ជាតិ
កញ្ញា ណាន់ ម៉ារ៉ា នឹងប្រើជំនាញច្បាប់ដែលខ្លួនរៀនជាខ្នងបង្អែកសម្រាប់ជនជាតិដើមភាគតិច
02, Oct 2023 , 10:29 am        
រូបភាព
ភ្នំពេញ​៖ កញ្ញា ណាន់ ម៉ារ៉ា ជាជនជាតិដើមភាគតិចមួយរូប ដែលត្រៀមមនឹងបញ្ចប់ការសិក្សាបរិញ្ញាបត្រ ច្បាប់ ដែល​​ជាកម្រិតសិក្សាខ្ពស់មួយ សម្រាប់សហគមន៍ជនជាតិដើមភាគតិចនិងពិសេសសម្រាប់​ស្ត្រីផងនោះ​​។ ការខិតខំប្រឹងដើម្បីទទួលការអប់រំខ្ពស់ គឺជាមោទកភាពមួយសម្រាប់ យុវតីជនជាតិភាគតិចដែល​មាន​ស្រុកកំ​ណើតនៅ​ខេត្តរតនគិរីរូបនេះ។ កញ្ញា ណាន់ ម៉ារ៉ា គូសបញ្ជាក់ថា នាងនឹងប្រើប្រាស់ជំ​នាញ​ច្បាប់របស់ខ្លួន ការពារយុវត្តិធម៌​សម្រាប់សហគមន៍ជនជាតិដើមភាគតិច។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងតាមដានវីដេអូខាងក្រោមនេះ៖ 
 
 
​ក្រោយ​ធ្វើ​ការ​ជាមួយសហគមន៍ ​ជនជាតិ​ដើម​ភាគ​តិច​បាន​៦​ខែ កញ្ញា ណាន់ ម៉ារ៉ា ដែល​ធ្លាប់​ជា​ក្មេង​ស្រី​ខ្លាច​មនុស្សច្រើន​ និង​មិន​សូវ​មាន​ទំនាក់​ទំនង ​ជា​មួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន បាន​សម្រេច​ចិត្ត​ចូល​រៀន​ជំនាញ​ច្បាប់​។ រៀន​ច្បាប់​ក៏​ព្រោះ​នាង​ចង់​ជួយ​ ជន​ជាតិ​ដើម​ភាគ​តិច ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្សេង​ៗ​ ពិសេស​ក្រោយ​មិត្ត​ភ័ក្ដិ​ស្រី​របស់​នាង ស្ពាយ​​រឿង​អយុត្តិធម៌​​​​ទៅ​ក្នុង​ផ្នូរ​។
 
ជា​ក្មេង​ស្រី​មាន​ស្រុក​កំណើត​ ​ក្នុង​ភូមិ​តឺន ឃុំតឺន ស្រុក​កូន​មុំ ខេត្ត​រតនគិរី បច្ចុប្បន្ន​កញ្ញា ណាន់ ម៉ារ៉ា ជា​មន្ត្រី​ជំនួយ​ការគម្រោង​ ផ្នែក​ពង្រឹង​សមត្ថភាព​សហគមន៍ និង​ការ​ប្រមូល​ទិន្នន័យ ក្នុងអង្គការ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា។ នារី​សម្បុរ​ស សក់​វែង​រលោង​រូប​នេះ ទៅ​ថ្ងៃ​អនាគត ចង់​ក្លាយ​ជា​​ក្រឡាបញ្ជី និង​អ្នកជំនាញ​​ប្រឹក្សា​ផ្នែក​ច្បាប់​។
 
ដើម​ហេតុ​ដែល​នាំ​ឱ្យ​ នារី​ជន​ជាតិ​ដើម​ភាគ​តិចគ្រឹង​​រូប​នេះ មាន​ក្ដី​ស្រមៃ​ដូច​ខាង​លើ ក៏​ព្រោះ​តែ​នាង​បាន​មើល​ឃើញ​ថា ជន​ជាតិ​ដើម​ភាគ​តិច ភាគ​ច្រើន​បំផុត​រង​គ្រោះ​ ដោយ​សារ​តែ​ពួក​គេ​ពុំ​បាន​យល់​ដឹង​ពី​ច្បាប់​ ហើយ​​ពួក​គេ​ពិបាក​រក​ជំនួយ​ផ្សេង​ៗ​។ 
 
