ជាតិ
អភិបាលខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ នៅទន្លេវ៉ៃគោ
02, Oct 2023 , 9:29 am        
រូបភាព
ការប្រណាំងទូកនាពេលកន្លងមក។ រូបពី រដ្ឋបាលខេត្តស្វាយរៀង
ការប្រណាំងទូកនាពេលកន្លងមក។ រូបពី រដ្ឋបាលខេត្តស្វាយរៀង
ភ្នំពេញ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោនៅថ្ងៃទី១៨-១៩វិច្ឆិកា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្ត។

អភិបាលខេត្តស្វាយរៀង សម្រេចរៀបចំការប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ដើម្បីបង្កបរិយាកាសឱ្យកាន់តែសប្បាយរីករាយ ដល់ពលរដ្ឋទស្សនាកម្សាន្ត មុនពេលបុណ្យអុំទូកប្រពៃណីជាតិខ្មែរមកដល់ ។
 
លោក ប៉េង ពោធិ៍សា អំពាវនាវឱ្យសាធារណជន រួមទាំងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលមានទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ចុះឈ្មោះនៅមន្ទីរទេសចរណ៍ខេត្ត សម្រាប់ការចូលរួមប្រណាំងទូក។ 
 
នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ប្រពៃណីជាតិ នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ដល់២៨វិច្ឆិកា។ សូមជម្រាបថា ការប្រណាំង​ទូកជាទូទៅ មាន​រយៈពេល ៣​ថ្ងៃ​ ដែល​ត្រូវនឹងថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ត្តិ​ក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ 
 
ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២ តែប៉ុណ្ណោះ ពោលគឺនៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ត្តិ​ក​។​ ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្ល៉េះ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com