ជាតិ
ឈប់បុណ្យសរុប២២ថ្ងៃដោយមានប្រាក់ឈ្នួលក្នុងនោះចូលឆ្នាំ៤ថ្ងៃ, ភ្ជុំបិណ្ឌ៣ថ្ងៃ, អុំទូក៣ថ្ងៃ
02, Oct 2023 , 2:16 pm        
រូបភាព
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៦ ខែកញ្ញា បានចេញសេចក្តីប្រកាសស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤។



តាមសេចក្តីប្រកាស កម្មករនិយោជិត មានថ្ងៃបុណ្យសរុបចំនួន២២ថ្ងៃ ប្រចាំឆ្នាំ២០២៤ ដែលពួកគេអាចឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងនោះ៤ថ្ងៃសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៣ថ្ងៃសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនិង៣ថ្ងៃសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

អត្ថបទទាក់ទង


ថ្ងៃបុណ្យផ្សេងទៀតដែលឈប់សម្រាកមានប្រាក់ឈ្នួល ដូចជា ទិវាចូលឆ្នាំសកល, ទិវាជ័យជម្នះ៧មករា, ទិវានារីអន្តរជាតិ, ទិវាពលកម្មអន្តរជាតិ, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ, ពិធីបុណ្យវិសាខបូជា, ព្រះរាជពិធីច្រត់ព្រះនង្គ័ល, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះវររាជមាតាជាតិខ្មែរ, ទិវាប្រកាសរដ្ឋធម្មនុញ្ញ, ទិវាប្រារព្ធព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ, ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិព្រះមហាក្សត្រ និងពិធីបុណ្យឯករាជ្យជាតិ។

ចំពោះសហគ្រាស គ្រឹះស្ថានដែលអាជីវកម្មត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ការឈប់សម្រាកត្រូវមានការផ្លាស់ប្តូរវេនគ្នា ឬអនុវត្តថ្ងៃណាមួយផ្សេងទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដោយមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក។

លោក ហេង សួរ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការឈប់សម្រាកដោយផ្លាស់ប្តូរគ្នានេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអាចប្រើប្រាស់កម្មករនិយោជិតផ្សេងជាបណ្តោះអាសន្នមកជំនួសកម្មករនិយោជិតដែលបានឈប់សម្រាក៕


© រក្សាសិទ្ធិដោយ thmeythmey.com