ម៉ារ៉ា ដែល​កំពុង​ត្រៀម​ការ​ពារ​សារណា ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាជំនាញ​ច្បាប់​ ពន្យល់​ដូច្នេះ​៖«ក្រោយ​ពី​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​​សហគមន៍ ​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​រយៈ​ ខ្ញុំ​បាន​មើល​ឃើញ​ទុក្ខ​លំបា​ក​ជាច្រើន ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ជួប​ប្រទះ​។ ខ្ញុំ​គិត​ថា ប្រសិន​ខ្ញុំ​ចេះ​ច្បាប់​ ទោះ​ខ្ញុំ​មិន​អាច​ជួយ​អ្វី​ច្រើន​ដល់​គាត់ ក៏​ខ្ញុំ​អាច​ផ្ដល់​ជា​ការ​ប្រឹក្សា​ដល់​គាត់​បាន​ដែរ​»។
  

ក្រៅ​ពី​បញ្ហា​​រួម​របស់​ ជន​ជាតិ​ដើម​ភាគ​តិច​ជាទូទៅ ការ​ចាប់​យក​​ជំនាញច្បាប់​ ក៏​ដោយ​សារ​រឿង​បុគ្គល​ដែរ​។ និយាយ​ទាំង​អួល​ដើម​ករ​ និង​ខំ​ទប់​អារម្មណ៍ ហើយ​កែវ​ភ្នែ​ក​រលីង​រលោង​ ម៉ារ៉ា ថា​មិត្តភ័ក្ដិ​ស្រី​របស់​នាង ត្រូវ​បាន​គេ​រំលោភ​សម្លាប់​។ មិត្ត​និង​គ្រួសារ​របស់​មិត្ត​នាង គ្មាន​​សង្ឃឹម​ថា​អាចរក​​ឃើញ​ ពន្លឺ​យុត្តិធម៌​ឡើយ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ នាង​ថាការ​រៀន​ច្បាប់​ គឺ​កើត​​ចេញ​ពី​ការ​ឈឺ​ចាប់យ៉ាង​ខ្លាំង​​ ចំពោះ​រឿង​ខាង​លើ​នេះ​។
 
នារី​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​៧​នាក់​រូប​នេះ ថា​បើ​ទោះបី​ជា​ជំនាញ​ច្បាប់​ ពុំ​អាច​ជួយ​មិត្ត​របស់​នាង​បាន​ក៏​ដោយ ក៏​នាង​នឹង​យក​ជំនាញ​នេះ ទៅ​ជួយ​ជន​ជាតិ​ដើម​ភាគ​តិច​ផ្សេង​ៗ​ទៀត ពិសេស​គឺ​ស្រ្តី​តែ​ម្ដង​។
 
«​ទោះ​បី​ជា​ខ្ញុំ​មិន​អា​ច​ជួយ​គាត់បាន តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​អាច​ ធ្វើ​ការ​ងារ​ផ្នែក​ច្បាប់ ជួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ខ្ញុំ​ដែល​ជាមនុស្ស​ស្រី នៅ​ពេល​ដែល​គាត់​មាន​បញ្ហា។ ខ្ញុំ​អាច​ជា​មនុស្ស​ម្នាក់ ដែល​​ជួយ​ប្រឹក្សា​យោបល់ ជូន​ពួក​គាត់​បាន​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ ម៉ារ៉ា។ 
 
