ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទស្សនកិច្ចក្រៅប្រទេសដំបូងរបស់លោក សេដ្ឋា ថាវីស៊ីន និងជាភ្ញៀវជាន់ខ្ពស់ដំបូងរបស់សម្តេច ហ៊ុន ម៉ាណែត
28, Sep 2023 , 10:43 am        
រូបភាព
កាលពីថ្ងៃទី២២ ខែសីហា សម្តេច ហ៊ុន ម៉ាណែត បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ស្របពេលដែលលោក សេដ្ឋា ថាវីស៊ីន នៃគណបក្សភឿថៃ ត្រូវបានសភាបោះឆ្នោតយល់ព្រមតែងតាំងលោកជានាយករដ្ឋមន្ត្រីទី៣០របស់ថៃ។ ជាងមួយខែក្រោយមក ពោលគឺនៅថ្ងៃទី២៨ ខែកញ្ញានេះ លោក សេដ្ឋា ថាវីស៊ីន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ខណៈរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ក៏ទទួលស្វាគមន៍ភ្ញៀវជាប្រមុខរដ្ឋាភិបាលលើកដំបូងផងដែរ។



លោក សេដ្ឋា ថាវីស៊ីន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង១០និង៣០នាទី ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ហើយអមដោយ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

លោកត្រូវបានទទួលស្វាគមន៍ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនៅវិមានសន្តិភាព មុនឈានដល់កិច្ចប្រជុំទ្វេភាគីរវាងមេដឹកនាំនៃប្រទេសជិតខាងទាំងពីរ។ ក្រោយកិច្ចពិភាក្សា នឹងមានពិធីប្រគល់ និងទទួលមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត។

សន្និសីទសារព័ត៌មានរួមនឹងត្រូវរៀបចំឡើង ដោយមានការបកប្រែភាសាខ្មែរ-ថៃ។ នៅវេលាថ្ងៃត្រង់ សម្តេច ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការជូនប្រតិភូលោកនាយករដ្ឋមន្ត្រីថៃ ដោយពុំមានការថ្លែងសុន្ទរកថាអ្វីនោះឡើយ។

នៅថ្ងៃដដែល លោក សេដ្ឋា ថាវីស៊ីន អមដំណើរដោយលោក ហួត ហាក់ និងលោក ហ៊ុន សារឿន បន្តដំណើរទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។

នៅពេលរសៀល លោកនាយករដ្ឋមន្ត្រីថៃ ចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ចំពោះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី មុននឹងចូលជួបសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅវិមាន៧មករា។

ក្រោយទទួលអាហារស្វាគមន៍ដែលរៀបចំដោយសម្តេច ហ៊ុន សែន លោក សេដ្ឋា ថាវីស៊ីន ចាកចេញពីរាជធានីភ្នំពេញ តាមយន្តហោះពិសេសទៅកាន់ប្រទេសថៃវិញ នាវេលាម៉ោង៧ល្ងាច៕



© រក្សាសិទ្ធិដោយ thmeythmey.com