សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការសិក្សា៖ អ្នកមានចំណូលមធ្យម៩៩ភាគរយនៅអាម៉េរិក ពិបាកទិញផ្ទះ
02, Oct 2023 , 10:19 pm        
រូបភាព
ផ្ទះលក់នៅអាម៉េរិក ។ រូបភាព ៖ AFP ។
ផ្ទះលក់នៅអាម៉េរិក ។ រូបភាព ៖ AFP ។
យោងតាមក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យ ATTOM រហូតដល់ ៩៩ភាគរយនៃការស្ទង់មតិនៅអាម៉េរិកសម្រាប់ប្រជាជនមានចំណូលមធ្យមពិបាកក្នុងការទិញផ្ទះ​ ពោលគឺតម្លៃផ្ទះលើសពីលទ្ធភាពរកចំណូលរបស់ពួកគេ។

 
ការស្រាវជ្រាវដោយក្រុមហ៊ុនទិន្នន័យអចលនទ្រព្យ ATTOM ដែលធ្វើឡើងចំនួន ៥៧៥ករណីនៅអាម៉េរិកបានរកឃើញថា ៩៩ភាគរយនៃកន្លែងទាំងនេះ មានតម្លៃផ្ទះដែលមិនអាចទិញបាន សម្រាប់ប្រជាជនអាម៉េរិករកចំណូលជាមធ្យមបានត្រឹមតែ៧១២១៤ដុល្លារក្នុងមួយឆ្នាំ។ ការសិក្សានេះធ្វើឡើងនៅទូទាំង ៥០រដ្ឋរបស់អាម៉េរិក។
 
ក្រុមហ៊ុន ATTOM កំណត់ភាពមិនអាចទិញបាននៅទីនេះ គឺសំដៅលើការចំណាយច្រើនជាង ២៨ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដើម្បីបង់ថ្លៃផ្ទះ។ ទាំងនេះរួមបញ្ចូលការទូទាត់ប្រាក់កម្ចី ការធានារ៉ាប់រងរបស់ម្ចាស់ផ្ទះ និងពន្ធលើអចលនទ្រព្យ។
 
អ្នកជំនាញបានចង្អុលបង្ហាញពីហេតុផលមួយចំនួនដែលតម្លៃផ្ទះនៅអាម៉េរិកកំពុងកើនឡើងជាបន្តបន្ទាប់ ដែលលើសពីប្រាក់ចំណូលជាមធ្យមរបស់ប្រជាជន។ ជាក់ស្តែងការប្រាក់កម្ចីទិញផ្ទះបច្ចុប្បន្ននេះបានឈានដល់ ៧ភាគរយក្នុងមួយឆ្នាំ ពោលគឺអ្នកទិញត្រូវបង់រាប់រយដុល្លារក្នុងមួយខែបន្ថែមទៀតបើធៀបពេលមុនៗ។
 
ទន្ទឹមនេះ ប្រជាជនដែលបានទិញផ្ទះក្នុងអំឡុងពេលដែលមានអត្រាការប្រាក់ទាបខ្លាំង មិនចង់លក់ផ្ទះរបស់ពួកគេដើម្បីទិញថ្មីជាមួយនឹងអត្រាការប្រាក់ខ្ពស់ជាងនោះទេ។ ដូច្នេះ​ការផ្គត់ផ្គង់​លំនៅឋាន​ដែលមាន​ស្រាប់​កាន់តែ​ខ្វះខាត​ដែល​ជំរុញ​ឱ្យ​តម្លៃ​កើនឡើង​។
 
Daryl Fairweather ប្រមុខសេដ្ឋវិទូរបស់ Redfin បាននិយាយថា អ្នកដែលចង់លក់ផ្ទះនៅពេលនេះ គឺជាអ្នកត្រូវការផ្លាស់ទីលំនៅដោយសារតែហេតុការជីវិតផ្សេងៗគ្នាដូចជាការលែងលះ មានកូនច្រើនក្នុងបន្ទុក និងមានការងារថ្មី។ លោក​បាន​បន្ត​ថា​៖ «​កង្វះ​ផ្ទះដែលមានស្រាប់​កំពុង​ជំរុញ​ឲ្យ​តម្លៃ​ឡើង​ថ្លៃ»។
 
យោងតាមសមាគមជាតិនៃក្រុមអចលនទ្រព្យអាម៉េរិក គិតត្រឹមខែសីហាតម្លៃផ្ទះជាមធ្យមតម្លៃ ៤០៧ ១០០ដុល្លារ កើនឡើង ៣,៩ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ អត្រាការប្រាក់កម្ចីទិញផ្ទះរយៈពេល ៣០ឆ្នាំជាមធ្យមគឺ ៧,១៩ភាគរយរាល់ឆ្នាំ កើនឡើងពី ៦,៤៨ភាគរយនៅដើមឆ្នាំ២០២៣ បើយោងតាមក្រុមហ៊ុនហិរញ្ញវត្ថុ ​​Freddie Mac ។ លោក Fairweather បាននិយាយថា តម្លៃផ្ទះនឹងនៅតែមិនអាចទទួលយកបាន ដរាបណាអត្រាការប្រាក់បន្តកើនឡើង។
 
ទិន្នន័យរបស់ក្រុមហ៊ុន ATTOM បន្ថែមទៅលើការសិក្សាដែលបង្ហាញពីការខ្វះខាតផ្ទះដែលមានតម្លៃសមរម្យកើនឡើង។ Dan Hnatkovskyy សហស្ថាបនិកនៃក្រុមហ៊ុនសាងសង់ផ្ទះ NewHomesMatea បាននិយាយថា ការទិញផ្ទះកំពុងក្លាយជាកិច្ចការដ៏លំបាកមួយសម្រាប់យុវវ័យ។
 
បើតាមក្រុមហ៊ុន​ ATTOM ទីក្រុងដែលមានតម្លៃផ្ទះខ្ពស់សម្រាប់អ្នកដែលមានប្រាក់ចំណូលមធ្យមរួមមាន Los Angeles, Chicago, Phoenix, San Diego និង Orange County។ ដោយឡែកនៅសង្កាត់ជុំវិញទីក្រុង Cleveland, Detroit, Houston, Philadelphia ឬ Pittsburgh មានផ្ទះដែលមានតម្លៃសមរម្យបំផុត៕
 

Tag:
 អចលនទ្រព្យ​
  អាម៉េរិក
  ​
© រក្សាសិទ្ធិដោយ thmeythmey.com