មុន​មក​ដល់​ចំណុច​ដែល​ធ្វើ​ឱ្យ​ ម៉ារ៉ា មាន​សេចក្ដី​ក្លាហាន​បែប​នេះ ដំបូង​ឡើយ​ នាង​គឺ​ជា​មនុស្ស​ដែល​ខ្លាច​គេ​ និង​មិន​ចូល​ចិត្ត​រស់​នៅ​ក្បែរ​មនុស្ស​ច្រើន​​ ពិសេស​នាង​ពុំ​អាច​ធ្វើ​អ្វី​តែ​ម្នាក់​ឯង​បាន​ឡើយ​។ ក្រោយ​រៀន​ចប់​ថ្នាក់​ទី​១២ នាង​បាន​ឡើង​មក​រៀន​នៅ​ភ្នំពេញ ចាប់​ជំនាញ​ សេដ្ឋកិច្ច​កសិកម្ម​ តាម​មិត្ត​ភ័ក្ដិ។ ប៉ុន្តែ​នៅ​ទី​បំផុតទៅ មិត្ត​របស់​នាង ពុំ​បាន​ឡើយ​មក​រៀន​ជា​មួយ​នាង​ឡើយ ដែល​ធ្វើ​ឱ្យ​នាង​​បោះ​បង់​ចោល​ការ​សិក្សា​ដែរ។
  


​ក្រោយ​ពី​ត្រឡប់​ទៅភូមិ​វិញ អ្នក​ភូមិ​តែង​សួរ​នាំ​នាង​អំពី​ការ​រៀន​សូត្រ និង​បាន​ដាក់​បន្ទុកនាងជា​ច្រើន​ ធ្វើ​ឱ្យ​នាង​ខ្មាស​គេ​ជា​ខ្លាំង ហើយ​នាង​រំលឹក​បែបនេះ​៖«ពេល​ខ្ញុំ​ត្រឡប់​ទៅ​ភូមិ​វិញ គេ​សួរ​ខ្ញុំ​ថា​ការ​រៀន​សូត្រ​យ៉ាង​ម៉េច​ហើយ​។ គេ​ថា​មិន​ទៅ​ប្រឡង​គ្រូ​ឱ្យ​ជាប់​។ គេ​ថា​ហ្នឹង​ហើយ​ប្រាប់​មិនជឿ ថា​កុំ​ឱ្យ​ទៅ​រៀន ឃើញ​ទេ​ប្រឡប់​មក​ស្រុក​វិញ​អ៊ីចឹង។ ពេល​នោះ​ខ្ញុំ​តាន​តឹង​ខ្លាំង​មែន​ទែន​»។
 
ជា​សំណាង​ល្អ ខណៈ​ពេល​ដែល​នាង​រង​សម្ពាធ​ពី​អ្នក​ភូមិ អង្គការ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា បាន​ទាក់​ទង​មក​នាង ​ឱ្យ​ចូល​ធ្វើ​ការ​ងារ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​។ ដំបូង​ឡើយ ​នាង​មិន​ចង់​ធ្វើ​ការ​ងារ​នោះទេ ព្រោះ​នាង​មិន​ចូល​ចិត្ត​ធ្វើ​ការ​ជា​មួយ​មនុស្ស​ច្រើន និង​មិន​អា​ច​រស់​នៅ​​តែ​ម្នាក់​ឯង។ ​ប៉ុន្តែ​សម្ពាធ​ពី​មាត់​អ្ន​ក​ភូមិ បាន​ជំរុញ​ឱ្យ​នាង​ប្រថុយ​ធ្វើ​ការ​ងារ​នោះ​។
 
នារី​​វ័យ​​​២៣​ឆ្នាំ ដែល​មាន​​បង​ប្អូន​ស្រី៤​នាក់​រូប​នេះ តែង​តែ​មិន​ទុក​ចិត្ត​លើ​សមត្ថភាព​របស់​ខ្លួន​ឯង​ជានិច្ច។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើ​ការ​ក្នុង​អង្គការ​បាន​មួយ​រយៈ​ ធ្វើ​ឱ្យ​នាង​​កត់​សម្គាល់​ឃើញ​ថា តាម​ពិត​នាង​អាច​រស់​នៅ​តែ​ម្នាក់​ឯង​បាន​ ហើយ​ក៏​អាច​ធ្វើ​ការ​ជា​ច្រើន​ បាន​តែ​ម្នាក់ឯង​បាន​ដែរ​។
 
