ជាតិ
រដ្ឋបាលខេត្តសៀមរាបណែនាំឱ្យមន្រ្តីតាមដាន និងបង្ការការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់
01, Oct 2023 , 4:59 pm        
រូបភាព
ជំនន់ទឹកភ្លៀងនៅខេត្តសៀមរាបនៅឆ្នាំ២០២២។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
ជំនន់ទឹកភ្លៀងនៅខេត្តសៀមរាបនៅឆ្នាំ២០២២។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានណែដល់មន្រ្តីពាក់ព័ន្ធ ត្រៀមតាមដាន គ្រប់គ្រង និងឆ្លើយតប បញ្ហាគ្រោះមហន្តរាយ ខណៈដែលកម្ពុជានឹងរងសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់នៅដើមសប្ដាហ៍នេះ។

រដ្ឋបាលខេត្តបានប្រាប់ដល់មន្រ្តីពាក់ព័ន្ធត្រូវ មានការប្រុងប្រយ័ត្ន តាមដាន គ្រប់គ្រង ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយគ្រោះទឹកជំនន់ ខណៈដែលមានការព្យាករណ៍ថា មានភ្លៀងធ្លាក់ពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី៤ តុលា។ ក្រសួងធនធានទឹក បានប្រកាសថា កម្ពុជានឹងរងឥទ្ធិពលជ្រលងសម្ពាធទាប (ITCZ) នឹងបង្កឱ្យមានជំនន់ទឹកភ្លៀង​លិចបណ្ដាខេត្តមួយចំនួន។ 
 
ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ រដ្ឋបាលខេត្តបានណែនាំដល់បណ្ដាឃុំ-ស្រុក ត្រូវយកចិត្តទុកដាក់ ពិនិត្យ តាមដាន និងផ្សព្វផ្សាយ អប់រំ ណែនាំដល់ពលរដ្ឋ អំពីបញ្ហាទាំងនេះ។ ត្រូវផ្សព្វផ្សាយតាមឧបករណ៍ ឬមធ្យោបាយផ្សេងៗ ពីគ្រោះថ្នាក់នៃការលេងទឹក និងការខូចខាតទ្រព្យសម្បត្តិនៅពេលមានទឹកជំនន់ កើតឡើង។ ប្រាប់ពលរដ្ឋឱ្យការពារ ថែរក្សាកូនចៅកុំឱ្យលេងទឹកផ្ដេសផ្ដាស។ល។
 
រដ្ឋបាលខេត្តក៏បានក្រើនរឭកដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំផែនការ អន្ដរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ និងត្រៀមបម្រុងសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងផ្សព្វផ្សាយណែនាំឱ្យពួកគេយល់ពីអនាម័យ ដើម្បីចៀសវាងបញ្ហាជំងឺឆ្លងផ្សេងៗ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com