ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់វិនិយោគិនអាម៉េរិកពីការទទួលបានប្រយោជន៍ពីទីតាំងយុទ្ធសាស្រ្តនៅកម្ពុជា
26, Sep 2023 , 11:47 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកពីផលប្រយោជន៍នានា សម្រាប់វិនិយោគិនអាម៉េរិកមករកស៊ីនៅកម្ពុជា។ សម្ដេច ថ្លែងបែបនេះ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាម៉េរិក កាលពីថ្ងៃទី២២ កញ្ញា។



ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិក គឺពិតជាផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ថ្លែងចំពោះមុខអ្នកជំនួញអាម៉េរិកជាច្រើននាក់ សម្ដេច ហ៊ុន ម៉ាណែត​ បានសង្កត់ធ្ងន់ថា វិនិយោគិនអាម៉េរិក នឹងទទួលបានប្រយោជន៍ពីទីតាំងយុទ្ធសាស្រ្ត និងកម្លាំងពលកម្មវ័យក្មេង ដែលមានប្រាក់ឈ្នួលទាប ព្រមទាំងមានជំនាញសមស្របលើវិស័យកម្មន្តសាល។
 
នាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមថា៖« ការណ៍នេះ បានធ្វើឱ្យតម្លៃទំនិញផលិតនៅកម្ពុជាមានតម្លៃទាប​សម្រាប់អ្នកប្រើប្រាស់នៅ​សហរដ្ឋ​អា​មេរិក ខណៈកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។
 
រដ្ឋាភិបាលកម្ពុជា នឹងបង្កើនសន្ទុះការកែទម្រង់ស្ថាប័នគន្លឹះ និងដាក់ចេញនូវវិធានការនានា ដើម្បីដោះ​ស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ដែលបានជួបប្រទះកន្លងមក ជាពិសេស​បញ្ហា​បរិយាកាសធុរកិច្ច និងការវិនិយោគ ដែលត្រូវបានចាត់ទុកថា ជាបញ្ហាចម្បងជះឥទ្ធិពលជា​អវិជ្ជ​មាន​ដល់ការប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារអន្ដរជាតិ។
 
បើតាមសម្ដេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល នឹងយកចិត្តទុកដាក់ជាពិសេសលើកត្តាសំខាន់ចំនួន៦រួមមាន៖ ១៖ ការកែលម្អនីតិវិធីរដ្ឋបាល, ២៖ ការកាត់បន្ថយចំណាយបន្ទុកលើការដឹកជញ្ជូន និងឡូជីស្ទិក, ៣៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដូចជា ផ្លូវ ស្ពាន កំពង់ផែ អាកាសយាន​ដ្ឋាន ផ្លូវអយស្ម័យ​យាន និងការផ្គត់ផ្គង់អគ្គិសនី ដើម្បីលើកកម្ពស់ការតភ្ជាប់ និងលើកកម្ពស់ពាណិជ្ជកម្ម (នៅចុង​ឆ្នាំ២០២៣នេះ យើងនឹងបើកដំណើរការអាកាសយានដ្ឋានខ្នាតធំ មួយនៅសៀមរាប និងមួយទៀត​នៅភ្នំពេញ ក្នុងដើមឆ្នាំ២០២៤ ដើម្បីសម្រួលកំណើន), ៤៖ ការជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញ នេះជាកិច្ចការសំខាន់ព្រោះធនធានមនុស្ស គឺជាកត្តាគន្លឹះ ក្នុងការទាក់ទាញ និងរួម​ចំណែកក្នុងដំណើរការនិវត្តរបស់យើង, ៥៖ ការកែលម្អអភិបាលកិច្ចល្អ, ៦៖ ការដាក់ចេញឱ្យ​អនុវត្តន៍ នូវច្បាប់វិនិយោគបើកចំហរ និងទំនើប ច្បាប់នេះនឹងផ្ដល់នូវការលើកទឹកចិត្ត ដើម្បីទាក់​ទាញវិនិយោគប្រកបដោយគុណភាព និងវិស័យអាទិភាពមួយចំនួនដូចជា បច្ចេកវិទ្យា រថយន្ដ​អេឡិក​ត្រូនិក ថាមពលបៃតង និងសុខាភិបាលជាដើម។
 
«ខ្ញុំសូមគូសបញ្ជាក់ថា ច្បាប់នេះក៏បានបញ្ចូលនូវទស្សនទានដែលអនុញ្ញាតឲ្យយើងអាចបត់បែន ឆ្លើយតបតម្រូវការវិស័យឧស្សាហកម្ម ឬវិនិយោគិន ហើយយើងអាចបត់បែន និងប្រកួតប្រជែងកាន់​តែខ្លាំង និងកាន់តែប្រាកដនិយម ក្នុងការទាក់ទាញ់ និងឆ្លើយតបសេចក្ដីត្រូវការរបស់វិនិយោគិន»។ នេះបើតាមប្រមុខរដ្ឋាភិបាល ថ្លែងប្រាប់វិនិយោគិនអាម៉េរិក។
 
ដើម្បីជាច្រកនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិកឱ្យកាន់តែធំទូលាយថែមទៀត តាមរយៈ​សាជីវកម្ម​ពហុជាតិអាម៉េរិកនៅកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យវិនិយោគិន និងធុរជនសហ​រដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា។ «ខ្ញុំសង្ឃឹមថា វិនិយោគិននឹងឃើញពីកាលានុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពី​សក្ដានុ​ពល​សេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ យើងមានពាក្យស្លោក “បានឃើញម្ដង ប្រសើរជាង​បាន​ឮមួយពាន់ដង” ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជា»។ ប្រមុខរដ្ឋាភិបាល បន្ថែមបែបនេះ។
 
អាម៉េរិក និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរ​ណាស់​មកហើយ តាំងពីឆ្នាំ១៩៥០ ។ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ក៏បានរីកលូតលាស់យ៉ាងឆាប់រហ័ស ។ លំហូរពាណិជ្ជកម្មទ្វេភាគី បានឈានដល់ទំហំ ១៣.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ។ អាម៉េរិក នៅបន្ត​ជា​ទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជា។ ជាពិសេសសម្រាប់ទីផ្សារសម្លៀកបំពាក់ វាយនភណ្ឌ ស្បែក​ជើង និងផលិតផលសម្រាប់ការធ្វើដំណើរ។ តែការវិនិយោគដោយផ្ទាល់ពី​អាម៉េរិ​ក​នៅ​កម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជាអាម៉េរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅ​ក្នុង​សកលលោក។ 
 
សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា ទំហំវិនិយោគផ្ទាល់ពីអាម៉េរិក នៅកម្ពុជា បានបន្តកើនឡើងពី ២២៥លាន​ដុល្លារ នៅក្នុងឆ្នាំ២០១០ ដល់ ៨៩៣លានដុល្លារ នៅក្នុងឆ្នាំ​២០២២។
 
សាជីវកម្មពហុជាតិអាម៉េរិក ដែលវិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Ford កូកា-កូឡា Tiffany និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើនទំហំទីផ្សារកម្ពុជា និង​ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា៕
 

Tag:
 ហ៊ុន ម៉ាណែត
  ពាណិជ្ជកម្ម
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com