ជាតិ
ជើងហោះហើរត្រង់សៀមរាប-កូរ៉េ នឹងនាំទេសចរកូរ៉េកាន់តែច្រើនមកសៀមរាប
01, Oct 2023 , 9:39 pm        
រូបភាព
យន្តហោះក្រុមហ៊ុន Sky Angkor Air។ រូបភាពពីបណ្ដាញសង្គម
យន្តហោះក្រុមហ៊ុន Sky Angkor Air។ រូបភាពពីបណ្ដាញសង្គម
សៀមរាប៖​ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Air បានប្រកាសពីការចាប់ផ្តើមហោះហើរត្រង់ សៀមរាប-កូរ៉េនៅចុងឆ្នាំនេះ។ ការណ៍នេះធ្វើឱ្យគេរំពឹងថា ទេសចរជនជាតិកូរ៉េនឹងមកកាន់ខេត្តសៀមរាប មានចំនួនច្រើន។



ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបបានសាទរចំពោះដំណឹងនៃការចាប់ផ្តើមហោះហើរត្រង់ពី សៀមរាប-កូរ៉េ របស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Air ដែលនឹងចាប់ផ្តើមនៅខែធ្នូខាងមុខ។ ក្រុមហ៊ុននេះនឹងហោះហើរជារៀងរាល់ថ្ងៃ។ 
 
លោក គិម ប៊ុនថាន់ អ្នកជួលសេវាកម្មរថយន្តដឹកទេសចរបានបង្ហាញអារម្មណ៍រីករាយចំពោះដំណឹងនេះ។ លោករំពឹងថា ចង់មិនចង់ទេសចរកូរ៉េនឹងចាប់ផ្តើមមានចំនួនច្រើនឡើងវិញ ក្រោយមានជើងហោះហើរត្រង់ដូច្នេះ។ 
 
ចំណែកអភិបាលរងខេត្តសៀមរាប លោក យុន លីនណេ យល់ថា នេះជាដំណឹងល្អសម្រាប់ខេត្តសៀមរាប ដែលជើងហោះហើរត្រង់នេះនឹងកាត់បន្ថយចំណាយមួយចំនួនដល់ទេសចរ និងទាំងពេលវេលា។ លោកសង្ឃឹមថា ចំនួនទេសចរនឹងមានការកើនឡើង។
 
ជាមួយគ្នានេះ ដំណឹងដែលអភិបាលរងក្ដាប់បាន គឺទេសចរអឺរ៉ុបនឹងមកទស្សនាខេត្តសៀមរាបក្នុង​ចំនួនច្រើនចាប់ពាក់កណ្ដាលខែតុលា ដល់ខែវិច្ឆិកា។ លោក លីនណេ បញ្ជាក់ថា តួលេខតាមសណ្ឋាគារមួយចំនួន គឺត្រូវបានទេសចរកក់រួចទៅហើយ។ 
 
ទាក់ទងនឹងការហោះហើរនេះដែរ លោក យុន លីនណេ បានបញ្ជាក់ថា ព្រលានយន្តហោះថ្មីសៀមរាប-អង្គរ នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៦ តុលា ក្នុងនោះព្រលានចាស់នឹងត្រូវបិទទាំងស្រុង​នៅយប់ម៉ោង១២ ថ្ងៃទី១៥ តុលា។ 
 
ចំពោះការហោះហើរត្រង់សៀមរាប-កូរ៉េ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានសរសេរអបអរជាមួយដំណឹងនេះដែរ។ លោក មហាំម៉ាត់ យូណេះ បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុកដូច្នេះថា៖« ដំណឹងល្អ! ជើងហោះហើរត្រង់ Sky Angkor Air ទៅកាន់Korea។ ការហោះហើរត្រង់មានសារសំខាន់សម្រាប់ទេសចរណ៍ខេត្តសៀមរាបពីប្រទេសកូរ៉េ។ វានឹងផ្តល់ភាពងាយស្រួលកាន់តែច្រើន ហើយតម្លៃសមរម្យ នឹងកាន់តែងាយស្រួលសម្រាប់​ភ្ញៀវទេសចរកូរ៉េ មកទស្សនាខេត្តសៀមរាប ដែលជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចក្នុងស្រុក និងជួយលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌រវាងកូរ៉េ និងកម្ពុជា»៕
 
 

Tag:
 ទេសចរណ៍កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com