កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន ប្រដេញពិន្ទុជាមួយព្រះខ័នរាជស្វាយរៀង ខណៈ គិរីវង់សុខសែនជ័យ រក្សាបាតតារាង
02, Oct 2023 , 12:09 pm        
រូបភាព
ការប្រកួតរវៀងព្រះខ័នរាជ ស្វាយរៀង និង ព្រៃវែង រូបពី Cambodian Premier League
ការប្រកួតរវៀងព្រះខ័នរាជ ស្វាយរៀង និង ព្រៃវែង រូបពី Cambodian Premier League
ព្រះខ័នរាជ ស្វាយរៀង ឈ្នះ ៧សប្ដាហ៍ជាប់គ្នា តាមពីក្រោយដោយភ្នំពេញក្រោយ ចំណែក គីរីវង់សុខសែនជ័យ ចាញ់៥ និងស្មើ ២ប្រកួត។ លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បាននិយាយកីឡាកររបស់លោក អាចសម្របខ្លួន និងចេះចាប់យកឱកាស សម្រាប់ជ័យជម្នះ ក្នុងជុំទី១ នៃការប្រកួត Cambodian Premier League 2023-2024។



គិតត្រឹមសប្ដាហ៍ទី៧ នៃការប្រកួត Cambodian Premier League ព្រះខ័នរាជ ស្វាយរៀង នៅតែបន្ដឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន។ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ព្រះខ័នរាជ ស្វាយរៀង បានឈ្នះ ព្រៃវែង លទ្ធផល ៥-៣។ កីឡាករ Marcus Warren Haber ខ្សែប្រយុទ្ធព្រះខ័នរាជ ស្វាយរៀង រកបាន ៣គ្រាប់ នៅនាទី២៦, ៤៣ និង៧៥ និង ២គ្រាប់ទៀតរកបានដោយ កីឡាករ Bounkong Bounhachan នៅនាទី៥១ និង៦៣។ ចំណែក ៣គ្រាប់របស់ព្រៃវែង  រកបានដោយ Takeshita Masatoshi នៅនាទី៧៩, គ្រាប់ទី២ រកបានដោយ So Omae នៅនាទី៨៥ និងគ្រាប់ទី៣ រកបានដោយ វឿន វ៉ា នាទី៩០+២។
 
ជ័យជម្នះ ៧សប្ដាហ៍ជាប់គ្នានេះ លោក Pep Munos បាននិយាយថា កីឡាកររបស់ព្រះខ័នរាជ ស្វាយរៀង បានយល់ពីរបៀបសម្របខ្លួន និងលេងជាក្រុម។ គ្រូបង្វឹករូបនេះ បន្ថែមទៀតថា កីឡាករ មានទំនុកចិត្តក្នុងការលេងរបស់ខ្លួន នៅក្នុងទីលាន។ លោក Pep Munos ចាត់ទុកនេះជាជ័យជម្នះ ដ៏ល្អនៃការប្រកួតជុំទីមួយ នៃពានរង្វាន់លីគកំពូលកម្ពុជា។
 
«ពួកយើង ធ្វើបានល្អទាំងអស់នៅគ្រប់ផ្នែក នៃការប្រកួត នៅពេលយើងគ្រប់គ្រង់បាល់ និងពេលយើងដណ្ដើមបាល់។ កីឡាកររបស់យើង លេងបានល្អ ជុំទី១ នៃលីគ ដោយពួកគេយល់ពីវា ហើយសម្របខ្លួន ទៅតាមអ្វីដែលបានរៀបចំនៅសប្ដាហ៍នេះ។ ពួកគេ សម្រេចចិត្តខ្លួនឯង បានត្រឹមត្រូវ។ អ៊ីចឹង ខ្ញុំគិតថា យើងបានគ្រប់គ្រងការប្រកួត បានយ៉ាងល្អ ជាមួយភាគរយខ្ពស់ ព្យាយាមបង្កើតចន្លោះនៅក្នុងទីលាន តាមអ្វី ដែលយើងចង់ធ្វើ វាប្រហែលជាជុំទី១ នៃលីគ មិនធ្លាប់មានពីមុន។»។ លោក Pep Munos បាននិយាយដូច្នេះ។
 
ក្នុងការប្រកួតសប្ដាហ៍ទី៧នេះ គិរីវង់សុខសែនជ័យ នៅតែរក្សាតំណែងបាតតារាង ដោយបានចាញ់ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ។ ចំណែក បឹងកេត បានយកឈ្នះ ណាហ្គាវើលដ៍ លទ្ធផល ៣-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
ដោយឡែកក្រុមការពារតំណែងជើងឯក ឆ្នាំ២០២២ ភ្នំពេញក្រោន បានយកឈ្នះ លើអង្គរថាយហ្គឺរ លទ្ធផល ៣-០ នៅកីឡដ្ឋានហុនមាន។ រីឯ កងយោធពលខេមរភូមិន្ទ ចាញ់ វិសាខា លទ្ធផល ២-០ នៅកីឡដ្ឋានព្រីនស៍។
 
គិតត្រឹមសប្ដាហ៍ទី៧ ព្រះខ័នរាជ ស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ មាន ២១ ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ១៨ ពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ ៣ ក្លិបបឹងកេត មាន ១៣ពិន្ទុ តាមប្រកៀកប្រកិត ដោយ វិសាខា ឈរលេខ៤ មាន ១២ពិន្ទុ។ រីឯក្លិបកងយោធពលខេមរភូមិន្ទ លេង៥ និង ព្រៃវែង លេខ៦ មាន ១០ពិន្ទុដូចគ្នា។ ក្លិបអាយ អេស អាយដង្កោសែនជ័យ ឈរនៅចំណាត់ថ្នាក់លេខ៧ មាន ៧ពិន្ទុ និងលេខ៨ ក្លិប ណាហ្គាវើលដ៍ មាន ៥ពិន្ទុ។ ចំណែក អង្គរថាយហ្គឺរ ឈរលេខ៩ មាន៣ ពិន្ទុ និងលេខ១០ បាតតារាង គិរីវង់សុខសែនជ័យ មាន ២ពិន្ទុ៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com