ជាតិ
អ្នកបន្តវេនជំនាន់ទី៤នៃក្រុមល្ខោនស្រមោលស្បែកធំដ៏ចំណាស់ លោក ជៀន សុផាន ប្ដេជ្ញាមិនឱ្យបាត់បង់
01, Oct 2023 , 8:19 pm        
រូបភាព
លោក ជៀន សុផាន ប្រធានក្រុមល្ខោនស្រមោលស្បែកធំលោកតា ទី ជៀន ខេត្តសៀមរាប។ រូបភាព៖ ថោង ប្រណី
លោក ជៀន សុផាន ប្រធានក្រុមល្ខោនស្រមោលស្បែកធំលោកតា ទី ជៀន ខេត្តសៀមរាប។ រូបភាព៖ ថោង ប្រណី
សៀមរាប៖ លោក ជៀន សុផាន គឺជាអ្នកបន្តវេនជំនាន់ទី៤ នៃគ្រួសារល្ខោនស្រមោលស្បែកធំ​ដ៏ចំណាស់មួយ​​នាទីក្រុងសៀមរាប។ សិល្បកររូបនេះអះអាងថា គ្រួសាររបស់លោកបានអភិរក្ស​ល្ខោនស្បែកនេះចូល៣០០ទៅ៤០០ឆ្នាំមកហើយ គឺតាំងពីជំនាន់ជីទួតជីលួតរបស់លោកមកម្ល៉េះ។

កើតក្នុងគ្រួសារល្ខោនស្រមោលស្បែកធំ លោក ជៀន សុផាន មានចិត្តស្រឡាញ់សិល្បៈនេះតាំងពីតូចៗ។ នៅកុមារភាព កុមារ ជៀន សុផាន បានឃើញជីតាធ្វើស្បែកធំ និងបង្ហាត់បង្រៀនសិស្សឱ្យចេះពីសិល្បៈ បុរាណមួយនេះ ហើយលោកក៏បានរៀនផងដែរ។ ក្រោយមរណភាពជីតាទៅ ក្នុងចំណោមចៅទាំងអស់​មានតែ លោក ជៀន សុផាន ម្នាក់គត់ដែលខំពុះពារស្នងតួនាទី និងអភិរក្សល្ខោនស្បែក​នេះនៅក្នុងគ្រួសារ។ 
 
នៅឆ្នាំ២០០០ ក្រុមល្ខោនស្រមោលស្បែកធំលោកតា ទី ជៀន ខេត្តសៀមរាប ត្រូវបានបង្កើតឡើង ដែលលោក ជៀន សុផាន បានដាក់ឈ្មោះជីតា និងបានឧទ្ទិសដល់លោកដែលខំអភិរក្សថែរក្សាសិល្បៈ​បានតមកដល់ជំនាន់លោក។​ បច្ចុប្បន្នក្រុមល្ខោននេះក៏មានបង្ហាត់បង្រៀនកូនសិស្ស ដើរសម្ដែង និងដាប់ស្បែកធំសម្រាប់លក់ដល់ភ្ញៀវទេសចរផងដែរ។

លោក ជៀន សុផាន និងកូនសិស្សកំពុងដាប់ឆ្លាក់ចម្លាក់ស្បែកធំ។ រូបភាព៖ ថោង ប្រណី

ដ្បិតជាមរតកវប្បធម៌ដែលចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិក្ដី តែប្រជាជនខ្មែរភាគតិចណាស់ដែលចេះមើល និងយល់ពីតម្លៃនៃល្ខោនស្រមោលស្បែកនេះ។​ លោក ជៀន សុផាន ប្រាប់ថា ខុសពីជនបរទេស ពលរដ្ឋខ្មែរច្រើនមិនសូវចេះមើលការសម្ដែងល្ខោននេះទេ ហើយច្រើនដើរចេញ ក្រោយទស្សនាការសម្ដែងបានបន្ដិចដ្បិតមិនយល់អត្ថន័យ។ យ៉ាងណា ថ្មីៗនេះក្រុមសម្ដែងរបស់លោកបានខិតខំផ្សព្វផ្សាយ និងពន្យល់អ្នកទស្សនាមុនពេលសម្ដែងម្ដងៗ ដើម្បីឱ្យពួកគេយល់ពីតម្លៃ និងដឹងពីសាច់រឿងដែលត្រូវសម្ដែង។
 
ច្បាស់ណាស់ថា ជាអ្នកបន្តវេនជំនាន់ទី៤ លោក សុផាន ក៏ចង់ឱ្យកូនចៅបន្តវេនពីលោកទៀតលើ​សិល្បៈស្បែកធំនេះ។ យ៉ាងណា បុរសវ័យជាង៤០ឆ្នាំរូបនេះមិនទាន់ច្បាស់ថាតើកូនចៅខ្លួនអាចស្នង ការងារនេះជំនួសលោកបានដែរឬយ៉ាងណាទេ ព្រោះបច្ចុប្បន្នពួកគេមើលឃើញពីការលំដាកដែលលោក ខំដើម្បីសិល្បៈមួយនេះ។ មិនសូវមានអ្នកគាំទ្រ ឬជួលទៅសម្ដែង រូបមិនសូវមានអ្នកទិញ ធ្វើឱ្យកូនចៅលោក សុផាន មិនចង់បន្តកិច្ចការងារនេះពីឪពុក៕
 
 

Tag:
 ល្ខោនស្បែកធំ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com