អន្តរជាតិ
ប៉ូលិសថៃ ហាមសាធាណជនចែករំលែករូបភាព និងវីដេអូពាក់ព័ន្ធការបាញ់ប្រហារនៅ Siam Paragon សមត្ថកិច្ចថៃពេលចុះទៅដល់ទីតាំងនៃការបាញ់ប្រហារនៅ Siam Paragon។ រូបថត Eleven Media Group
× ដោយគិតដល់ឯកជនភាពជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ អ្នកនាំពាក្យប៉ូលិសថៃ បានស្នើដល់សាធារណជនកុំចែករំលែករូបភាព និងឃ្លីបវីដេអូ ដែលពាក់ព័ន្ធនឹងការបាញ់ប្រហារនៅផ្សារ Siam Paragon ជាពិសេសពាក់ព័ន្ធនឹងកុមារ។
តាមការផ្សាយរបស់កាសែត The Nation ឧត្តមសេនីយ៍ Archayon Kraithong បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ និងជនរងគ្រោះដែលបានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើប Siam Paragon ក្រុងបាងកក កាលពីថ្ងៃទី៣ ខែតុលា ហើយបណ្តាលឱ្យជនបរទេស២នាក់ស្លាប់ និងមនុស្ស៥នាក់ទៀតរងរបួស។
ជាមួយគ្នានេះ អ្នកនាំពាក្យនគរបាលជាតិថៃ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម កុំចែករំលែករាល់រូបភាព និងឃ្លីបវីដេអូ ពាក់ព័ន្ធនឹងការបាញ់ប្រហារ ដែលបង្ហាញពីមនុស្សរងគ្រោះ និងរបួស។ លោកបានទាញចំណាប់អារម្មណ៍ឱ្យមនុស្សយល់ពីឥទ្ធិពលនៃរូបភាព និងវីដេអូទាំងនោះ ដែលនាំឱ្យប៉ះពាល់ដល់ក្រុមគ្រួសារជនរងគ្រោះ ជាពិសេសពាក់ព័ន្ធនឹងឯកជនភាពកុមារ។
«ហេតុការណ៍ហិង្សា តែងតែបង្កឱ្យមានកំហឹង, ភាពសោកសៅ, ការភ័យខ្លាច និងការថប់បារម្ភក្នុងចំណោមសាធារណជន។ ការចែករំលែករូបភាព ឬវីដេអូទាំងនេះ គ្មានផ្តល់ប្រយោជន៍អ្វីឡើយ ហើយថែមទាំងអាចផ្តល់ផលអវិជ្ជមានទាំងបុគ្គល និងសង្គមទាំងមូល»។ នេះបើតាមសំដីរបស់លោក Archayon ដែលត្រូវបានដកស្រង់ដោយ The Nation។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែតុលា ជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ បានបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ជាមួយនឹងកាំភ្លើងច្នៃ។ នោះជាកាំភ្លើងដែលជនល្មើសច្នៃពីកាំភ្លើងបាញ់គ្រាប់គ្មានក្បាល ទៅជាកាំភ្លើងបាញ់គ្រាប់ពិត។
ការបាញ់ប្រហារនេះ បណ្តាលជនបរទេស២នាក់ បានស្លាប់ និងធ្វើឱ្យរបួសមនុស្សចំនួន៥រូប។ តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ Samran Nuanma ជនសង្ស័យ បានទទួលការព្យាបាលផ្នែកផ្លូវចិត្ត និងបានរំលងការប្រើប្រាស់ថ្នាំព្យាបាល។
«ជាធម្មតា យើងមិនអាចចាប់ខ្លួនជនសង្ស័យទាំងរស់បានឡើយ»។ ស្នងការប៉ូលិសថៃ លោក Torsak Sukvimol បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសសម្ភាសនៅថ្ងៃទី៤ ខែតុលា ដោយបន្តថា ជនសង្ស័យ បានអះអាងថា ខ្លួនបានលឺសំឡេងនរណាម្នាក់បញ្ជាឱ្យខ្លួនបាញ់កាំភ្លើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទាក់ទិននឹងបញ្ហានេះ ស្នងការប៉ូលិសថៃ បានចាត់ទុកករណីនេះ គឺសំខាន់ និងត្រូវសិក្សាព័ត៌មានបន្ថែមពីកុមាររូបនោះ។
ហេតុការណ៍នេះ អាចជះឥទ្ធិពលអវិជ្ជមានដល់ផ្សារទំនើប Siam Paragon ដែលជាផ្សារដ៏ល្បីឈ្មោះមួយនៅថៃ ក៏ដូចជាវិស័យទេសចរណ៍ថៃ ដែលរដ្ឋាភិបាលថៃ កំពុងខិតខំទាក់ទាញទៅបរទេសខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com