ជាតិ
ក្រសួង សម្រេចពន្យារពេលបង់ពន្ធអចលនទ្រព្យ ដល់ចុងខែតុលា
26, Sep 2023 , 9:29 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១តុលា។

 
យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ មកដល់ពេលនេះមាន ម្ចាស់អចលនទ្រព្យច្រើនបានទៅប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបាន
ប្រើប្រាស់សម្រាប់ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏ឃើញម្ចាស់អចលនទ្រព្យខ្លះ នៅមិនទាន់បានបង់ពន្ធនៅឡើយ។ ហេតុនេះ ទើបអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារបង់ពន្ធ។ 
 
អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យ ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច
ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធទាំងអស់ ត្រូវទៅសាខាពន្ធដារខេត្ត និងខណ្ឌ ដើម្បីស្នើសុំចុះបញ្ជីនិងបង់ពន្ធ។ 
 
សូមជម្រាបថា ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់
សម្រាប់ឆ្នាំ២០២៣ ផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញានេះ។ តែអគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលដល់ចុងខែ តុលាវិ៕ 
 
 

Tag:
 ពន្ធអចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com