ជាតិ
ជំងឺ​ភ្នែកក្រហម​នៅភូមិមួយក្នុងខេត្ត​រតនគិរី ឡើងជិត​ដល់​១០០ករណី
27, Sep 2023 , 1:59 pm        
រូបភាព
ដោយ: រួបរួម
អ្នក​ឆ្លងជំងឺរលាក​ភ្នែក ឬភ្នែក​ក្រហមនៅភូមិ​ប៉ក់​តូច ឃុំប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី មានចំនួន​៩៣ករណី (ស្រី៥៧នាក់)។ នេះ​បើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់ក្រសួង​សុខាភិបាល ដោយគិត​ត្រឹមថ្ងៃទី​២៥ ខែកញ្ញា។

 
ករណីផ្ទុះ​ជំងឺ​រលាកភ្នែកនេះ កើត​ឡើងដំបូងពី​អ្នកភូមិ​៨នាក់ ដែល​បានទៅចូលរួមបុណ្យ​សព​បង​ប្អូន​នៅភូមិ​ជាប់ព្រំប្រទល់​មួយក្នុងទឹក​ដី​ប្រទេស​វៀតណាម កាលពីថ្ងៃទី​១៤ ខែកញ្ញា។ ក្រសួង​សុខាភិបាល​រៀបរាប់ថា៖ «បន្ទាប់​ពី​ត្រឡប់មក​ផ្ទះ​វិញ ក៏មាន​ករណី​ឈឺភ្នែក​ក្រហម​កើតឡើង​ចំនួន​៤នាក់នៅផ្ទះ​ផ្សេងៗគ្នា និង​បន្ត​ចម្លង​រាល​ប៉ះពាល់​ដល់​អ្នក​ភូមិ​រហូត​ដល់​៧៣នាក់​ផ្សេងទៀត​ក្នុងចំណោម​ប្រជាជន​សរុប​៥៩៤នាក់​នៃភូមិ​ប៉ក់តូច»។
 
រោគសញ្ញា​ជំងឺភ្នែក​ក្រហម​ រួមមាន នៅ​ផ្នែក​សនៃភ្នែកឡើងពណ៌​ផ្កាឈូក ឬពណ៌ក្រហម ហើម​ត្របក​ភ្នែក (ស្រទាប់​ស្តើង​ដែល​តម្រង់​ផ្នែក​ពណ៌​សនៃភ្នែក និងផ្នែក​ខាងក្នុង​នៃ​ត្របក​ភ្នែក)។ រោគសញ្ញានេះ បណ្តាល​ឱ្យ​ហូរ​ទឹក​ភ្នែកច្រើនជាងមុន ជាពិសេសពេលព្រឹក ដោយសារមាន​ការ​កើនឡើងនៃការផលិតទឹកភ្នែក រកាំភ្នែក ដោយសារមានអារម្មណ៍​ថាមានអ្វីក្នុងភ្នែក ចង់ញីភ្នែក រមាស់ភ្នែក រលាក ក្រហាយភ្នែក មានអាចម៌ភ្នែក ចុកគ្រាប់ភ្នែក។
 
ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ជំងឺនេះ បណ្តាលមកពីមូលហេតុ៣ធំៗ គឺបង្ក​ដោយ​វីរុស ដែលអាច​លាយឡំផ្តាសាយ ឬជំងឺផ្លូវ​ដង្ហើម​ផ្សេងទៀត, បង្ក​ដោយ​បាក់តេរីដែលភាគច្រើន​មានអាចម៌ភ្នែកខ្ទុះ ត្របកភ្នែក​ស្អិតជាប់គ្នា និង​បង្កដោយអាឡែស៊ី ដែលអាច​កើតឡើងជាមួយ​រោគ​រមាស់ច្រមុះ កណ្តាស់ រមាស​បំពង់​ករ ឬហឺត។
 
អ្នក​ដែល​មានជំងឺ​ភ្នែក​ក្រហម ត្រូវ​បានណែនាំឱ្យ​លាង​ដៃញឹក​ញាប់, ជៀសវាង​ការញីភ្នែក ឬត្រដុសភ្នែក, ប្រើ​ដៃស្អាតសម្អាត​ទឹក​រំអិល​ជុំវិញភ្នែក, សម្អាតវែនតា, កុំប្រើ​ប្រាស់​របស់ឡូកឡំជាមួយ​អ្នក​ដទៃ រួម​ទាំង​វិធានអនាម័យ​ផ្សេងៗទៀត។
 
បើតាមក្រសួងសុខាភិបាល ករណីភាគច្រើន​នៃជំងឺភ្នែក​ក្រហមគឺស្រាល ដោយជាធម្មតាការឆ្លង និងសះស្បើយ គឺក្នុងរយៈពេលពី​៧ទៅ​១៤​ថ្ងៃ។ ករណីខ្លះ​ ការរលាកភ្នែក​ដោយវីរុស​ត្រូវការពេល​ពី​២ ទៅ​៣សប្តាហ៍ដើម្បីព្យាបាល ដោយគ្រូពេទ្យ​អាច​ផ្តល់​ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំ​បន្តក់ភ្នែក ដាក់ភ្នែក ឬថ្នាំអាឡែហ្ស៊ី ជាដើម៕ 
 

Tag:
 រតនគិរី
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com