អន្តរជាតិ
កូរ៉េខាងជើង បញ្ជូនទាហានដែលឆ្លងដែនអន្តរកូរ៉េដោយខុសច្បាប់ឱ្យអាម៉េរិកវិញ
28, Sep 2023 , 1:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ទាហានអាម៉េរិកម្នាក់ ដែលបានរត់គេចខ្លួនទៅកូរ៉េខាងជើងនៅក្នុងខែកក្កដា បានស្ថិតនៅក្រោមការឃុំខ្លួនរបស់អាម៉េរិកហើយ ក្រោយត្រូវបានក្រុងព្យុងយ៉ាងដោះលែងវិញ ក្រោមការសម្របសម្រួលពីសំណាក់ស៊ុយអែត និងចិន។



 
ពលទោ ​Travis King ដែលមានវ័យ ២៣ឆ្នាំ បានឆ្លងព្រំដែនទៅក្នុងកូរ៉េខាងជើង នៅក្នុងខែកក្កដាកន្លងទៅ តាមរយៈក្រុមដំណើរកម្សាន្តមួយ ក្បែរព្រំដែនអន្តរកូរ៉េ ដើម្បីគេចផុតពីការដាក់ពិន័យយោធា។ ក្រោយការឃុំខ្លួន២ខែ កូរ៉េខាងជើងប្រគល់ទាហានរូបនេះឱ្យអាម៉េរិកវិញ
 
មន្រ្តីអាម៉េរិក បានបញ្ជាក់ពីការដោះលែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៧ ខែកញ្ញា ក្រោយការសម្របសម្រួលការទូតពីស៊ុយអែត និងការជួយសម្រួលពីចិនតាមរយៈព្រំដែនខ្លួន មុនបញ្ជូនទៅកូរ៉េខាងត្បូងវិញ ដើម្បីបញ្ជូនទៅអាម៉េរិក។ លោក King ទំនងមានសុខភាព និងស្មារតីល្អ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
«យើងមានសេចក្តីរីករាយក្នុងការប្រកាសនៅព្រឹកនេះថា... រដ្ឋាភិបាលអាម៉េរិក បានសម្របសម្រួលដោយជោគជ័យលើការផ្ទេរពលទោ Travis King ចេញពីកូរ៉េខាងជើង»។ មន្រ្តីជាន់ខ្ពស់អាម៉េរិក បានសង្កត់ធ្ងន់បែបនេះ។ 
 
ការប្រកាសនេះ ធ្វើឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានចុះផ្សាយថា ទាហានអាម៉េរិករូបនេះ  ត្រូវបានក្រុងព្យុងយ៉ាងសម្រេចបណ្តេញចេញពីប្រទេស បន្ទាប់ពីមានការស៊ើបអង្កេត នៅពេលកន្លងមក។ ទីភ្នាក់ងារព័ត៌មានដដែលនេះ បានបន្ថែមថា លោក King បានសារភាព ខ្លួនចូលកូរ៉េខាងជើងខុសច្បាប់។ 
 
ទាហានអាម៉េរិករូបនេះ ត្រូវបានបញ្ជូនចេញពីកូរ៉េខាងជើងទៅក្រុងDandong របស់ចិន មុនពេលហោះហើរទៅទីក្រុងចិន Shenyang រួចបន្តទៅមូលដ្ឋានទ័ពអាកាស  Osan Air Base នៅកូរ៉េខាងត្បូង ដើម្បីបញ្ជូនទៅអាម៉េរិក។ កន្លងមក ទាហានអាម៉េរិករូបនេះ បានសារភាពថា លោកមានការមិនពេញចិត្តនឹងយោធាអាម៉េរិក ដែលមានការរើសអើងពូជសាសន៍។ 
 
ក្រោយការសម្របសម្រួលខាងលើ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ជាថ្មីពីឆន្ទៈក្នុងការបន្តកិច្ចសន្ទនាឡើងវិញជាមួយក្រុងព្យុងយ៉ាង។ ត្រង់ចំណុចនេះ អាម៉េរិក ចង់បង្ហាញពីឆន្ទៈរបស់ខ្លួនលើកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ ដែលជាប់គាំង តាំងពីឆ្នាំ២០១៩ មក៕ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com