កីឡាជាតិ
ជាតិ
កីឡាអាស៊ី៖ ៥ប្រភេទកីឡារបស់កម្ពុជា ចប់ភារកិច្ច ខណៈមិនទាន់រកបានមេដាយ
28, Sep 2023 , 6:29 pm        
រូបភាព
កីឡាតេក្វាន់ដូ រូបពីគណៈកម្មាធិការជាតិអូឡាំពិក
កីឡាតេក្វាន់ដូ រូបពីគណៈកម្មាធិការជាតិអូឡាំពិក
៥ប្រភេទកីឡា ក្នុងចំណោម១៧ប្រភេទកីឡារបស់កម្ពុជា បានបញ្ចប់ភារកិច្ចពីព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ Asian Games នៅទីក្រុងហាងចូវ ខណៈកម្ពុជា នៅពុំទាន់ឈ្នះមេដាយណាមួយឡើយ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា។ ប្រទេសពីអាស៊ីអាគ្នេយ៍ចំនួន៨រកបានមេដាយរៀងខ្លួន។

 
គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា មិនទាន់ឈ្នះមេដាយណាមួយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅឡើយទេ។ ដោយឡែកបណ្ដាលប្រទេសក្នុងតំបន់អាស៊ាន ថៃ បានមេដាយសុរប ចំនួន១៨, ឥណ្ឌូណេស៊ី មេដាយសរុប ១៦, សិង្ហបុរី មេដាយសរុប៩, ម៉ាឡេស៊ី ចំនួន ៨ មេដាយ, វៀតណាម ១២មេដាយ, ហ្វីលីពីន ៦មេដាយ, ព្រុយណេ ១មេដាយ និង ឡាវ ២មេដាយ។ ចំណែក ៣ប្រទេសផ្សេងទៀត កម្ពុជា មីយ៉ានម៉ា និងទីម័រខាងកើត សុទ្ធតែមិនទាន់បានមេដាយ នៅឡើយទេ។
 
កីឡាហែលទឹក, តេក្វាន់ដូ WT, យូដូ, គុនដាវ និងបាល់ទះក្នុងសាល បុរស របស់កម្ពុជាបានបញ្ចប់ភារប្រកួត ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនេះទៅហើយ។ កម្ពុជា នៅសល់ ១២ ប្រភេទកីឡាទៀត ដែលនៅបន្ដប្រកួត។ ១២ប្រភេទនោះ មាន អត្ដពលកម្ម, វាយសី, បាល់បោះ ៣ ទល់ ៣, គ្រីឃីត, ទូកនាគ, ជឺជិតស៊ូ, ការ៉ាតេ, អុកចិន, ទូកក្ដោង, សូហ្វតិន្នីស, ទ្រីយ៉ាត្លុង និង ចំបាប់។

កីឡាហែលទឹក រូបពីគណៈកម្មាធិការជាតិអូឡាំពិក

ក្រោយការប្រកួតផ្លូវការរយៈពេល៦ថ្ងៃមក ម្ចាស់ផ្ទះចិននៅតែរក្សាចំណាត់ថ្នាក់កំពូលមេដាយច្រើនដាច់គេចំនួន ១៥៧ មេដាយ ក្នុងនោះមាស៨៤​ ប្រាក់៤៨ និងសំរឹទ្ធ២៥ តាមពីក្រោយដោយកូរ៉េខាងត្បូងដែលមានមេដាយសរុប៧៧ មាស២០ ប្រាក់២០ និងសំរឹទ្ធ៣៧ ខណៈជប៉ុន ឈរលេខ៣ ដោយរកបានមេដាយមាស១៨ ប្រាក់២៩ និងសំរឹទ្ធ២៦ សរុប៧៣។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ បានចាប់ប្រកួតពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែកពិធីបើក ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកញ្ញា ហើយការប្រកួត នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com