កីឡាជាតិ
ជាតិ
Ochoa របស់ហ្វីលីពីន ដែលចាញ់ខាន់ ចេសា នៅស៊ីហ្គេម ឈ្នះមេដាយមាស កីឡាអាស៊ី
05, Oct 2023 , 3:58 pm        
រូបភាព
កីឡាការិនីជឺជិតស៊ូហ្វីលីពីន Margarita Ochoa ដែលធ្លាប់ចាញ់កីឡាការិនីកម្ពុជា ខាន់ ចេសា វគ្គដណ្តើមមេដាយមាសកីឡាស៊ីហ្គេម នៅកម្ពុជា ប្រជែងបានមេដាយមាសកីឡាអាស៊ី Asian Games លើកទី១៩ នៅចិន តាមរយៈការយកឈ្នះកីឡាការិនីអេមីរ៉េតអារ៉ាប់រួម នៅរសៀលថ្ងៃទី៥ ខែតុលា។


Ochoa បានឈ្នះកីឡាការិនី Balgees Abdulla របស់អេមីរ៉េតអារ៉ាប់រួម នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម។ មេដាយសំរឹទ្ធស្ទួន បានទៅកីឡាការិនីវៀតណាម និងថៃ។
 
អំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលសិទ្ធធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីខែឧសភា កន្លងទៅ កីឡាការិនី Ochoa របស់ហ្វីលីពីនរូបនេះ ធ្លាប់ចាញ់កីឡាការិនីកម្ពុជា ខាន់ ចេសា ដោយបោះបង់ការប្រកួត ក្នុងវគ្គដណ្តើមមេដាយមាសលើ​វិញ្ញាសា Ne-Waza NOGI ទម្ងន់ក្រោម៥២គីឡូក្រាម។ 
 
នៅកីឡាអាស៊ី ក្រុងហាងចូវ Ochoa បានទម្លាក់គីឡូមកក្រោម៤៨គីឡូក្រាមវិញ ហើយក៏ទទួលបានមេដាយមាសផងដែរ។ ដោយឡែក ខាន់ ចេសា ដែលធ្លាប់ជាម្ចាស់មេដាយមាសកីឡាអាស៊ីនៅឥណ្ឌូណេស៊ី ឆ្នាំ២០១៨ មិនបានទៅចូលរួមកីឡាអាស៊ីនៅចិននេះលើយ ដោយសារហេតុផលផ្ទាល់ខ្លួន។
 
គិតមកទល់រសៀលថ្ងៃទី៥ ខែតុលានេះ ហ្វីលីពីន ទទួលបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៩ ហើយ ស្របពេលកម្ពុជានៅមិនទាន់រកឃើញមេដាយណាមួយនៅឡើយ។ ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីលើកទី១៩ នៅសល់២ថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់ជាផ្លូវការ នៅថ្ងៃទី៨ ខែធ្នូ៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com