«ពី​មុនបើ​មិន​មាន​មិត្ត​ខ្ញុំ ខ្ញុំ​មិន​ហាន​ដើរ​ចេញ​ទៅ​ណា​​តែ​ម្នាក់​ឯង​ទេ។ ប៉ុន្តែ​ពេល​ធ្វើ​ការ​ក្នុង​អង្គការ ខ្ញុំ​បែរ​ជា​អាច​ស្នាក់​នៅ​ក្នុង​ស្នាក់​ការ​តែ​ម្នាក់​ឯង​បាន​ ខ្ញុំ​អាច​ចុះ​ទៅ​ធ្វើ​ការ​ឆ្ងាយ​ៗ​តែ​ម្នាក់​ឯង​បាន​»។
 
ក្រោយ​ធ្វើ​ការ​ជាមួយ​សហគមន៍ ​ជន​ជាតិ​ដើម​ភាគ​តិចបាន​៦​ខែ ម៉ារ៉ា កើត​ចិត្ត​ចង់​ចូល​រៀន​វិញ។ ហើយ​ពេល​នោះ​ហើយ​ដែល​នាង​ចាប់​យក​ជំនាញ​ច្បាប់​។ 
 
យុវតី​ដែល​កើត​ក្នុង​គ្រួសារ​កសិករ​ និង​មាន​ម្ដាយ​ឪពុក​ជំរុញ​​ឱ្យ​កូន​ៗ​រៀន​សូត្រ​រូប​នេះ ថា​អ្វី​ដែល​ធ្វើ​ឱ្យ​នាងផ្លាស់​ប្ដូរ​​ និង​រីក​ចម្រើន​ផ្នែក​បញ្ញាស្មារតីដូច​សព្វ​ថ្ងៃ​នេះ គឺ​ការ​សិក្សា​រៀន​សូត្រ​។ នាង​ថា​ការ​សិក្សា ពុំ​មែន​សំដៅ​ដល់​តែ​ការ​ចូល​សាលា​ឡើយ ប៉ុន្តែ​ការ​រៀន​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន និង​ពី​​បញ្ហា​ផ្សេង​ៗ គឺ​ជា​ការ​រៀន​ដ៏​មាន​គុណ​ភាព​​។ 
 
នារី​ដែល​មាន​បំណង​បន្តការ​សិក្សា ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​រូប​នេះ លើ​ក​ទឹក​ចិត្ត​ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​អស់ ឱ្យ​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ ពិសេស​គឺ​ក្មេង​ស្រី​។ 
 
ម៉ារ៉ា បន្ថែម​៖«ការ​សិក្សា​អប់រំ​ពិត​ជា​មាន​សារសំខាន់​ និង​មាន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់​រូប។ ការ​រៀន​សូត្រ​ យើង​រៀន​រហូត​ដល់​ថ្ងៃ​យើង​ស្លាប់​។ មាន​តែ​ចំណេះ​ដឹង​ទេ ដែល​ធ្វើ​ឱ្យ​អនាគត​យើង​ល្អ​ប្រសើរ​។ ការ​អប់រំ​ ពុំ​មែន​សំដៅ​ដល់​តែ​ការ​រៀន​នៅ​សាលា​ប៉ុណ្ណោះ​ទេ យើង​អាច​រៀន​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​»។
 
ដោយ​សារ​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ និង​ធ្វើ​ការ​ងារ​ពាក្យ​ព័ន្ធ​នឹង ​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច កញ្ញា ណាន់​ ម៉ារ៉ា ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង ​​មាន​ឱកាសធ្វើ​ដំណើរ​ទៅ​បរទេស ដូច​ជា​ប្រទេស​ថៃ និង​ប្រទេស​ស្វីស ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម​ ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​ធ្វើ​ឱ្យ​នាង ​​យល់​ដឹង​កាន់​តែ​ច្រើ​ន​ ពី​សិទ្ធិនិង​ច្បាប់​នានា ពាក់​ព័ន្ធ​នឹង​​ជនជាតិ​ដើម​ភាគ​តិច​អន្តរជាតិ​៕ 

Tag:
 អប់រំ​ អំណាន
 ​ ជន​ជាតិ​ដើម​ភាគ​តិច​
  ច្បាប់​
  បរិញ្ញាបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com