អន្តរជាតិ
ចំនួនប្រជាជននៅសិង្ហបុរីកើនឡើង ស្របពេលខណៈអ្នកធ្វើការបរទេសត្រឡប់ទៅវិញ
30, Sep 2023 , 12:39 pm        
រូបភាព
ចំនួនប្រជាជនរបស់សិង្ហបុរីបានកើនឡើង៥ភាគរយ ខណៈដែលជនបរទេសដែលធ្វើការក្នុងប្រទេស​នេះបានវិលត្រឡប់ទៅវិញបន្ទាប់ពីជំងឺរាលដាលកូវីដ-១៩។

ប្រជាជន៥,៩លាននាក់នៅសិង្ហបុរីគិតត្រឹមខែមិថុនា ដោយកើនឡើងពី៥,៦លាននាក់កាលពី​ខែ​មិថុនា​ឆ្នាំមុន។ ក្នុងនោះ ៦១ភាគរយជាជនជាតិសិង្ហបុរី ៩ភាគរយជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ និង ៣០​ភាគរយ​ជាជនបរទេសធ្វើការ ឬសិក្សានៅក្នុងប្រទេស។ អ្នកធ្វើការបរទេសចំនួន១៦២,០០០នាក់ ចូលសិង្ហបុរី​ចាប់ពីខែមិថុនាឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំនេះ។
 
បើតាមនាយកដ្ឋានចំនួនប្រជាជន និងទេពកោសល្យជាតិ ការកើនឡើងដ៏ធំបំផុតបានមកពី​កម្មករក្នុងវិស័យសំណង់ រោងចក្រផលិតកប៉ាល់សមុទ្រ និងផ្នែកកែច្នៃអាហារ ខណៈក្រុមហ៊ុនខ្លះក៏​បាន​ទទួលយកអ្នកធ្វើការបន្ថែមទៀតសម្រាប់គម្រោងដែលត្រូវបានពន្យារពេលដោយសារជំងឺកូវីដ-១៩។
 
ទីផ្សារការងារនៅតែមិនទាន់ទូលាយដដែលចាប់តាំងពីប្រទេសនេះបានទម្លាក់វិធានការរឹតបន្តឹងនានា​កាលពីខែមេសាឆ្នាំមុន។ សេដ្ឋកិច្ចសិង្ហបុរី បានកើនឡើង៣,៦ភាគរយក្នុងឆ្នាំ២០២២។
 
យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​រំពឹង​ថា​កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ។ កាលពីខែសីហា សិង្ហបុរីបានបង្រួមការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនមកនៅត្រឹម០,៥​ភាគរយ​ទៅ១,៥ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ពី​០,៥ភាគរយទៅ២,២ភាគរយពីឆ្នាំមុន។
 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ចំនួនប្រជាជនសិង្ហបុរីបានធ្លាក់ចុះ២ភាគរយ។ វាជាលើកទីមួយ​ហើយ​ដែលចំនួនប្រជាជនប្រទេសនជបានធ្លាក់ចុះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ខណៈដែល​ជនបរទេស​ចំនួន៤៧,០០០នាក់បានចាកចេញចំពេលមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងអំឡុងការផ្ទុះជំងឺកូវីដ-១៩។ ចំនួនប្រជាជនបានធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២១ នៅដែលពលករបរទេស១៤៧,០០០ នាក់​បាន​ចាកចេញ ហើយចំនួនប្រជាជនធ្លាក់ចុះមកត្រឹម៥,៤៥លាននាក់៕
 
 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com