អន្តរជាតិ
គណៈរដ្ឋមន្រ្តីថៃ អនុម័តការពន្យារពេលសងបំណុលរបស់កសិករ
26, Sep 2023 , 6:29 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
គណៈរដ្ឋមន្រ្តីថៃ បានអនុម័តរួចហើយលើផែនការពន្យារពេលសងបំណុលរបស់កសិករ។ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៦​ ខែកញ្ញា។ ការព្យួរបំណុលរបស់រដ្ឋាភិបាលនេះ នឹងធ្វើឡើងរយៈពេល ៣ឆ្នាំ ហើយអាចចំណាយថវិការដ្ឋាភិបាលប្រមាណ ៣០២.៧៨លានដុល្លារ។

 
តាមការសន្យារបស់លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ក្នុងសភានៅពេលកន្លងទៅ ពេលនេះ គណៈរដ្ឋមន្រ្តីថៃ បានអនុម័តរួចហើយលើផែនការពន្យារពេលសងបំណុលរបស់កសិករ។ តាមការបញ្ជាក់របស់លោក Julapun Amornvivat អនុរដ្ឋមន្រ្តីហិរញ្ញវត្ថ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែកញ្ញាថា ការពន្យារពេលសងបំណុលរបស់កសិករនេះ នឹងអនុវត្តរយៈពេល ៣ឆ្នាំ ហើយរដ្ឋាភិបាលនឹងខាតបង់ប្រាក់ប្រមាណ ៣០២,៧៨លានដុល្លារ។​
 
ទន្ទឹមនេះ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុរូបនេះ បានបន្តថា ការព្យួរបំណុលរបស់កសិករខាងលើ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា។ មិនតែប៉ុណ្ណោះ កសិករ ត្រូវបានអនុញ្ញាតឱ្យខ្ចីប្រាក់ត្រឹម ២៧៥១ដុល្លារ (១០ម៉ឺនបាត) ប៉ុណ្ណោះពីធនាគារកសិកម្ម និងស្ថាប័នផ្តល់កម្ចីផ្សេងៗ។ កសិករប្រមាណ ២,៧លាននាក់ មានសិទ្ធិ ក្នុងការចូលរួមក្នុងកម្មវិធីព្យួរបំណុល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
យ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃ ក៏កំពុងស្វះស្វែងផែនការថ្មីសម្រាប់កសិករផងដែរ ដើម្បីលើកទឹកចិត្តកុំឱ្យកសិករចូលកម្មវិធីពន្យារពេលសងបំណុលនេះច្រើនពេក  ក្នុងគោលបំណងកាត់បន្ថយបន្ទុកប្រចាំឆ្នាំរបស់រដ្ឋាភិបាល។ 
 
កន្លងមក រដ្ឋាភិបាលថៃ ក៏បានសន្យាជួយចែករំលែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូល៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com