ជាតិ
កម្ពុជា ​ស្វាគមន៍​កិច្ចសហការ​នាំចូលជីកសិកម្មពីរុស្ស៊ី និងនាំកសិផល​​ចេញ​ទៅវិញ
27, Sep 2023 , 7:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម (ឆ្វេង) និងលោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។ រូបភាព៖​ក្រសួងកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម (ឆ្វេង) និងលោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។ រូបភាព៖​ក្រសួងកសិកម្ម
ភ្នំពេញ៖ កម្ពុជា ​ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និង​ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​រុស្ស៊ី។ ឱកាស​នៃការ​បើក​ច្រកទីផ្សារកសិកម្មរបស់កម្ពុជានៅរុស្ស៊ីនេះ ត្រូវបានលើក​​ឡើងដោយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ជំនួប​ជាមួយ លោក អាណា​តូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ​កម្ពុជា នៅថ្ងៃទី ២៦ ខែកញ្ញា។

 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា គាំទ្រចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយ​ហេតុថា រុស្ស៊ីជាប្រទេសផលិតជីកសិកម្មដ៏ធំមួយនៅលើពិភពលោក ខណៈជម្លោះ​ជាមួយ អ៊ុយក្រែន បានធ្វើឱ្យតម្លៃជីក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកហក់ឡើងខ្ពស់។ ប្រសិនបើកម្ពុជាអាចនាំចូលជីពីរុស្ស៊ីដោយផ្ទាល់បាន វានឹងជួយកាត់បន្ថយការចំណាយលើ ថ្លៃដើមផលិតរបស់កសិករ។
 
លោក អួន ស៊ីឡុត បន្ថែមដូច្នេះថា៖ «ការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនេះ គឺជា​រឿង​ល្អ ព្រោះថា រុស្ស៊ីជាប្រទេសផលិតជី និងមេជី ដ៏ធំមួយនៅលើពិភពលោក។ សូម្បីតែ រោង​ចក្រ​របស់​បណ្ដា​ប្រទេសលោកខាងលិច ដែលនៅវៀតណាម ថៃ ក៏ត្រូវទិញ​មេជីពីរុស្ស៊ី​ទាំង​អស់​។ តាំង​ពី​មានសង្រ្គាមជាមួយអ៊ុយក្រែនមក បណ្ដាប្រទេសលោកខាងលិចទាំងនោះ អត់​ទិញ ជីពីរុស្ស៊ីទេ ដូច្នេះ វាបានធ្វើឱ្យជីឡើងថ្លៃ»។
 
បើតាមប្រធានសមាគមស្វាយចន្ទី មុនវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជីមានតម្លៃ ៤៩០​ដុល្លារ ប៉ុណ្ណោះ ក្នុងមួយតោនប៉ុន្តែពេលនេះ តម្លៃជីបានកើនដល់ ៧២៥ដុល្លារ ក្នុងមួយតោន។ បញ្ហានេះ កំពុងធ្វើឱ្យកសិករត្អូញត្អែរ​ពីមាត់មួយទៅមាត់មួយ ហើយអ្នកខ្លះរងការខាតបង់ រហូតបោះបង់ របរកសិកម្មចោលតែម្ដង។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បាន ជំរុញ​ឱ្យក្រសួងកសិកម្ម ពន្លឿនការងារឱ្យ​បានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាកសិករទាន់​ពេលវេលា។ 
 
ចំពោះការនាំចូលផលិតផលកសិកម្មកម្ពុជាទៅរុស្ស៊ីវិញ លោក អួន ស៊ីឡុត យល់ឃើញថា មានសញ្ញាវិជ្ជមានជាច្រើន ដោយសារតែរុស្ស៊ី មានទីផ្សារធំ ខណៈផលិតផល​កសិកម្ម​លេចធ្លា​របស់គេ មានតែស្រូវសាលីប៉ុណ្ណោះ។ ដោយឡែក គ្រឿងទេស និងផលិតកសិកម្ម​ផ្សេងទៀត មិនសូវសម្បូរ​ ដូច្នេះប្រសិនបើ កសិផលកម្ពុជា​អាច​បង្ហាញខ្លួ​ន​នៅទីផ្សារ​រុស្ស៊ី​បាន វានឹងអាចជួយធ្វើពិពិធ​កម្មទីផ្សារកសិកម្មកម្ពុជា កាន់តែច្រើន៕
 

Tag:
 ជីកសិកម្ម
  កម្ពុជា-រុស្ស៊ី
  ឌិត ទីណា
  អាណាតូលី បូរ៉ូវីក
© រក្សាសិទ្ធិដោយ thmeythmey.com