ជាតិ
មន្ត្រីទូតកម្ពុជាប្រចាំឡាវ ជួយនារីខ្មែរ៦នាក់ ពីការជួញដូរហើយ
01, Oct 2023 , 5:39 pm        
រូបភាព
ក្រុមនារីរងគ្រោះខ្មែរ ដែលត្រូវជនខិលខូចជួញដូរទៅប្រទេសឡាវ។ រូបពី បណ្ដាញសង្គមហ្វេសប៊ុក
ក្រុមនារីរងគ្រោះខ្មែរ ដែលត្រូវជនខិលខូចជួញដូរទៅប្រទេសឡាវ។ រូបពី បណ្ដាញសង្គមហ្វេសប៊ុក
ភ្នំពេញ៖ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ជួយសង្គ្រោះនារីខ្មែរ៦នាក់ ចេញពីការជួញដូរ ។ មន្ត្រីស្ថានទូតកម្ពុជា ក៏កំពុងបន្តសហការជាមួយអាជ្ញាធរឡាវ ជួយសង្គ្រោះស្ត្រីម្នាក់ទៀតដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំឡាវ។ 

កាលថ្ងៃទី៣០កញ្ញា មានវីដេអូមួយ ត្រូវបានចែកចាយបន្តគ្នា លើបណ្ដាញសង្គម ដោយក្នុងនោះនារីរងគ្រោះអះអាងថា មានគ្នា៧នាក់ ត្រូវបានជនខិលខូចបោកប្រាស់ឱ្យទៅធ្វើការនៅខេត្តបូរកែវ ដែលជាតំបន់ត្រីកោណមាស។ ក្រោយមកពួកគេទាំងនោះ ក៏បានរត់គេចចេញពីកន្លែងធ្វើការ។ ហេតុនេះ ទើបពួកគេ សុំឱ្យអាជ្ញាធរ ជួយសង្គ្រោះ ដើម្បីត្រឡប់មកកម្ពុជាវិញ។
 
បន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំឡាវទទួលបានដំណឹងខាងលើ ក៏បានទាក់ទងមន្រ្តីឡាវនៅតំបន់នោះ ដើម្បីចុះជួយអន្តរាគមន៍។ លុះនៅរសៀលថ្ងៃទី៣០កញ្ញា ដដែល សមត្ថកិច្ចក៏បានជួយសង្រ្គោះពលរដ្ឋខ្មែរ៦នាក់ ហើយបញ្ជូនទៅទីកន្លែងសុវត្ថិភាព។ ដោយឡែក នារីរងខ្មែររងគ្រោះម្នាក់ទៀត ដែលមិនបានរត់គេចចេញពីកន្លែងការងារ ត្រូវបានអាជ្ញាធរបន្តតាមដាន និងជួយសង្គ្រោះ ក្នុងពេលឆាប់ៗខាងមុននេះ។ 
 
ស្ថានទូតកម្ពុជាប្រចាំឡាវ បញ្ជាក់ថា នារីម្នាក់ដែលមិនបានរត់គេចខ្លួនពីកន្លែងការងារ ជាមួយនារីប្រាំមួយផ្សេងទៀត ដោយសារនារីនោះ មានអាការៈមិនស្រួលខ្លួន ហើយងើបមិនរួច ហើយបន្តស្នាក់នៅកន្លែងធ្វើការនោះ។ មកដល់ពេលនេះ សមត្ថកិច្ចឡាវកំពុងបន្តខិតខំជួយសង្រ្គោះនារីម្នាក់ទៀត៕ 
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com