ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យអគ្គនាយកពន្ធដារ ពិនិត្យមើលក្រមសីលធម៌មន្ត្រី ដែលចរចារកប្រាក់ក្រៅផ្លូវការ
03, Oct 2023 , 11:40 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់ឱ្យលោក គង់ វិបុល អគ្គនាយកពន្ធដារ ពិនិត្យមើលលើក្រមសីលធម៌មន្ត្រី ដែលអនុវត្តការងារ ចុះប្រមូលពន្ធពីពលរដ្ឋ និងវិស័យឯកជន។



«ខ្ញុំ (ទទួលបានព័ត៌មាន) មានប៉ុន្មានរឿងហើយ ដែលគេបានប្ដឹងមកខ្ញុំឱ្យបង បុល (អគ្គនាយកពន្ធដារ) មើលភ្លាម»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលទទួលបានព័ត៌មានពីការអនុវត្តការងារ មិនត្រឹមត្រូវរបស់មន្ត្រីពន្ធដារ។
 
បើតាមសម្ដេច ហ៊ុន ម៉ាណែត មន្ត្រីពន្ធដារ មិនបានចុះទៅប្រមូលពន្ធឱ្យបានត្រឹមត្រូវនោះទេ តែពួកគេ បានដើរតួជាអ្នកសម្របសម្រួលជាមួយម្ចាស់ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ ដើម្បីចរចារកផលប្រយោជន៍ក្រៅផ្លូវការ ដែលប្រាសចាកពីភារកិច្ចប្រមូលពន្ធ។ 
 
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី៣ តុលា ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះ៖«ពេលខ្លះ នៅតាមហ្វេសប៊ុកដែលផ្ញើមកខ្ញុំ មានមន្ត្រីមួយចំនួនតូច គាត់ធ្វើដោយចេតនា និងអចេតនា ដោយអ្នកខ្លះអនុវត្តលើស ដើម្បីចរចា(រកប្រាក់ក្រៅផ្លូវការ ដើម្បីជួយដោះស្រាយ) កុំឱ្យមានរឿងហ្នឹង»។
 
លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា មានមន្ត្រីកិច្ចសន្យាពន្ធដារម្នាក់ បានអនុវត្តនីតិវិធីលើស ដោយដើរតួនាទីជាមន្រ្តីសម្របសម្រួល ដើម្បីចរចារកប្រាក់ពីម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដែលផ្ទុយពីលក្ខខណ្ឌការងាររបស់អគ្គនាយកពន្ធដារ។ សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យអគ្គនាយកពន្ធដារបញ្ចប់កិច្ចសន្យារបស់មន្ត្រីនោះភ្លាម ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់អង្គភាព។
 
«ថ្ងៃមុន មានរឿងមួយ មន្ត្រីកិច្ចសន្យារបស់ពន្ធដារ គាត់មិនអនុវត្តតាមនីតិវិធី ហើយគាត់អនុវត្តជ្រុលទៅ គាត់មិនដើរតួជាមន្ត្រីពន្ធដារទេ គាត់ដើរតួជាមន្រ្តីភ្នាក់ងារសម្របសម្រួល រកលុយ ពីរឿងអីមួយ។ តាមពិតវាមិនមែនជាគោលការណ៍របស់ពន្ធដារទេ តែដល់ពេលគាត់ទៅធ្វើអ៊ីចឹង វាធ្វើឱ្យគេយល់ច្រឡំថាពន្ធដារដើរកៀបករគេ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា មន្ត្រីពន្ធដារ ត្រូវបំពេញការងារឱ្យបានត្រឹមត្រូវ តាមក្រមសីលធម៌ ។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ជំរុញឱ្យពង្រឹងយន្តការឆ្លើយតបជាមួយប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព, បង្កើនប្រព័ន្ធព័ត៌មានវិទ្យាជំនួសឱ្យមនុស្ស ដើម្បីឱ្យពលរដ្ឋងាយស្រួល ក្នុងការបំពេញបែបបទ និងការងារ។ ប្រមុខរដ្ឋាភិបាល ក៏បានជំរុញឱ្យអគ្គនាយកពន្ធដារ កែសម្រួលយន្តការ និងនីតិវិធី ដើម្បីផ្ដល់ភាពងាយស្រួលដល់វិស័យឯកជន។ 
 
«សូមពិនិត្យរៀបចំយន្តការឱ្យមានប្រសិទ្ធិភាព កុំឱ្យជាន់គ្នា កុំឱ្យមានពន្ធ ២ -៣តង់។ បានន័យថា មន្រ្តីពន្ធទៅធ្វើការកុំឱ្យច្រើនជាន់គ្នាពេក ហើយទុកឱ្យអ្នកណាម្នាក់ទៅធ្វើការដាច់ស្រេចទៅ ទុកឱ្យធ្វើការជាមួយវិស័យឯកជន ដើម្បីវិស័យឯកជនងាយស្រួលធ្វើការ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា ការបំពេញការងារជាន់គ្នា នឹងបង្កើតភាពស្រពិចស្រពិល ដល់ប្រជាពលរដ្ឋ៕

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
  ពន្ធដារ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com