អន្តរជាតិ
ប្រវត្តិសាស្រ្ត! ប្រធានសភាអាម៉េរិក ត្រូវបានដកពីតំណែងលើកដំបូងបំផុត
04, Oct 2023 , 10:40 am        
រូបភាព
លោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក ដែលត្រូវបានដកចេញពីតំណែង។ រូបភាព AFP
លោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក ដែលត្រូវបានដកចេញពីតំណែង។ រូបភាព AFP
ប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy នៅថ្ងៃទី៣ ខែតុលា ត្រូវបានដកតំណែង ក្រោយលោកបានបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធអាម៉េរិក តាមរយៈការអនុម័តកញ្ចប់ថវិការយៈពេលខ្លី។ ក្រោយការទម្លាក់ចេញនេះ លោក McCarthy ប្រកាសមិនបន្តឈរឈ្មោះជាថ្មីឡើយ។

 
ក្នុងសំឡេងគាំទ្រ២១៦ ទល់នឹង២១០ប្រឆាំង លោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក ត្រូវបានដកចេញពីតំណែងជាផ្លូវការ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តអាម៉េរិក ដែលប្រធានសភាតំណាងអាម៉េរិក ត្រូវបានដកចេញ។ ក្នុងការបោះឆ្នោតនេះ សមាជិកសភាមកពីបក្សសាធារណរដ្ឋបានគាំទ្រចំនួន ៨សំឡេងប៉ុណ្ណោះ ពីលើបក្សប្រជាធិបតេយ្យចំនួន ២០៨សំឡេង។ 
 
«ខ្ញុំបានបំពេញការងារ តាមអ្វីដែលខ្ញុំជឿ»។ លោក McCarthy បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៣ ខែតុលា ក្រោយការបោះឆ្នោតដករូបលោក។ មិនតែប៉ុណ្ណោះ សមាជិកបក្សសាធារណរដ្ឋរូបនេះ បានបន្តថា លោកនឹងបន្តបំពេញការងាររបស់លោកទៀត តែក្នុងលក្ខខណ្ឌផ្សេង។ លោកក៏បានប្រកាសមិនឈរឈ្មោះជាថ្មីផងដែរ សម្រាប់តំណែងប្រធានសភាតំណាងនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ពាក់ព័ន្ធនឹងប្រធានសភាតំណាងបន្ទាប់ កៅអីមួយនេះ នឹងបន្តទំនេរយ៉ាងហោចណាស់ ១សប្តាហ៍។ នៅថ្ងៃទី១០ ខែតុលា សមាជិកសភាតំណាង នឹងជួបគ្នាដើម្បីជជែកពីបេក្ខជនដែលត្រូវស្នងតំណែង ខណៈការបោះឆ្នោតរើសប្រធានសភាថ្មី ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែតុលា។ 
 
លោក McCarthy ត្រូវបានដកចេញពីតំណែងដោយសារមានការមិនពេញចិត្តពីក្រុមអភិរក្សជ្រុលក្នុងចំណោមសមាជិកសភាបក្សសាធារណរដ្ឋ ពិសេសលោក  Matt Gaetz តែម្ដង។  សមាជិកសភាមកពីបក្សសាធារណរដ្ឋមាននិន្នាការប្រកាន់យកអភិរក្សនិយម ជាអ្នកស្នើឱ្យដកតំណែង ដោយចោទលោក McCarthy បានធ្វើផ្ទុយនឹងការសន្យារបស់លោក ដែលបានធ្វើឡើងមុនពេលកាន់តំណែងប្រធានសភានេះ។
 
ម្យ៉ាងវិញទៀត លោក Gaetz មិនគាំទ្រលោក McCarthy ក្នុងការឯកភាពលើសំណើកញ្ចប់ថវិការយៈពេលខ្លីសម្រាប់រដ្ឋាភិបាលអាម៉េរិករបស់ លោក ចូ បៃឌិនឡើយ។ សមាជិកសភាមកពីបក្សសាធារណរដ្ឋមាននិន្នាការអភិរក្សនិយម តែងទទូចឱ្យ រដ្ឋាភិបាលអាម៉េរិកកាត់បន្ថយការចំណាយ។
 
កន្លងមក លោក Gaetz ក៏បានជំរុញឱ្យលោក McCarthy បើកការស៊ើបអង្កេតលើលោកបៃឌិន ប្រធានាធិបតីអាម៉េរិក ពាក់ព័ន្ធនឹងអំពើពុករលួយផង ស្របពេលការបោះឆ្នោតប្រធានាធិបតីអាម៉េរិកខិតជិតមកដល់ នៅឆ្នាំ២០២៤។ ការបើកការស៊ើបអង្កេតនេះ ធ្វើឡើងចំពេលលោកដូណាល់ ត្រាំ ដែលជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីរបស់បក្សសាធារណរដ្ឋមួយរូប កំពុងមានរឿងអាស្រូវជាច្រើន។ លោក Gaetz ជាបុគ្គលមួយរូប ដែលស្និទ្ធនឹងលោកត្រាំ។ 
 
ការដកតំណែងនេះ ធ្វើឡើងក្រោយលោក McCarthy គាំទ្រកញ្ចប់ថវិការយៈពេលខ្លីសម្រាប់រដ្ឋាភិបាលសហព័ន្ធ ដែលអាចដំណើរការបានដល់ពាក់កណ្តាលខែវិច្ចិកា។ លោក Gaetz បានបង្ហាញការមិនពេញចិត្តជាមួយលោក McCarthy ឡើយ ហើយសមាជិកបក្សសាធារណរដ្ឋទាំងពីរ ក៏ប៉ះទង្គិចពាក្យសម្តីគ្នាដែរ។ លោក Gaetz បានចោទលោក McCarthy ថាបានបំពានកិច្ចព្រមព្រៀងក្នុងខែមករាកន្លងមក ដែលលោក McCarthy បានសន្យាជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាម៉េរិក។  
 
ដោយសារប្រធានសភាតំណាងត្រូវបានដក សកម្មភាពសភាតំណាងទាំងអស់ ត្រូវបានផ្អាក។ ទាក់ទិននឹងបញ្ហានេះ វាក៏ជះឥទ្ធិពលលើរដ្ឋាភិបាលសហព័ន្ធរបស់អាម៉េរិកផងដែរ ដែលអាចប្រឈមនឹងកការបិទ។ សេតវិមានអាម៉េរិក បានបង្ហាញក្តីសង្ឃឹមថា សភា នឹងចាត់វិធានការឱ្យបានរហ័សបំផុត ក្នុងការរើសប្រធានសភាថ្មី។ 
 
គួររំឭកថា លោក McCarthy ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសភាតំណាង នៅក្នុងខែមករា កន្លងទៅ ក្រោយមានការបោះឆ្នោតចំនួន ១៥លើក ក៏ដូចជាមានកិច្ចព្រមព្រៀងជាមួយសមាជិកសភាមកពីបក្សសាធារណរដ្ឋប្រកាន់និន្នាការអភិរក្សនិយម៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com