាព AP
រូបភាព AP
ហ្វីលីពីន នឹងដករបាំងអណ្តែតទឹករបស់ក្រុងប៉េកាំងចេញពីតំបន់ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Año បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែកញ្ញា។ បន្ថែមពីនេះ មន្រ្តីហ្វីលីពីន បានចាត់ទុកសកម្មភាពរបស់ចិន ជាការបំពានសិទ្ធិអ្នកនេសាទរបស់ខ្លួនផង។

 
ហ្វីលីពីនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិនថា បានពង្រាយរបាំងអណ្តែតទឹកប្រវែងប្រមាណ ៣០០ម៉ែត្រនៅជិតតំបន់ Scarborough Shoal នៅក្នុងថ្ងៃទី២២ ខែកញ្ញា ក្នុងគោលបំណងរារាំងប្រជាជនហ្វីលីពីនចូលនេសាទនៅតំបន់នោះ។
 
ក្រោយបញ្ហានេះ មន្រ្តីហ្វីលីពីន បានរិះគន់ទង្វើចិន ហើយប្រកាសចាត់វិធានការដករបាំងអណ្តែតទឹកទាំងនោះចេញ។ 
 
បើតាមលោក Eduardo Año ហ្វីលីពីន នឹងចាត់វិធានការទាំងអស់ ដើម្បីដករបាំងអណ្តែតទឹកទាំងនោះចេញពីតំបន់ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
 
«ការដាក់របាំងបែបនោដោយចិន បានបំពានសិទ្ធិនេសាទបែបប្រពៃណីនៃអ្នកនេសាទហ្វីលីពីន»។ ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៨ ខែកញ្ញា។
 
ស្របគ្នានេះ ក្រសួងការបរទេសហ្វីលីពីន បានចាត់ទុកសកម្មភាពរបស់ចិន បានបំពានច្បាប់អន្តរជាតិ ហើយហ្វីលីពីន នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ ក៏ដូចជាជីវភាពអ្នកនេសាទរបស់ខ្លួន។ 
 
នេះជាភាពតានតឹងរវាងហ្វីលីពីន និងចិនចុងក្រោយ បន្ទាប់ពីចិនបានបញ្ចេញផែនទីថ្មី រួមទាំងការទទូចពីសំណាក់ក្រុងប៉េកាំងឱ្យក្រុងម៉ានីល ដកចេញនូវនាវាចម្បាំងសល់ពីសម័យសង្រ្គាមលោកលើកទីពីរ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានមួយនៅក្នុងសមុទ្រចិនខាងត្បូង។ កន្លងមក កងល្បាតចិន បានបាញ់ទឹកដាក់កប៉ាល់របស់ហ្វីលីពីន ដើម្បីរារាំងមិនឱ្យផ្គត់ផ្គង់នាវាចម្បាំងសល់ពីសម័យសង្រ្គាមលោកលើកទីពីរនោះដែរ។ 
 
ជាការពិត ចិន បានទាមទារដែនទឹកស្ទើរតែ ៩០ភាគរយនៅក្នុងសមុទ្រចិនខាងត្បូង ដោយបានធ្វើឱ្យប៉ះពាល់ដល់បណ្តាប្រទេសអាស៊ានផ្សេងទៀតដូចជា វៀតណាម ព្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីនជាដើម។ 
 
ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ រដ្ឋាភិបាលក្រុងប៉េកាំង និងអាស៊ាន កំពុងពន្លឿនលើកិច្ចចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលអាចត្រូវបានប្រើជាយន្តការសម្រាប់ការដោះស្រាយជម្លោះ៕ 
 

Tag:
 ហ្វីលីពីន
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com