ជាតិ
ពីនេះ ពីនោះ
«តមាត់» គឺ​សងសម្តីទៅវិញទៅមក រីឯ «តមមាត់» គឺប្រកាន់មិនស្តីរក​គ្នា ឬហាមនិយាយផ្តេសផ្តាស
02, Oct 2023 , 7:29 am        
រូបភាព
«តមាត់» ជាកិរិយាសព្ទ មានន័យថា ឆ្លើយឆ្លងសងសម្ដីមួយម៉ាត់ទៅមួយម៉ាត់មក, សងសម្ដីទៅវិញទៅមក។ យើងក៏អាចនិយាយ​បានថា «តមាត់តពាក្យ» ឬ «តមាត់តសម្តី» ក៏បាន។

 
រីឯ «តមមាត់​» វិញ គឺតម ឬ​ប្រកាន់​មិនស្តី​រកគ្នា។ ជាសំនួន​វោហារសព្ទ ពាក្យនេះ សំដៅ​លើ​ការ​ហាមនិយាយផ្ដេសផ្ដាសនៅទីកន្លែងសក្ដិសិទ្ធឬទីសក្ការបូជា :  ត្រូវតមមាត់នៅពេលដើរព្រៃ។  
 
សម្រាប់ពាក្យ «តម» គឺមាន​ន័យថា កាន់ត្រណម, ចៀសវាងមិនប្រព្រឹត្ត, មិនធ្វើ :  តមបង្អែម, តមខ្លាញ់ ...។  រីឯ «ត្រណម» គឺ​ ដំណើរ ឬអំពើដែលតម :  កាន់ត្រណម, ដាច់ត្រណម, ត្រាស់ត្រណម។  
 
តមអាហារ មានន័យថា មិនបរិភោគអាហារឬផ្អាកពិសាអាហារមួយរយៈ :  តមអាហារផ្អាប់, តមអាហារសាច់, តមអាហារដើម្បីសុខភាព៕
 
ប្រភព​៖ វចនានុក្រម​ខ្មែរ២០២២ ដែលចេញ​ផ្សាយ​ដោយក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា
 

© រក្សាសិទ្ធិដោយ thmeythmey.com