ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យមន្ត្រីជំនាញឆ្លើយតបបញ្ហា មុនសម្ដេច ចេញវិធានការ
03, Oct 2023 , 9:44 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់ឱ្យមន្ត្រីជំនាញទាំងអស់ ចេញបកស្រាយរាល់បញ្ហាដែលបានផ្ទុះឡើង មុននឹងសម្ដេចចេញមកបកស្រាយ ឬចាត់វិធានការ។ ប្រមុខរដ្ឋាភិបាល ថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី៣ តុលា។



សម្ដេច ហ៊ុន ម៉ាណែត បានពន្យល់ថា សម្ដេចមិនអាចចេញមកបកស្រាយគ្រប់បញ្ហាជំនួសមន្ត្រីជំនាញទាំងស្រុងនោះទេ។ នាយករដ្ឋមន្ត្រី បានបន្ថែមថា កិច្ចការងារខ្លះ ត្រូវការមន្ត្រីជំនាញបកស្រាយ ទើបវាល្អជាងសម្ដេច បកស្រាយ។ ម្យ៉ាងទៀត សម្ដេច ចង់ឱ្យមន្ត្រីទាំងនោះ ទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ ។
 
សម្ដេច ហ៊ុន ម៉ាណែត បានចោទជាសំនួរវិញថា តើចង់ឱ្យនាយករដ្ឋមន្រ្តី ក្លាយទៅជាអ្នកនាំពាក្យឱ្យគ្រប់អង្គភាពស្ថាប័នទាំងអស់មែនទេ? ក្នុងន័យនេះ សម្ដេច សង្កត់ធ្ងន់ថា មន្ត្រីទាំងអស់ ត្រូវតែចេញមុខបកស្រាយចំពោះបញ្ហាកើតឡើង ដោយមិនត្រូវរង់ចាំតែនាយករដ្ឋមន្រ្តី ចេញមកបកស្រាយ ឬចាត់វិធានការនោះឡើយ។
 
បញ្ហាដែលកើតឡើងនាពេលថ្មីៗនេះ មានដូចជាការរិះគន់លើការប្រមូលពន្ធមូលធន នាឆ្នាំ២០២៤ និងការសាងសងប្រាសាទ ដែលយកលំនាំតាមប្រាសាទអង្គរវត្ត នៅក្នុងវត្តមួយ ក្នុងប្រទេសថៃជាដើម។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអគ្គនាយកពន្ធដារ ចេញបកស្រាយបញ្ហាទាំងនេះហើយ ក្រោយសម្ដេច ហ៊ុន ម៉ាណែត បញ្ជា។

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com