ជាតិ
STC រៀបចំប្រកួតកីឡាវាយកូនហ្គោលរៃអង្គាសថវិកាជួយសិស្សក្រីក្ររៀនជំនាញបដិសណ្ឋារកិច្ច
01, Oct 2023 , 6:59 pm        
រូបភាព
ការប្រកួតកីឡាវាយហ្គោលដែលរៀបចំឡើងដោយក្លឹបទេសចរណ៍ STC
ការប្រកួតកីឡាវាយហ្គោលដែលរៀបចំឡើងដោយក្លឹបទេសចរណ៍ STC
សៀមរាប៖ សមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានរៀបចំកម្មវិធីប្រកួតវាយ កូនហ្គោល ដើម្បីរៃអង្គាសថវិកាជួយក្នុងគម្រោងវគ្គបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច ដែលកំពុងគាំពារសិស្សក្រីក្រ៣០០នាក់មកពីបណ្ដាស្រុកទាំង១២ ក្នុងខេត្តសៀមរាប។

លោក ហ្វីលីព សែត កៅ ប្រធានក្លឹប STC បានចាត់ទុកការប្រកួតនេះ ជា ផ្នែកមនុស្សធម៌​ដ៏សំខាន់ ដើម្បីជួយយុវជនខ្វះខាត មានការសិក្សាទាប​ឱ្យមានចំណេះជំនាញសមរម្យ​ទៅថ្ងៃអនាគត។ យុវជនទាំងនោះ ត្រូវបានជ្រើសរើសពីបណ្ដាស្រុកទាំង១២ ក្នុងខេត្តសៀមរាប ឱ្យចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច ដូចជាផ្នែកការិយាល័យជួរមុខ គេហកិច្ច ភោជនីយដ្ឋានជាដើម។ នេះជាខែទី៥ហើយនៃវគ្គបណ្ដុះបណ្ដាលនេះ ​នៅសល់មួយទៀតប៉ុណ្ណោះ​ពួកគេ​​នឹងចេញទៅបំពេញការងារតាមសណ្ឋាគារ​និងភោជនីយដ្ឋានផ្សេងៗដើម្បី​ប្រកបការងារ​តាមជំនាញ​​ដែល STC បានបង្ហាត់បង្រៀន។ 
 


តាមការបញ្ជាក់ពីលោក ហ្វីលីព អ្នកចូលរួមប្រកួតកីឡាវាយកូនហ្គោលនេះសរុប៤០នាក់ ដែលម្នាក់ៗត្រូវបង់វិភាគទានចូលរួម២៩៩ដុល្លារអាមេរិក ហើយថវិកាទាំងអស់ដែលប្រមូលបាន នឹងត្រូវយកទៅផ្តល់ជូនក្នុងគម្រោងបណ្ដុះបណ្ដាលខាងលើ ដូចជាផ្គត់ផ្គង់ការឧបត្ថម្ភ ការស្នាក់នៅ និងអាហារដល់សិស្សទាំងនោះ។ ចំនួននេះមិនរាប់ពីថវិកាដែលក្រុមហ៊ុនមួយចំនួន ចូលរួមឧបត្ថម្ភនោះទេ។ 
 
ក្រៅពីដើម្បីជួយសិស្សហើយ កម្មវិធីប្រកួតកីឡាវាយកូនហ្គោលនេះ ក៏មានបំណងដើម្បីផ្សព្វផ្សាយដល់​​វិស័យទេសចរណ៍​ខេត្តសៀមរាបផងដែរ។ តាមការបញ្ជាក់ពីលោក ហ្វីលីព នេះជាលើកទី៤ហើយ ដែល STC រៀបចំការប្រកួតនេះឡើង ដើម្បីផ្សព្វផ្សាយដល់ទេសចរពីប្រភេទកីឡានេះនៅក្នុងខេត្តសៀមរាប។
 


គម្រោង Pre-Employment Program ដែលរៀបចំឡើងដោយ STC  ទទួលបានសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគាំទ្រមួយផ្នែកទៀតពីគម្រោង ហូកា របស់ក្រសួងទេសចរណ៍។ ការអនុវត្តគម្រោងនេះមានបញ្ហា​ហិរញ្ញវត្ថុបន្ដិច ដោយទាមទារឱ្ STC ប្រឹងកៀរគរថវិកាបន្ថែម ដើម្បីបំពេញការចំណាយ និងការឧបត្ថម្ភប្រចាំខែដល់សិស្សនៅក្នុងគម្រោងដែលសិក្សា​រយៈពេល៦ខែ។
 
សូមបញ្ជាក់ថា កម្មវិធីប្រកួតកីឡាវាយកូនហ្គោលនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣០  កញ្ញា នៅទីលានវាយហ្គោលភូគីត្រា និងថ្ងៃទី១ តុលា នៅទីលានអង្គរហ្គោល៕
 
 
 
 
 
 

Tag:
 សមាគមក្លឹបទេសចរណ៍សៀមរាប
  STC
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com