ជាតិ
ក្រសួង នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នៅខែវិច្ឆិកា
02, Oct 2023 , 8:29 am        
រូបភាព
ពិព័រណ៍ការងារដែលក្រសួងការងារ រៀបចំនាពេលកន្លងមក។ រូបពី NEA
ពិព័រណ៍ការងារដែលក្រសួងការងារ រៀបចំនាពេលកន្លងមក។ រូបពី NEA
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២៣» លើកទី១៣ រយៈពេល២ថ្ងៃ គឺថ្ងៃទី១០និង១១ វិច្ឆិកា ដើម្បីប្រមូលផ្ដុំការជ្រើសរើសកម្លាំងពលកម្ម ហើយក៏ជាឱកាសសម្រាប់អ្នកស្វែងរកការងារធ្វើផងដែរ។

ពិព័រណ៍ការងារលើកទី១៣ នឹងរៀបចំឡើងនៅ សាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ហើយក៏មានរៀបចំតាមប្រព័ន្ធអនឡាញទៀតផង។ កម្មវិធីនេះ ក្រសួងជាអ្នករៀបចំឡើង ដោយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែងជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា រួមទាំងអង្គការអន្តរជាតិខាងការងារ(ILO)។ 
 
យោងតាមសេចក្ដីជូនដំណឹង គោលបំណងនៃការរៀបចំពិព័រណ៍ការងារ គឺដើម្បីឱ្យនិយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម សម្រាប់ជាការទាក់ទាញអ្នកស្វែងរកការងារធ្វើ។ ចំណែក អ្នកស្វែងរកការងារធ្វើ គឺអាចចូលរួមដោយសេរី ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ 
 
ជាមួយគ្នាដែរ អ្នកស្វែងរកការងារធ្វើ អាចដាក់ពាក្យធ្វើការងារនិងសម្ភាសផ្ទាល់ បានភ្លាមៗក្នុងកម្មវិធីនោះ។ គោលបំណងនៃកម្មវិធីខាងលើ គឺលើកកម្ពស់ការបង្កើនផលិតភាពការងារ និងពង្រីកបណ្ដាញទំនាក់ទំនងផ្នែកធនធានមនុស្សផងដែរ៕ 
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com