អន្តរជាតិ
ប្រមុខការទូតជប៉ុន ប្តេជ្ញាធ្វើឱ្យជំនួបមេដឹកនាំជប៉ុន និងកូរ៉េខាងជើងកើតឡើង
03, Oct 2023 , 8:59 pm        
រូបភាព
លោកស្រី យូកូ កាមិកាវ៉ា ប្រមុខការទូតជប៉ុន។ រូបភាព AFP
លោកស្រី យូកូ កាមិកាវ៉ា ប្រមុខការទូតជប៉ុន។ រូបភាព AFP
ប្រមុខការទូតជប៉ុន យូកូ កាមិកាវ៉ា បានសន្យាធ្វើឱ្យចេញជារូបរាងជំនួបមេដឹកនាំជប៉ុន-កូរ៉េខាងជើង ដើម្បីជជែកលើប្រធានបទការចាប់ជំរិតជនជាតិជប៉ុននាពេលកន្លងមក។

 
ម្ដងហើយម្ដងទៀត នាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា បានបង្ហាញពីបំណងជាច្រើនលើកក្នុងការចង់ជួបលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងដើម្បីដោះស្រាយបញ្ហាដែលបង្អាក់ទំនាក់ទំនងមានកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល និងការចាប់ជំរិតជនជាតិជប៉ុនជាដើម។ 
 
ទើបឡើងកាន់តំណែងថ្មីៗ ប្រមុខការទូតជប៉ុន លោកស្រី យូកូ កាមិកាវ៉ា បានប្តេជ្ញាធ្វើឱ្យជំនួបមេដឹកនាំនោះកើតឡើង។ 
 
«យើងនឹងធ្វើគ្រប់យ៉ាង ដែលយើងអាចនាំជនរងគ្រោះត្រលប់មកផ្ទះឱ្យបានកាន់តែឆាប់បំផុត»។ លោកស្រីយូកូ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា។ 
 
បើតាមប្រមុខការទូតជប៉ុន លោកស្រីនឹងបន្តការប្តេជ្ញារបស់លោកនាយករដ្ឋមន្រ្តីសម្រាប់ជំនួបជាមួយលោក គីម។  លោកហ្វូមីអូ ធ្លាប់បានអះអាងថា ជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង គឺមិនភ្ជាប់ជាមួយលក្ខខណ្ឌអ្វីជាមុនឡើយ។ 
 
មិនតែប៉ុណ្ណោះ ក្នុងសុន្ទរកថានៅអង្គការសហប្រជាជាតិនៅខែកញ្ញា ប្រមុខរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូ មានឆន្ទៈ ក្នុងការស្តារទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាងឡើងវិញ ដោយផ្អែកតាមសេចក្តីប្រកាសដោយមេដឹកនាំប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០០២ កន្លងមក។
 
នៅក្នុងឆ្នាំ២០០២ នាយករដ្ឋមន្រ្តីជប៉ុន លោក Junichiro Koizumi បានបំពេញទស្សនកិច្ចនៅក្នុងព្យុងយ៉ាង និងជួបជាមួយលោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោកគីម ជុងអ៊ុន។ ក្នុងជំនួបនោះ មេដឹកនាំជប៉ុន និងកូរ៉េខាងជើង បានរៀបចំស្តារទំនាក់ទំនងឡើងវិញ ហើយជប៉ុនក៏បានផ្តល់ជំនួយសេដ្ឋកិច្ចទៅកូរ៉េខាងជើងផង។ 
 
ស្របគ្នានេះ លោកស្រីយូកូ ក៏បានលើកឡើងពីទំនាក់ទំនងជាមួយចិនផង។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសជប៉ុន បានសន្យាបន្តកិច្ចខិតខំក្នុងការថែរក្សាទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងការស្ថាបនា។ ទំនាក់ទំនងប្រទេសទាំងពីរ បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយជប៉ុនបានបញ្ចេញទឹកចម្រុះសារធាតុវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរទៅក្នុងសមុទ្រ៕

Tag:
 ជប៉ុន
  កូរ៉េខាងជើង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com